ខ្យល់ព្យុះ និងទឹកជំនន់បានវាយប្រហារនៅភាគខាងត្បូងអាមេរិក ភាគអាគ្នេយ៍ និងនៅ Midwest ក្នុងឱកាសប្រារព្ធពិធីបុណ្យគ្រីស្ទមាស់នៅអាមេរិកនោះបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៤៣នាក់ ធ្វើឲ្យអគាររាប់សិបខ្នងត្រូវលិចលង់ និងធ្វើឲ្យរាំងស្ទះដល់ការចរាចរណ៍ដឹកជញ្ជូនទំនិញផ្សេងៗផងដែរធ្វើឲ្យខាតបង់ទឹកប្រាក់សិបលានដុល្លារ ។
អាកាសធាតុមិនអំណោយផលធ្វើឲ្យរដ្ឋ Missouri និង New Mexico ត្រូវប្រកាសចាត់ទុកជាតំបន់ស្ថិតនៅក្នុងសភាពអាសន្ន ។ នៅតំបន់ Missouri និង Illinois គ្រោះទឹកជំនន់បានបណ្តាលឲ្យមនុស្សរហុតដល់១៣នាក់បាត់បង់ជីវិត ។
ក្រុមសង្គ្រោះបន្ទាន់បានជម្លៀសពលរដ្ឋជាច្រើននាក់ចេញពីលំនៅឋានរបស់ខ្លួន ។ ក្រុមជួយសង្គ្រោះបានប្រើប្រាស់ទូកនៅក្នុងការជួយសង្គ្រោះពលរដ្ឋរងគ្រោះផងដែរ ។
នៅតំបន់ Nixon អាជ្ញាធរនៅក្នុងតំបន់នេះបានប្រកាសឲ្យស្ថិតក្នុងគ្រាអាសន្ន ដោយសារថា ភ្លៀងធ្លាក់ខ្លាំងនៅតែបន្តកើតឡើងឥតឈប់ បង្កឲ្យទឹកជំនន់ពាសពេញតំបន់ទាំងមូល ហើយកាន់តែអាក្រក់ខ្លាំងឡើង ។
ទឹកជំនន់បានកួចយករថយន្តក្មេងជំទង់៣នាក់ និងកុមារ២នាក់ក្នុងរថយន្ត ស្ថិតនៅជិត Patoka រដ្ឋ Illinois ចម្ងាយ៨៥គីឡូម៉ែត្រកាលពីចុងសប្តាហ៍មុន ។ រីឯនៅក្នុងរដ្ឋ Texas ឯណោះវិញ មនុស្ស១១នាក់បានបាត់បង់ជីវិតស្ថិតនៅតំបន់ Dallas កាលពីចុងសប្តាហ៍កន្លងមកនេះដោយសារតែខ្យល់ព្យុះដែលមានកម្លាំងខ្លាំងបក់បោកក្នុងល្បឿន៣២២គីឡូម៉ែត្រក្នុងមួយម៉ោងវាយប្រហារភូមិភាគ Garland ។ ខ្យល់ព្យុះនេះបានកួចទាំងរថយន្ត ទាំងមនុស្សទៅជាមួយផងបណ្តាលឲ្យបាត់បង់ជីវិត៨នាក់ ។
អ្នកនាំពាក្យស្នងការប៉ូលិសប្រចាំនៅ Garland បានថ្លែងថា វាពិតជាមានការលំបាកខ្លាំងណាស់ចំពោះខ្យល់ព្យុះដ៏កាចសាហាវនេះដែលកើតឡើងក្រោយថ្ងៃបុណ្យគ្រីស្ទមាស់នោះ ។ មនុស្ស៣នាក់ត្រូវរាយការណ៍ថាបានបាត់បង់ជីវិត នៅតំបន់ Dallas ជាប្រជុំជានទី៤របស់អាមេរិកដែលមានមនុស្សប្រមាណ៧លាននាក់រស់នៅ ។
ក្រុមអាកាសធាតុបានបញ្ជាក់ថាខ្យល់ព្យុះនេះមានកម្លាំងខ្លាំងមិនធ្លាប់កើតមាននោះឡើយ ។ កាលពីថ្ងៃទី២៧ ខែធ្នូ ខ្យល់ព្យុះ៣បានកើតឡើងនៅក្នុងតំបន់ Arkansas នោះ ។ ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិត ឬខូចខាតទ្រព្យសម្បត្តិនោះឡើយ ។ ក្រុមអាកាសធាតុបានចេញសេចក្តីព្រមានដល់ពលរដ្ឋរស់នៅក្នុងរដ្ឋ Texas, Louisiana, Oklahoma និង Mississippi ឲ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់បណ្តាលមកពីបញ្ហាគ្រោះធម្មជាតិនេះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត