ខេត្តស្ទឹងត្រែង ៖ គួរតែចងចាំទុកគ្រប់ពេលវេលាលើករណីបញ្ចូលថ្មទូរស័ព្ទហើយលើកនិយាយ ឬកាន់ចុចលេង ខណៈដៃមានជាតិសំណើម ដូចករណីនេះអ៊ីចឹង បុរសម្នាក់និយាយទូរស័ព្ទកំពុងសាកថ្មបណ្តាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ប្រកាច់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១៖៤២នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ ស្ថិតក្នុងភូមិស្ពានថ្ម ក្រុង ខេត្តស្ទឹងត្រែង។
ប្រភពនៅនឹងកន្លែងកើតហេតុបាននិយាយថា ជនរងគ្រោះបាននិយាយទូរស័ព្ទពេលកំពុងបញ្ចូលថ្ម (អគ្គិសនី) បានឆ្លងចរន្តអគីសនីឆក់ស្លាប់ភ្លាមៗ ស្របពេលកំពុងឈរនៅក្នុងទឹក ។
សមត្ថកិច្ចឲ្យដឹងថា សពឈ្មោះ ប៊ី សុខដែន អាយុ៣០ឆ្នាំ ជាមន្ត្រីបម្រើការងារនៅមន្ទីរផែនការ បានជួលផ្ទះស្នាក់នៅជាងមួយឆ្នាំមកហើយនៅទីតាំងកើតហេតុខាងលើ ។ នៅមុនពេលជនរង គ្រោះដាច់ខ្យល់ស្លាប់បានស្រែកឲ្យអ្នកជិតខាងជួយ ពេលមកដល់ឃើញជនរងគ្រោះដេកនៅក្នុងទឹក ហើយបានជួយសង្គ្រោះបឋម ក្រោយមកបានដឹកមកកាន់មន្ទីរពេទ្យ ជាអកុសលបាន ផុតដង្ហើមទៅហើយ ។
ចំពោះករណីនេះ សមត្ថកិច្ចផ្នែកធ្វើកោសល្យវិច័យពិនិត្យឃើញថា នៅក្នុងបន្ទប់ជួល ទឹកបានជន់លិចមានជម្រៅប្រមាណ៤តឹក ហើយជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីឆក់ពិតមែន ។ សព ត្រូវបានម្ចាស់ផ្ទះជួលជួយរៀបចំចាត់ចែងតម្កល់ទុក រង់ចាំក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ មាស សុផាត