រុស្ស៊ី៖ សង្គ្រាមស៊ីរីត្រូវបានបញ្ចប់ហើយ តែវិបត្តិនៅមិនទាន់ចប់នៅឡើយទេ

ចែករំលែក៖

សារព័ត៌មាន Sputnik នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានដកស្រង់សម្តី រដ្ឋ​មន្ត្រីការពារបរទេស លោក​​ sergey lavrov ​បានបញ្ជាក់ថា សង្គ្រាមស៊ីរីបាន​បញ្ចប់​ ដោយ​ជោគជ័យ​។ ប៉ុន្តែបញ្ហាចំពោះមុខ គឺ ជាវិបត្តិដែលពិបាកនៅក្នុងការដោះស្រាយបំផុត​។
លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី ឡាវរ៉ូវ បានផ្តល់ កិច្ចសម្ភាសន៍ជាមួយកាសែត​ក្នុងស្រុក​មួយរបស់រុស្ស៊ី ថា «សង្គ្រាមនៅប្រទេសស៊ីរីពិតជាបានឈាន ទៅរកទីបញ្ចប់មួយ​ហើយ។ ប្រទេសនេះកំពុងតែឈានទៅរកភាពប្រក្រតីឡើងវិញ នោះគឺជាជីវិតប្រកបដោយ​សន្តិ​ភាព។ ដោយឡែកតំបន់ក្តៅមួយចំនួន នៅតែបន្តស្ថិតនៅក្នុងការ ប្រយុទ្ធគ្នានៅឡើយ ដូចជាខេត្តអ៊ីដលីព (Idlib) និងភាគខាងកើតទន្លេអឺប្រាត (Euphrates) ប៉ុន្តែតំបន់​ទាំង​នោះមិនស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលស៊ីរីឡើយ…»។
អ្វីដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានលើកឡើងនេះ គឺជាការអំពាវនាវ​ឲ្យសហគមន៍​អន្តរជាតិ បង្កើនការផ្តល់ជំនួយមនុស្សធម៌ទៅកាន់ស៊ីរី ដើម្បីជួយប្រ​ជាជនរាប់លាន​នាក់​ក្នុងប្រទេសនេះ ដែលកំពុងជួបការលំបាកវេទនា ដោយសារតែជីវភាពរស់នៅ និង​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានរលាយខ្ទេចខ្ទីក្នុងសង្គ្រាមជាង ៨ឆ្នាំ។ បន្ថែមពី​នេះ​លោកក៏បានរំលឹកឲ្យអន្តរជាតិ និងប្រទេសនៅក្នុងតំបន់ គួរនាំគ្នាជួយ​រក្សាសន្តិភាព​ដ៏យូរ​អង្វែងសម្រាប់ស៊ីរី ដើម្បីជាប្រយោជន៍ដល់ស្ថិរភាព នៅក្នុងតំបន់មជ្ឈិមបូព៌ា​ទាំងមូលផង​ដែរ។
សង្រ្គាមស៊ីរីបានផ្ទុះឡើងតាំងពីឆ្នាំ២០១១ ហើយវាបានធូរស្រាលខ្លាំងឈានមក​ដល់ឆ្នាំ​២០១៩ ហើយបើទោះជាការវាយប្រយុទ្ធគ្នា នៅតែបន្តកើតឡើងក៏ដោយ ក៏អ្វីដែលជា​រឿង​សំខាន់បច្ចុប្បន្ននេះ គឺស្វែងរកដំណោះស្រាយនយោបាយ និងជួយសម្រួល ដល់ការ​ធ្វើមាតុភូមិ​និវត្តន៍របស់ជនភៀសខ្លួនស៊ីរីរាប់លាននាក់ ដែលកំពុងរស់នៅបណ្តាប្រទេស​ជិតខាងដូចជាតួកគី អ៊ីរ៉ាក់ លីបង់ ហ្សកដានី និងជាពិសេសនៅទ្វីបអឺរ៉ុបតែម្តង។
គួរបញ្ជាក់ថា ស៊ីរីគឺជាប្រទេសដ៏ចំណាស់មួយនៅពិភពអារ៉ាប់ ដែលមានអរិយធម៌ជាង ៥,០០០ឆ្នាំ ហើយប្រទេសនេះនៅមុនសង្គ្រាមឆ្នាំ២០១១ ក៏មានសេដ្ឋកិច្ចរីកចំរើន​ខ្លាំងផងដែរ ដោយសារតែវិស័យទេសចរណ៍ដ៏រីកចំរើន និងការនាំចេញប្រេង​ទៅកាន់ទីផ្សារ​ពិភព​លោក ដែលស្មើនឹងជាង ២៥ភាគរយ នៃប្រាក់ចំណូលជាតិសរុបនៅឆ្នាំ២០១០ ជា​មួយ​នឹង​ប្រជាជនជាង ២០លាននាក់។ ប៉ុន្តែក្រោយកើតមានសង្គ្រាម អ្វីៗគ្រប់​យ៉ាងស្ទើរធ្លាក់ដល់ចំណុចសូន្យតែម្តង ខណៈប្រជាជនដែលបានស្លាប់ដោយសារសង្គ្រាម គិតត្រឹមឆ្នាំ២០១៨ គឺមានចំនួនជាងកន្លះលាននាក់៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print