ភ្នំពេញ ៖ សិស្សនិទ្ទេស A ចំនួន ៨រូប ក្នុងខណ្ឌច្បារអំពៅ បានទទួលរង្វាន់លើកទឹកចិត្តពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក្រោយពីពួកគេបានប្រឡងទទួលជ័យលាភី ក្នុងកំរិតមធ្យមសិក្សាទុតិយភូមិ កាលពីពេលថ្មីៗកន្លងមកនេះ ដែលម្នាក់ៗទទួលបានកុំព្យូទ័រ លេបថប់ ១គ្រឿង ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ទាំង០៨រូប ព្រឹកថ្ងៃទី១៦ ខែកញ្ញា អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានកោតសរសើដល់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលនិទ្ទេសA ទាំង៨រូប ទាំងនេះ គឺវាផ្តើមចេញពីការខិតខំរបស់ប្អូនៗ និងពីការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ បានល្អ ផងដែរ។ លោកអភិបាលខណ្ឌ បានបន្តថា៖ ប្អូនៗទាំងអស់គ្នាគឺជានិមិត្តរូបរបស់ខណ្ឌ សម្រាប់ប្អូនៗជំនាន់ក្រោយ យកធ្វើជាគំរូ និងរៀនសូត្រតាម ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួន ឲ្យរៀនពូកែដូចពួកប្អូន ។ មិនត្រឹមតែប៉ុណ្ណោះ ប្អូនៗគឺជាធនធានមនុស្ស ដែលសង្គមត្រូវការបំផុត សូមប្អូនៗ និងក្មួយៗ ត្រូវប្រឹងប្រែងរៀនសូត្របន្ត នៅថ្នាក់មហាវិទ្យាល័យ ដើម្បីលើកមុខមាត់ និងកិត្តយសរបស់គ្រួសារ ជាបន្តទៀត ។
សូមបញ្ជាក់ថា នៅក្នុងខណ្ឌច្បារអំពៅ សិស្សនិទ្ទេស A ចំនួន ០៨រូបនេះ មកពីវិទ្យាល័យច្បារអំពៅ ៤រូប , សាលាប៊ែលធី ១រូប. និងសាលាវេស្ទឡាញ ចំនួន២រូប និងសាលាហ៊ែបភីចាន់ដារ៉ា ១រូប ។ ជាមួយគ្នានេះ លោក អភិបាលខណ្ឌ ក៍លើកឡើងផងដែរ ដែលទាក់ទងទៅនឹងចំណេះដឹងទូទៅ និងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាក្ដីព្រួយបារម្ភ ដោយសូមអោយប្អូនៗបង្កើនការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរទៅមក ក្នុងការគោរពច្បាប់ចរាចរណ៍ យោគយល់ អធ្យាស្រ័យ គោរពគ្នាក្នុងពេលធ្វើដំណើរ។
ជាពិសេស គឺបញ្ហាគ្រឿងញៀន សូមប្អូនកុំប្រើប្រាស់ឲ្យសោះ វានឹងទាញប្អូនៗ ឲ្យខូចអនាគត និងសង្គមអាប់អួរ ហើយសូមប្អូនៗ កុំអស់សង្ឃឹម គឺត្រូវបោះជំហានទៅមុខបន្តិចទៀត ប្អូននឹងដល់គោលដៅ ជាមិនខាន។ ប្អូនកុំគិតថា យើងជាកូនចៅអ្នកក្រ យើងគ្មានបក្សពួកខ្សែស្រឡាយ មិនអាចធ្វើការធំដុំ បានឲ្យសោះ រដ្ឋាភិបាល បានកំពុងផ្ដល់ឳកាស ដល់យុវជនជំនាន់ក្រោយច្រើនណាស់ (ទាំងក្របខណ្ឌរាជការ និងមុខងារនយោបាយ) តែប្អូនៗ គប្បីមានសមត្ថភាព មានបទពិសោធន៍ មានទំនាក់ទំនងល្អនឹងបុគ្គលដទៃ ធ្វើឲ្យគេមានទំនុកចិត្តនោះ ឱកាសការងារតូចធំនឹងទទួលបាន៕សណ្តោស