ខេត្តបាត់ដំបង ៖ មានប្រជាពលរដ្ឋប្រហែល៣នាក់ត្រូវដីភ្នំរអិលបាក់សង្កត់លើ នៅវេលាម៉ោង១២ថ្ងៃរៀលថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៩ នៅក្បែរជើងភ្នំមួយកន្លែងស្ថិតក្នុងភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត តែមានម្នាក់បានរត់ចេញរួចពីកន្លែងកើតហេតុនៅសល់២នាក់ទៀតមិនដឹងយ៉ាងណានោះទេ ។ ជនរងគ្រោះដែលរតើរួចនោះ ឈ្មោះព្រិន កុសល អាយុ២៥ឆ្នាំ ជាកសិកររស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
បុរសនេះត្រូវបានបញ្ជូនទៅសង្គ្រោះបឋមនៅមណ្ឌលសុខភាពតាតោក ហើយពេលនេះត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅមណ្ឌលសុខភាពតាសាញ ។ បើតាមជនរងគ្រោះបាននិយាយប្រាប់ថា នៅពេលកើតហេតុ រូបគាត់និងមនុស្ស២នាក់ទៀតដែលកំពុងធ្វើចំការនៅចង្កេះភ្នំទីនោះ ក៏ស្រាប់តែមានភ្លើងធ្លាក់ធ្វើឲ្យបាក់ដីភ្នំនិងដើមឈើរអិលមកសង្កត់ពួកគាត់តែម្ដង។ គាត់និយាយទៀតថា ពេលនោះ គាត់បានព្យាយាមរត់រួចយ៉ាងប្រផុតប្រផើយ តែត្រូវឈើវាយឲ្យរបួសពេញខ្នង និងបាក់ឆ្អឹងដងកាំបិតម្ខាង តែចំពោះមនុស្ស២នាក់ទៀតមិនដឹងយ៉ាងណានោះទេ។ ព្រោះពេលនោះ គាត់នៅឆ្ងាយពីគ្នាដែរ។
លោកប្រាក់ សុខនាង គ្រូពេទ្យប្រចាំមណ្ឌលសុខភាពតាសាញ បានប្រាប់ថា ថា ជនរងគ្រោះឈ្មោះព្រិន កុសល ពេលនេះកំពុងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ ហើយបើតាមការពិនិត្យបឋម ជនរងគ្រោះស្នាមរបួសពេញខ្លួន និងមានស្នាមប៉ោងឆ្អឹងដងកាំបិតម្ខាងសង្ស័យបាកឆ្អឹង ។ ជនរងគ្រោះប្រាប់ថា នៅមានជនរងគ្រោះ២ នាក់ទៀត ទំនងអាចជាប់នៅក្នុងផ្ទាំងថ្មឬគំនរដីនិងព្រៃដែលហូរបាក់រអិលពីលើភ្នំ ព្រោះពេលនោះគាត់រត់រួចមកមុន ។ ប៉ុន្តែក្រុមជួយសង្គ្រោះរបស់អាជ្ញាធរស្រុកកំពុងទៅកាន់ទីនោះហើយ ដោយដុតដៃដុតជើងសង្រ្គោះមនុស្ស២នាក់នេះ ៕