ខេត្តកណ្តាល៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី១០ ខែកញ្ញា នេះ បានបន្តដឹកនាំក្រុម ការងារបច្ចេកទេសក្រសួង និងភាគីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការទាញយកចេញនូវសាឡង់ដឹក ខ្សាច់មួយគ្រឿងដែលបុកសសរស្ពានព្រែកតាមាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង មន្ដ្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធផងដែរ។
កាលពីថ្ងៃទី៨ ខែកញ្ញា វេលាម៉ោងប្រមាណ១៣៖៣០នាទី នៅចំណុចភូមិសាស្រ្ត ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីសាឡង់ដឹកខ្សាច់មួយគ្រឿង បើកបរដោយឈ្មោះ ភា រម្យ ភេទប្រុស អាយុ៣៩ឆ្នាំ រួមដំណើរដោយប្រពន្ធ និងកូនធ្វើដំណើរតាមបណ្តោយខ្សែទឹកពីត្បូងទៅជើង បានបើកបុកសសរស្ពានទី៨នៃស្ពានព្រែកតាមាក់ ទើរជាប់នឹងសរសេរ (ស្ថិតនៅចន្លោះសសរស្ពានសម្រាប់ធ្វើនាវាចរណ៍) ដោយសារបើកគេចពីនាវាទេសចរណ៍មួយគ្រឿងទៀតមានផ្ទុកមនុស្សច្រើនបើកបញ្ជ្រាសទិសគ្នាពីត្បូងទៅជើង ហើយត្រូវបានជួយសង្គ្រោះដោយទូកនេសាទរបស់បងប្អូនខ្មែរឥស្លាម។
បន្ទាប់ពីមានឧប្បត្តិហេតុនេះកើតឡើង នៅថ្ងៃទី៩ ខែកញ្ញា ក្រុមការងារបច្ចេកទេសជួយសង្គ្រោះរបស់ក្រសួងរួមជាមួយនឹងអាជ្ញាធរខេត្តកណ្តាល និងកំពង់ផែស្វយ័តភ្នំពេញ បានប្រជុំពិភាក្សារិះរកមធ្យោបាយ ដើម្បីទាញរំដោះយកសាឡង់នោះចេញពីជើងសសរស្ពាន ដោយប្រើនាវាសណ្តោង៣គ្រឿងក្នុងនោះ ៖ នាវាកំពង់ផែស្វយ័តភ្នំពេញចំនួន២គ្រឿង និងនាវាក្រុមហ៊ុនSovereign ចំនួនមួយគ្រឿង រួមជាមួយនាវាបូមខ្សាច់មួយគ្រឿងទៀតដើម្បីសម្រាលបន្ទុកនាវា ប៉ុន្តែដោយសារសាឡង់ដឹកខ្សាច់នោះមានទម្ងន់ធ្ងន់ពេក រួមជាមួយនឹង កម្លាំងទឹកហូរគួចខ្លាំង ប្រតិបត្តិការធ្វើឡើងនៅពេលយប់ និងស្ថានភាពមិនអំណោយផលផង ក្រុមប្រតិបត្តិការជួយសង្គ្រោះ មិនអាចទាញរំដោះយកសាឡង់ដឹកខ្សាច់នោះចេញបានទេ ហើយប្រតិបត្តិការនេះនៅបន្តឈាន ដល់ថ្ងៃនេះបន្តទៀត។
សាឡង់ដឹកខ្សាច់នោះពាក់ផ្លាកលេខ ភព៦. ៨២៦៣ សំបកដែក ម៉ាស៊ីនម៉ាកMitsubishi មានបណ្តោយ ប្រវែង៤៣.៣០ម៉ែត្រ ទទឹង៨.០៥ ម៉ែត្រ ជម្រៅផ្ទុកខ្សាច់ពេញ ២.៥០ម៉ែត្រ តាមការប៉ាន់ស្មានមានទម្ងន់ សរុបប្រហែល៨០០តោន ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ង៉ូវ ចាន់ណា បានចុះបញ្ជីការនៅក្រសួងសាធារណការ និងដឹកជញ្ជូននៅ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១០៕
ដោយ៖ ចេស្តា