តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា រដ្ឋាភិបាលអាហ្វហ្គានីស្ថា និងប៉ាគីស្ថាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ បានព្រមព្រៀងបង្កើតឲ្យមានជំនួបជាមួយមន្ត្រីរដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលចិននៅខែខាងមុខនេះ ក្នុងគោលបំណងទម្លុះទម្លាយឲ្យបញ្ហាជាប់គាំងស្តីអំពីការចរចាសន្តិភាពជាមួយក្រុមឧទ្ទាមតាលីបង់ ។
ព័ត៌មានខាងលើនេះបានល្បីរន្ទឺខ្ច័រខ្ចាយបន្ទាប់ពីមេទ័ពប្រកបដោយឥទ្ធិពលរបស់ប៉ាគីស្ថាន គឺលោកឧត្តមសេនីយ Raheel Sharif បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកាប៊ូល ហើយបានជួបពិភាក្សាជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani និងនាយអគ្គសេនាធិការ Abdullah Abdullah នោះរួចមក ។
រដ្ឋាភិបាលប៉ាគីស្ថានបានរៀបចំធ្វើជាម្ចាស់ផ្ទះយ៉ាងត្រដាប់ត្រដូសដំបូងគេក្នុងកិច្ចចរចាសន្តិភាពជាមួយក្រុម ឧទ្ទាមតាលីបង់កាលពីខែកក្កដា ឆ្នាំ២០១៥ ប៉ុន្តែការពិភាក្សាស្វែងរកសន្តិភាពនេះបានជាប់គាំងភ្លាមៗ នៅពេលដែលមានការបញ្ជាក់ថា មេដឹកនាំក្រុមឧទ្ទាមតាលីបង់ Mullah Umar ដែលបានបាត់ខ្លួនជាយូរមកនោះ គឺត្រូវកងទ័ពរដ្ឋាភិបាលសម្លាប់ ។
ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ghani នាពេលថ្មីៗនេះបានជំរុញឲ្យបង្កើនទំនាក់ទំនងល្អប្រសើរជាមួយ រដ្ឋាភិបាលប៉ាគីស្ថាន ដែលគេដឹងថា ជាអ្នកឧបត្ថម្ភគាំទ្រដល់ក្រុមឧទ្ទាមតាលីបង់ជាប្រវត្តិសាស្ត្រនោះ ក្នុងគោលបំណងឲ្យមានការចាប់ផ្តើមការចរចាសន្តិភាពជាមួយក្រុមឧទ្ទាមឡើងវិញ ។
ខុទ្ទកាល័យប្រធានាធិបតីអាហ្វហ្គានីស្ថានបានចេញសេចក្តីប្រកាសព័ត៌មានថា ភាគីទាំងពីរបានយល់ព្រមឲ្យមានជំនួបដំបូងគេមួយសិនរវាងអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន អាមេរិក និងចិន ដែលនឹងត្រូវធ្វើឡើងនៅក្នុងខែមករា ឆ្នាំ២០១៦ខាងមុខនេះ ហើយបន្ទាប់មកគឺជាមាគ៌ាយ៉ាងសំខាន់មួយដើម្បីរកដំណោះស្រាយសន្តិភាព។
លោក Asim Bajwa អ្នកនាំពាក្យកម្លាំងយោធាប៉ាគីស្ថានបានថ្លែងតាមប្រព័ន្ធទំនាក់ទំនងសង្គមធ្វីតធើថា ជំនួបខាងលើនឹងចាប់ផ្តើមនៅសប្តាហ៍ដំបូង ក្នុងខែមករា ឆ្នាំ២០១៦ ប៉ុន្តែទោះបីយ៉ាងណា គេនៅមិនទាន់ដឹងពីរបៀបវារៈនៅឡើយទេ ។ ក្រុមឧទ្ទាមតាលីបង់ក៏មិនបានធ្វើអត្ថាធិប្បាយបែបណាជុំវិញករណីនេះផងដែរ ខណៈដែលពេលថ្មីៗកន្លងមកនេះ ក្រុមឧទ្ទាមតាលីបង់បានបង្កើនសកម្មភាពវាយប្រហារភេរវកម្មដោយគោលដៅទៅលើកងកម្លាំងរដ្ឋាភិបាល និងកម្លាំងទាហានបរទេស ។
កម្លាំងទាហានអាហ្វហ្គានីស្ថានបានបើកយុទ្ធនាការបោសសម្អាតក្រុមឧទ្ទាមតាលីបង់ ហើយជាលទ្ធផលបានដណ្តើមគ្រប់គ្រងដែនដីភាគច្រើនពីកណ្តាបដៃក្រុមភេរវករ ជាពិសេសស្ថិតនៅក្នុងតំបន់សម្បូរចម្ការអាភៀន ក្នុងស្រុក Sangin ភាគខាងជើងខេត្ត Helmand ។ ក្រុមសង្កេតការណ៍មានមើលឃើញថា ការបង្កើនសកម្មភាពរបស់ក្រុមឧទ្ទាមតាលីបង់នៅពេលនេះ គឺគោលដៅទាមទារនូវអ្វីដែលពួកគេចង់បានឲ្យកាន់តែច្រើនឡើងបន្ថែមទៀត នៅអំឡុងជំនួបពិភាក្សាស្តីអំពីសន្តិភាពកើតឡើងនោះ ។
ដំណើរទស្សនកិច្ចរបស់មេទ័ពប៉ាគីស្ថានទៅកាន់ទីក្រុងកាប៊ូលនោះ កើតឡើងបន្ទាប់ពីការពិភាក្សាគ្នារវាងលោកប្រធានាធិបតីអាហ្វហ្គានីស្ថាន Ghani នឹងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ណាវាស់ សារីហ្វ កាលពីសប្តាហ៍ថ្មីៗកន្លងមកនេះ ក្នុងគោលដៅត្រួសត្រាយផ្លូវមានអាជ្ញាកណ្តាលនៅក្នុងការចរចាជាមួយក្រុមឧទ្ទាម ។
អាហ្វហ្គានីស្ថានបានមើលឃើញថា ប៉ាគីស្ថានជាអ្នកផ្តល់ជំនួយយ៉ាងសំខាន់នៅក្នុងការនាំក្រុមតាលីបង់ឲ្យវិលត្រឡប់មកចូលតុចរចា ។ ប៉ុន្តែទោះបីបែបណា ក្រុមអ្នកវិភាគបានមើលឃើញថា បញ្ហាសន្តិភាពហាក់ដូចជានៅលើផ្លូវមួយដ៏វែងឆ្ងាយ ។
កាលពីដើមខែនេះ ប្រធានស៊ើបការណ៍សម្ងាត់របស់អាហ្វហ្គានីស្ថាន គឺលោក Rahmatullah Nabil បានលាឈប់ពីតួនាទីរបស់ខ្លួន ដោយសារតែនយោបាយការទូតរបស់លោក Ghani ជាមួយរដ្ឋាភិបាលប៉ាគីស្ថាន។ ការលាលែងតំណែងនេះផងដែរក៏បានធ្វើឲ្យមានផលវិបាកចំពោះលោក Ghani ដែលកំពុងប្រឈមមុខខ្លាំងក្នុងបញ្ហាទំនាក់ទំនងជាមួយប្រទេសជិតខាង ហើយដែលមានការស្តីបន្ទោសអំពីការដែលចីញ្ចឹមដល់ក្រុមឧទ្ទាមតាលីបង់នោះផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត