ភ្នំពេញ៖ សម្រាប់លទ្ធផលប្រកួត កីឡាប្រដាល់ដណ្ដើមខ្សែក្រវាត់ស៊ីម៉ងត៍ អូដ្ឋ និងខ្សែក្រវាត់ទីហ្វី កីឡាករ៤នាក់ សុទ្ធតែទទួលបាន៣ពិន្ទុដូចគ្នាក្រោយពី វាយផ្ដួលគូប្រកួតកាលពីថ្ងៃទី២៦ និង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅសង្វៀន ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ។
កីឡាករ ឌុម កែវដា មកពីក្លិបមកុដ រាជសីហ៍បានវាយផ្ដួលកីឡាករ ឆាយ មាស មកពីក្លិបសំរោងកោងខេត្ដបាត់ ដំបងឱ្យសន្លប់ក្នុងទឹកទី៣ ខណៈដែល កីឡាករ សេក គឹមរួន មកពីក្លិបអង្គរ មានជ័យខេត្ដសៀមរាបក៏បានវាយឱ្យ កីឡាករ ពេជ្រ ផាណុំ បោះបង់ការប្រកួត ក្នុងទឹកទី៣ដែរនៅក្នុងកម្មវិធីប្រកួត ដណ្ដើមពានរង្វាន់ជើងឯកស៊ីម៉ងត៍អូដ្ឋ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ចំពោះការប្រកួតមួយកម្មវិធីទៀត គឺ កីឡាករ គង់ ហូវ មកពីក្លិបកងពលធំ អន្ដរាគមន៍លេខ២ បានវាយឈ្នះកីឡាករ ស៊ឹម ប៊ុនឆៃ មកពីក្លិបព្រៃទទឹងខេត្ដបាត់ ដំបងដោយពិន្ទុ ។ រីឯកីឡាករ យិន បូរិន មកពីក្លិបអាស៊ីកីឡាប្រកួតឈ្នះកីឡាករ សេង ហៀង មកពីក្លិបសុភានូមានជ័យ ដោយពិន្ទុ ក្នុងកម្មវិធីកំពូលជើងឯក Tiffy Super Fight ទម្ងន់៥៧គីឡូក្រាម។
ចំពោះកម្មវិធីទី១កីឡាករ ឌុម កែវដា បច្ចុប្បន្នមាន៦ពិន្ទុនៅក្នុងដៃ ក្រោយពី វាយឈ្នះកីឡាករ ពេជ្រ ផាណុំ នៅជុំទី១ និងប្រកួតឈ្នះកីឡាករ ឆាយ មាស ជុំ ទី២ ក្នុងពូលA ។ ដោយឡែកកីឡាករ សេក គឹមរួន ក៏មាន៦ពិន្ទុនៅក្នុងដៃដែរ បន្ទាប់ពីវាយឈ្នះគូប្រកួត២នាក់កន្លង ទៅគឺលើកទី១ ឈ្នះកីឡាករ ឆាយ មាស លើក២ វាយឈ្នះកីឡាករ ពេជ្រ ផាណុំ ក្នុងទឹកទី៣ ។
ដូច្នេះនៅសប្ដាហ៍ទី៣នៃពូលA កីឡា ករសេក គឹមរួន ត្រូវជួបប្រកួតជាមួយ កីឡាករ ឌុម កែវដា ដើម្បីយកចំណាត់ ថ្នាក់លេខ១ និងលេខ២ក្នុងពូលឈានទៅ ប្រកួតវគ្គខ្វែងពូលពាក់កណ្ដាលផ្ដាច់ ព្រ័ត្រ ។
សម្រាប់កីឡាករ គង់ ហូវ និងកីឡា ករយិន បូរិន ពួកគេត្រូវឡើងទៅឈរចាំ នៅវគ្គ១៦នាក់បន្ដទៀត បន្ទាប់ពីការ ប្រកួតចម្រុះ៣២នាក់ចប់សព្វគ្រប់ ហើយនោះ ។
គួររំលឹកថា ការប្រកួត Tiffy Super Fight មានកីឡាករចូលរួម៣២នាក់ ដោយត្រូវប្រកួតតាមរូបមន្ដវិលជុំចាញ់ ធ្លាក់ ឈ្នះឈរចាំប្រកួតជម្រុះវគ្គ១៦នាក់ ដំណាក់កាលទី២ ។ នៅក្នុងការប្រកួត ខាងលើមានរយៈពេល៣ទឹក ក្នុងមួយទឹក មាន៣នាទី សម្រាក២នាទី ។ នៅថ្ងៃ ដដែលនោះដែរកីឡាករជើងចាស់ ឈាន ហុង មកពីសមាគមកីឡាប្រដាល់ក្រសួង ការពារជាតិត្រូវអាជ្ញាកណ្ដាលបណ្ដេញ ចុះពីលើសង្វៀនប្រកួតដោយសំអាងថា ឈាន ហុង បានប្រព្រឹត្ដផ្ទុះពីលក្ខខណ្ឌ របស់សហព័ន្ធកីឡាប្រដាល់ ពីព្រោះរូបគេ ប្រើស្នៀតកែងវាយថែមពីក្រោយកីឡាករ អ៊ុំ កំសត់ មកពីក្លិបព្រៃទទឹងខេត្ដបាត់ ដំបងបណ្ដាលឱ្យសន្លប់ក្នុងទឹកទី២ ៕
ដោយ៖ សារីម