មូលហេតុដែលសាឡង់ដឹកខ្សាច់មួយគ្រឿង បើកបុកសសរស្ពានព្រែកតាមាក់ គឺ ដោយសារគេចនាវាទេសចរណ៍

ចែករំលែក៖

ខេត្កកណ្តាល ៖​ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន លោក គង់ វិមាន ថ្លែង ថា នៅព្រឹកព្រលឹមថ្ងៃទី១១ ខែកញ្ញា នេះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញដល់ទីតាំងកើតហេតុហើយ ដើម្បីបន្តប្រតិបត្តិការទាញយកចេញសាឡង់ដឹកខ្សាច់មួយគ្រឿងដែលបុកសសរស្ពានព្រែកតាមាក់ ។

លោក គង់ វិមាន បន្តថា ប្រតិបត្តិការដែលឈានចូលថ្ងៃទី៣ នេះ ដោយសារអាជ្ញាធរជួបការលំបាកខ្លាំង ព្រោះ​ចរន្តទឹកហូរខ្លាំង និង សាឡង់ដឹកខ្សាច់មួយនេះ មានទម្ងន់ធ្ងន់ប្រមាណ១០០០តោនឯណោះ ។ ទោះបី​ជួបបញ្ហាយ៉ាងណា ក៏ដោយ ក៏អាជ្ញាធរនៅតែបន្តការខិតខំប្រឹងប្រែង ដើម្បីទាញយកសាឡង់នេះចេញអោយបាន ដោយប្រើគ្រប់មធ្យោបាយទាំងអស់ ។

ជាមួយគ្នានេះ មូលហេតុនៃសាឡង់ដឹកខ្សាច់ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ង៉ូវ ចាន់ណា បុកសសរស្ពានព្រែកតាមាក់ នេះ គឺ លោក គង់ វិមាន ពុំទាន់អាចបញ្ជាក់ប្រាប់ពីមូលហេតុបាននៅឡើយ ខណៈលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ថ្លែងថា មូលហេតុ អាចមកពីសាឡង់នេះ គេចពីទូកទេសចរណ៍ ។

របាយការណ៍ពីក្រសួងសាធារណការ និង ដឹកជញ្ជូន បញ្ជាក់ថា មូលហេតុដោយសារបើកគេចពីនាវាទេសចរណ៍មួយគ្រឿងទៀតមានផ្ទុកមនុស្សច្រើនបើកបញ្ជ្រាសទិសគ្នា ។ ប៉ុន្តែតាមរយៈរូបភាពដែលប្រជាពលរដ្ឋ ថតបាន គឺ សាឡង់មួយនេះ មិនបានគេចពីទូកទេសចរណ៍ ទេ ដែលទំនងជាអស់សាំងទើបរលត់ម៉ាស៊ីន និង ដោយសារដឹកធ្ងន់ពេក ។

របាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា វេលាម៉ោងប្រមាណ ១៣៖៣០នាទី រសៀល នៅចំណុចភូមិសាស្រ្ត ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីសាឡង់ដឹក​ខ្សាច់​មួយគ្រឿង បើកបរដោយឈ្មោះ ភា រម្យ ភេទប្រុស អាយុ៣៩ឆ្នាំ រួមដំណើរដោយប្រពន្ធ និងកូនធ្វើដំណើរតាមបណ្តោយខ្សែទឹកពីត្បូងទៅជើង បានបើកបុកសសរស្ពានទី៨នៃស្ពានព្រែកតាមាក់ ទើរជាប់នឹងសរសេរ ស្ថិតនៅចន្លោះសសរស្ពានសម្រាប់ធ្វើនាវាចរណ៍ ដោយសារបើកគេចពីនាវាទេសចរណ៍មួយគ្រឿងទៀតមានផ្ទុកមនុស្សច្រើនបើកបញ្ជ្រាសទិសគ្នាពីត្បូងទៅជើង ហើយត្រូវបានជួយសង្គ្រោះដោយទូកនេសាទរបស់បងប្អូនខ្មែរឥស្លាម។

បន្ទាប់ពីមានឧប្បត្តិហេតុនេះកើតឡើង ក្រុមការងារបច្ចេកទេសជួយសង្គ្រោះរបស់ក្រសួងរួមជាមួយនឹងអាជ្ញាធរខេត្តកណ្តាល និងកំពង់ផែស្វយ័តភ្នំពេញ បានប្រជុំពិភាក្សារិះរកមធ្យោបាយ ដើម្បីទាញរំដោះយកសាឡង់នោះចេញពីជើងសសរស្ពាន ដោយប្រើនាវាសណ្តោង៣គ្រឿងក្នុងនោះ នាវាកំពង់ផែស្វយ័តភ្នំពេញចំនួន២គ្រឿង និងនាវាក្រុមហ៊ុនSovereign ចំនួនមួយគ្រឿង រួមជាមួយនាវាបូមខ្សាច់មួយគ្រឿងទៀតដើម្បីសម្រាលបន្ទុកនាវា ប៉ុន្តែដោយសារសាឡង់ដឹកខ្សាច់នោះមានទម្ងន់ធ្ងន់ពេក រួមជាមួយនឹង កម្លាំងទឹកហូរគួចខ្លាំង ប្រតិបត្តិការធ្វើឡើងនៅពេលយប់ និងស្ថានភាពមិនអំណោយផលផង ក្រុមប្រតិបត្តិការជួយ​សង្គ្រោះ មិនអាចទាញរំដោះយកសាឡង់ដឹកខ្សាច់នោះចេញបានទេ ហើយប្រតិបត្តិការនេះនៅបន្តឈាន ដល់ថ្ងៃនេះបន្តទៀត។

សាឡង់ដឹកខ្សាច់នោះពាក់ផ្លាកលេខ ភព៦. ៨២៦៣ សំបកដែក ម៉ាស៊ីនម៉ាកMitsubishi មានបណ្តោយ ប្រវែង៤៣.៣០ម៉ែត្រ ទទឹង៨.០៥ ម៉ែត្រ ជម្រៅផ្ទុកខ្សាច់ពេញ ២.៥០ម៉ែត្រ តាមការប៉ាន់ស្មានមានទម្ងន់ សរុបប្រហែល៨០០តោន ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ង៉ូវ ចាន់ណា បានចុះបញ្ជីការនៅក្រសួងសាធារណការ និងដឹកជញ្ជូននៅ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១០៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print