ខេត្តកណ្តាល៖ យ៉ាងហោចណាស់យុវជនចំនួន២នាក់ បានរងរបួសធ្ងន់ស្រាល ដោយសាររថយន្ត១គ្រឿងបានបើកបុកម៉ូតូ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតត្រង់ចន្លោះគីឡូម៉ែត្រលេខ៤២.៤៣ តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្អមសំណរក្រោយ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ។
សាក្សីនៅដែលឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក LEXUS៤៥០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2H.2007 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ១។ លុះដល់កន្លែងកើតហេតុក៏បានអែបឆ្វេង ក៏ជ្រុលបុកម៉ូតូ១គ្រឿងម៉ាកសង់ការ៉េ ពណ៍ក្រហម ពាក់ស្លាកលេខ តាកែវ1C.6606 ច្រាសទិសគ្នាចំពេញទំហឹង បណ្តាលឲ្យមានមនុស្សរបួសធ្ងន់ស្រាល២នាក់តែម្តង។ ភ្លាមៗនោះអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ។
តាមប្រភពពីនគរបាលបានឲ្យដឹងថា អ្នកបើករថយន្តឈ្មោះ ស៊ុន ស៊ិន ភេទប្រុស ជាមន្ត្រីនគរបាលច្រកទ្វារ។ ចំណែកអ្នកបើកម៉ូតូទី១.ឈ្មោះ អាត សាវ៉ែន ភេទប្រុស អាយុ១៧ឆ្នាំ និងទី២.ឈ្មោះ វុទ្ធី វណ្ឌី ភេទប្រុស អាយុ១៥ឆ្នាំ ទាំង២នាក់ រស់នៅភូមិ-ឃុំកើតហេតុ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅធ្វើការវាស់វែង និងបញ្ជូននជនរងគ្រោះទៅមន្ទីរពេទ្យ។ ដោយឡែករថយន្ត និងម៉ូតូ បានយកទៅរក្សាទុកនៅអធិការស្រុក រង់ចាំដោះស្រាយពេលក្រោយ ៕
ដោយ៖ សហការី