នគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ១០នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធសកម្មភាពគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បន្តអនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ជំរុញអោយមានវិធានការ​បង្ក្រាបសកម្មភាពគ្រឿងញៀនជានិច្ច ។

កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ​​​សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ បានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ជាបន្តបន្ទាប់ ដកហូតវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់ ។

មន្ត្រីនគរបាលឲ្យដឹងថា មុនដំបូងកម្លាំងស្រាវជ្រាវរកឃើញអត្តសញ្ញាណ ហើយបានចុះមកបង្ក្រាបនៅថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង​២២៖១៥នាទី នៅចំណុចមុខហ្គារាសសាំងហុង ពៅហេងស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយឃាត់បានមនុស្ស២នាក់ ដកហូតបានថ្នាំញៀនចំនួន​០២កញ្ចប់ ទូរស័ព្ទចំនួន០២គ្រឿង ម៉ូតូ០២គ្រឿង ។

មន្ត្រីនគរបាលបន្តថា លុះដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីសួរជនសង្ស័យទាំង២នាក់ខាងលើនេះ ទើបកម្លាំងសមត្ថកិច្ចយើងបន្តឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ទៀត  ១-ឈ្មោះ អ៊ូ សុវណ្ណរ៉ាឌី ហៅ ឈាន់ នៅ ភូមិត្រពាំងត្មាត ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម , ២-ឈ្មោះ ឡុង ប៊ុនធឿន ជាតិខ្មែរ អាយុ៦២ឆ្នាំ ,៣-ឈ្មោះ​ ជា ស្រស់​  ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ ,៤-ឈ្មោះ រ័ត្ន ប្រុស​ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ ,៥-ឈ្មោះ ញឹម​ ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ ,៦-ឈ្មោះ វ៉ន ឆៃ ភេទប្រុស ជាតិខ្មែរនាក់ទាំង០៥នាក់រស់នៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ក្នុងនោះកម្លាំងដកហូតបានវត្ថុតាងថ្នាំញៀនចំនួន៤១កញ្ចប់ ទូរសព្ទ័ដៃ ០៦ គ្រឿង ម៉ូតូ០២ គ្រឿង ។

នគរបាលបន្តទៀតថា បន្ទាប់មកទៀតរហូតដល់វេលាម៉ោង១៧៖៣០នាទី ថ្ងៃខែឆ្នាំដដែល ស្ថិតនៅភូមិព្រែក​ក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល​​ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយអធិការដ្ឋានស្រុកពញាឮ បានបន្តឃាត់ជនសង្ស័យ០១នាក់ទៀត ឈ្មោះ រស់ ឌី ម៉ង ភេទ ប្រុស មានទី លំ នៅ ភូមិពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ប៉ុន្តែស្នាក់នៅបណ្តោះអាសន្ននៅភ្នំពេញ ។ ពេលនោះកម្លាំង​រឹបអូសវត្ថុតាង ថ្នាំញៀនចំនួន០៣កញ្ចប់ (ធំ២កញ្ចប់ តូច ១កញ្ចប់ )ម៉ូតូ០១គ្រឿង ទូរសព្ទ័០១គ្រឿង ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print