ខេត្តកណ្តាល៖ កម្មការិនីចំនួន ៥នាក់ក្នុងចំណោម២០នាក់រងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករបើកបុករថយន្តកុងតឺន័ពីក្រោយ ដោយឡែករថយន្តដឹកកុង តឺន័របើកគេចបាត់ ។
ករណីគ្រោះថ្នាក់ចរាចរនេះបាន កើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៤-២៦ ភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តដឹកកម្មករដែលជួបគ្រោះ ថ្នាក់ម៉ាក ទីតាន់ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2AD-1506 បើកបរដោយឈ្មោះដា វិចិត្រ ភេទប្រុស អាយុ២៥ ឆ្នាំ មានស្រុកំណើត ស្រុកពាមជរ៍ ខេត្តព្រៃវែង សព្វថ្ងៃបើកបររថយន្តដឹកកម្មករអោយរោងចក្រកាត់ដេរ មានទីតាំងស្ថិតនៅភូមិទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ដោយឡែករថយន្តដឹកកុងតឺន័រមិនស្គាល់អត្តសញ្ញាណឡើយក្រោយកើតហេតុបើកគេចបាត់ ។
សាក្សីឃើញហេតុការណីបានអោយដឹង ថា មុនពេលគ្រោះថ្នាក់រថយន្តកុង តឺន័រ២-៣គ្រឿងបើកបន្តកន្ទុយគ្នាក្នុងទិសដៅពីភ្នំពេញទៅកៀនស្វាយ ដោយឡែករថយន្តដឹកកម្មករបើកនៅពីក្រោយពោលគឺស្របទិសគ្នា ។ មកដល់ចំនុចគ្រោះថ្នាក់រថយន្តកុងតឺន័រដែលបើកនៅពីបានជួបឧបសគ្គហើយជាន់ហ្វ្រាំងបង្ខំ គ្រានៅរថយន្តដឹកកម្មករ ជាន់ហ្វ្រាំងដែរតែមិនស៊ីក៍ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយបណ្តាលអោយកម្មការិនីចំនួន៥នាក់រងរបួសស្រាល ដោយ ឡែក១៥នាក់ទៀតស្រែកឡើងផ្អើលអ្នកភូមិ ។ ក្រោយកើតហេតុរថយន្តដឹកកុងតឺន័របើកគេចបាត់ បន្សល់ទុតែរថយន្តដឹក កម្មករនៅកន្លែងកើតហេតុ រងនូវការខូចខាតផ្នែកខាងមុខ ។
អ្នកបើករថយន្តដឹកកម្មករឈ្មោះដា វិចិត្រ បានប្រាប់ថា ដោយសារអ្នកបើករថយន្តកុងតឺន័រជាន់ហ្វ្រាំងបង្ខំ ធ្វើអោយរូបគេជាន់ហ្វ្រាំងដែរ តែមិនសូវស៊ីក៍ជ្រុលល្បឿនទៅបុករថយន្តដឹកកុងតឺន័រពីក្រោយតែម្តង ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមិន បានឃាត់ខ្លួនអ្មកបើកបររថយន្តដឹកកម្មករនោះទេ ព្រោះកម្មករ កម្មការិនីដែលជិះនៅលើរថយន្តមិនបានដាក់ពាក្យបណ្តឹងដោយគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ មួយផ្នែកទៀតមិនមានប៉ះពាល់ ដល់អ្នកដំណើរផ្សេងឡើយ ហើយអ្នកបើកបររថយន្តជាអ្នកធានព្យាបាលដល់កម្មករដែលរងរបួស ទើបសមត្ថកិច្ចមិនយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ៕
ដោយ៖ សណ្តោស