រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណែនាំបន្ថែម​ ស្ដីពីការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅពេលនេះដោយសារតែបណ្តាខេត្តជាប់ដងទន្លេមេគង្គលេីបានបង្កឲ្យមាន​ការលិចលង់យ៉ាងធ្ងន់ធ្ងរ​ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃអង្គារ​ទី១០​ ​ខែកញ្ញា​ ឆ្នាំ​២០១៩​បានសម្រេចចេញសារាចរណែនាំបន្ថែម​ ស្ដីពីការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់​ ។

ខ្លឹមសារនៅក្នុងសារាចរណែរ​បស់​រាជ​រដ្ឋាភិបាល​បានបញ្ជាក់ថា​ ក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកហើយ ដែលជំនន់ទន្លេមេគង្គ បានបង្កឲ្យមានការលិចលង់យ៉ាងធ្ងន់ធ្ងរ នៅបណ្តាខេត្តស្ថិតនៅតាមដងទន្លេមេគង្គផ្នែកខាងលើ ។ បើទោះបីជាទឹកបានចាប់ផ្តើមស្រកចុះ ប៉ុន្តែការស្រកចុះនេះមានសភាពយឺត ជាក់ស្តែងខេត្តស្ទឹងត្រែង ដែលចាប់តាំងពីពេលស្រកចុះនៅយប់ថ្ងៃទី ០៦ មកដល់ព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩
មានរយៈពេល ០៤ ថ្ងៃកន្លះ ស្មើនឹង ១០៨ ម៉ោង ទឹកស្រកចុះបានត្រឹមតែ ០,៦០ ម៉ែត្រ ប៉ុណ្ណោះ ។

ការស្រកចុះយឺតនេះ គឺដោយសារបរិមាណទឹកដែលកើតឡើងដោយសារជំនន់នាពេលកន្លងមកមានបរិមាណទឹកដ៏ច្រើនលើសលប់ ទន្ទឹមនឹងភ្លើងនៅបន្តធ្លាក់ពីតិចទៅបង្គរក្នុងតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គបន្ថែមទៀត ។

យោងតាមការព្យាករលើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា ចាប់ពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩តទៅ នឹងមានប្រព័ន្ធសម្ពាធទាប (ITCZ) ថ្មីមួយកើតឡើង ហើយប្រព័ន្ធសម្ពាធទាប់នេះ នឹងរំកិលខ្លួនចុះមកក្រោម (ចន្លោះស្ទឹងត្រែង-ប៉ាក់ សេ)។

ប្រព័ន្ធសម្ពាធទាបថ្មីនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន ជម្រុញឲ្យទឹកទន្លេមេគង្គហក់ឡើងជាថ្មី ដែលធ្វើឲ្យជំនន់ឆ្នាំ ២០១៩ នេះ ចាត់ទុកចំណាត់ថ្នាក់ជាជំនន់ធំ ។

យោងលើស្ថានភាពកម្ពស់ទឹកទន្លេនាពេលបច្ចុប្បន្ន និងស្ថានភាពអាកាសធាតុ ដូចបានព្យាករណ៍ និងបញ្ជាក់ជូនខាងលើ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវបន្តបង្កើនស្មារតីប្រុងប្រយ័ត្ន និងវិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ដែលអាចនឹងកើនឡើងជាថ្មីក្នុងពេលដ៏ខ្លីខាងមុខ កាត់បន្ថយឲ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់​ ទ្រព្យសម្បត្តិ អាយុជីវិតរបស់ប្រជាពលរដ្ឋ ៕​ ដោយ​ ៖​ សុខខេមរា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print