ក្រុងក្រចេះ៖ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៩ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខមួយនៅប្រទេសកម្ពុជា បានបើកសម្ភោធសាខាថ្មីរបស់ខ្លួន ដើម្បីពង្រីកអាជីវកម្មក្នុងខេត្តក្រចេះ។ ការបង្កើតសាខាថ្មីមួយនេះ ក៏ដើម្បីបំពេញតម្រូវដែលកំពុងតែកើន ឡើងឥតឈប់ឈរលើសន្តិសុខហិរញ្ញវត្ថុ និងការរៀបចំគម្រោងហិរញ្ញវត្ថុរយៈពេលវែង ព្រមទាំងផ្ដល់នូវសន្តិភាពផ្លូវចិត្តដល់ក្រុមគួ្រសារក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនព្រូដិនសលកម្ពុជា បច្ចុប្បន្នមានវត្តមាននៅខេត្តក្រចេះ ខេត្តសៀមរាប ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនក៏មានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីគ្របដណ្តប់ទីក្រុងសំខាន់ៗដទៃទៀត នាពេលអនាគតផងដែរ។ផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏អាចរកបានតាមរយៈ ធនាគារអេស៊ីលីដា ដែលជាធនាគារដៃគូរបស់ក្រុមហ៊ុនចាប់តាំងពីឆ្នាំ ២០១៣ ដែលមានសាខាចំនួន ១៥៦ ទូទាំងប្រទេស។
លោក David Nutman នាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានមោទនភាពដែលក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេស និងជាក្រុមហ៊ុនដែលអតិថិជនមានជំនឿទុកចិត្តបំផុត។ យើងប្តេជ្ញាបម្រើសេចក្តីត្រូវការលើការការពារដល់ប្រជាពលរដ្ឋខ្មែរ និងជួយពួកគាត់ឱ្យសម្រេចគោលដៅហិរញ្ញវត្ថុរយៈពេលវែងរបស់ពួកគាត់ តាមរយៈការផ្តល់ជូននូវសេវាកម្មជំនាញ និងដំណោះស្រាយដ៏ល្អបំផុតរបស់យើង»។
លោកបានបន្ថែមទៀតថា៖ «ការបើកសម្ភោធសាខាថ្មីរបស់យើងនៅខេត្តក្រចេះនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការផ្ដល់ដំណោះស្រាយលើការការពារសុខភាព និងហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋទាំងអស់ មិនថា ពួកគាត់មានទីលំនៅនៅកណ្តាលទីក្រុងធំៗ រាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តដ៏ស្រស់ស្អាត ដូចជាខេត្តក្រចេះក៏ដោយ។
ថ្មីនេះៗ ក្រុមហ៊ុនព្រូដិនសលកម្ពុជា សម្រចបាននូវសមិទ្ធផលដ៏អស្ចារ្យមួយ ដែលបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅកម្ពុជា ដែលបានលក់បណ្ណសន្យារ៉ាប់រងចំនួន ២០ម៉ឺន បណ្ណ ដោយក្នុងនោះមានទឹកប្រាក់ការពារ និងសន្សំសរុបប្រមាណជាង ៤,៣ ពាន់លានដុល្លារ (គិតត្រឹម ខែមិថុនា ឆ្នាំ ២០១៩) ដែលនេះជាការឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្តលើផលិតផល និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុន។
ថ្លែងក្នុងពិធីសម្ពោធនេះ លោក អ៊ិន មាត្រា តំណាងជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកទឹកចិត្តឱ្យ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បន្តផ្តោតលើការងាររបស់ខ្លួនក្នុងប្រទេសនេះ។ លោកមានប្រសាសន៍ថាទោះបី ក្រុមហ៊ុនព្រូដិនសលកម្ពុជា ទើបតែបានចាប់ផ្តើមដំណើរការប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសនេះក្នុងឆ្នាំ២០១៣ក៏ដោយ ប៉ុន្តែ បច្ចុប្បន្នក្រុមហ៊ុនកំពុងតែនាំមុខគេក្នុងទីផ្សារនេះ។ លោកចង់សង្កត់ធ្ងន់ថា សន្តិសុខហិរញ្ញវត្ថុពិតជាសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ហើយក្រុមហ៊ុនព្រូដិនសលកម្ពុជា ផ្តល់ជូនសេវាកម្មដ៏មានអត្ថប្រយោជន៍ជាច្រើន។
វិស័យធានារ៉ាប់រង មានសមាសធាតុ២សំខាន់ៗ គឺការផ្តល់ការសន្សំសំចៃប្រាក់ និងការការពារ ដែលខុសពីវិស័យផ្សេងទៀត។
កាលពីខែមករា ឆ្នាំនេះ ក្រុមហ៊ុនព្រូដិនសល បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ We DO របស់ខ្លួន ដើម្បីណែនាំនូវទំព័រនៃការផ្សព្វផ្សាយថ្មី និងរស់រវើកនៃកិត្តិនាមដែលជាទីទុកចិត្តបំផុតរបស់ក្រុមហ៊ុន។
យុទ្ធនាការនេះផ្តោតទៅលើមូលបទមួយចំនួនដូចជា ការច្នៃប្រឌិតថ្មី ការការពារហិរញ្ញវត្ថុ និងការថែទាំសុខភាពរាងកាយ ហើយមូលបទទាំងនេះបានបង្កើតនូវការយកចិត្តទុកដាក់ជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីជួយលើកកម្ពស់សុខុមាលភាព និងបង្កើនទ្រព្យសម្បត្តិរបស់អតិថិជន៕ ដោយ វឌ្ឍនា