ក្រសួងធនធានទឹ ៖ ចាប់ពីថ្ងៃទី១៦-១៩ ខែកញ្ញា នឹងមានភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស ខណៈ បណ្តាខេត្តមួយចំនួនប្រឈមនឹងជំនន់ទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីដើមសប្តាហ៍ក្រោយនេះ នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណកើនឡើងជាលំដាប់ ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ដែលអាចបណ្តាលឲ្យបណ្តាខេត្តមួយចំនួនត្រូវប្រឈមនឹងជំនន់ទឹកភ្លៀងទៀតផង ខណៈបណ្តារាជធានី-ខេត្ត ដែលអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀងមាន ៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់ព្រៃវែង ស្វាយរៀង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តនៅជាប់មាត់សមុទ្រ ។

នេះបើយោងតាមការព្យាករពីក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសជូនដំណឹងបន្ថែម ស្តីពីស្ថានភាពអាកាសធាតុឲ្យដឹងនៅព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៩នេះ ខណៈសារាចររបស់រាជរដ្ឋាភិបាលលេខ ០៩ សរណន ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ណែនាំដល់បណ្តាស្ថាប័នពាក់ព័ន្ធត្រូវបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ។

ក្រុមអ្នកព្យាករបានបញ្ជាក់ប្រាប់ដោយផ្អែកលើសភាពការណ៍ជាក់ស្តែងនៃការវិវត្តអាកាសធាតុ ពាក់ព័ន្ធនឹងឥទ្ធិពល​នៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលបានអូសបន្លាយកាត់លើប្រទេស ថៃ ឡាវ និងវៀតណាម មកដល់ពេលនេះបានរំកិលចុះមកក្រោម កាត់លើកម្ពុជាក្នុងរយៈពេល០២-០៣ថ្ងៃខាងមុខនេះ ។

សេចក្តីប្រកាសជូនដំណឹងបន្ថែម ស្តីពីស្ថានភាពអាកាសធាតុខាងលើនេះ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមបានបានរកឃើញក្នុងស្ថានភាពបែបនេះធ្វើឲ្យអាកាសធាតុមានដូចខាងក្រោម ៖

១-ចាប់ពីថ្ងៃទី១៦-១៩ ខែកញ្ញា នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណកើនឡើងជាលំដាប់ ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ដែលអាចបណ្តាលឲ្យបណ្តាខេត្តមួយចំនួនប្រឈមនឹងជំនន់ទឹកភ្លៀង ។

២- ចាប់ពីថ្ងៃទី១៥-១៩ ខែកញ្ញា បណ្តារាជធានី-ខេត្តដែលអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀងមាន ៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់ព្រៃវែង ស្វាយរៀង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តនៅជាប់មាត់សមុទ្រ ។

ក្រៅពីនេះ ក្រុមការងារក្រសួងធនធានទឹកនៅតែបន្តអំពាវនាវឲ្យសាធារណជន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ ទឹកជំនន់ និងរលកសមុទ្រ ៕ ដោយ ៖ សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print