កូរ៉េខាងត្បូង ជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទីបួន នៅអាស៊ី មិនធ្លាប់នាំចូលផលិតផលសាច់ជ្រូក ឬសត្វជ្រូករស់ពីប្រទេសចិននោះទេ ដោយសារតែប្រវត្តិ នៃការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។ ភាគច្រើន ប្រទេសកូរ៉េខាងត្បូង តែងតែនាំចូលជ្រូកពីសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ហើយការនាំចូលសាច់ជ្រូកទាំងនោះ មានប្រហែលតែមួយភាគបី នៃការផ្គត់ផ្គង់សាច់ជ្រូកសរុបរបស់ប្រទេសនេះ ។យោងតាមស្ថិតិ ប្រទេសកូរ៉េខាងត្បូង មានសត្វជ្រូក សរុប ប្រហែល ១១,៣លានក្បាល។ បើតាមទិន្នន័យគយ កាលពីឆ្នាំ២០១៨ កូរ៉េខាងត្បូង បាននាំចូលសាច់ជ្រូកជាង ៥៧០.០០០ តោន។
ក្រសួងកសិកម្ម នៃប្រទេសកូរ៉េខាងត្បូង បានប្រកាស នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ថា ប្រទេសកូរ៉េខាងត្បូង បានបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្ពស់បំផុត អំពីជំងឺសត្វ បន្ទាប់ពីការផ្ទុះឡើងដំបូងនូវជំងឺប៉េស្តជ្រូកអាហ្រ្វិក នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង នៅក្នុងទីក្រុង Paju ជិតព្រំដែន រវាងប្រទេសកូរ៉េទាំង២។
ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ បានផ្ទុះឡើង នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយរហូតមកដល់ពេលនេះ គឺមិនដល់ពេលមានរយៈពេលប្រហែលតិចជាង៤ខែ បន្ទាប់ពីកូរ៉េខាងជើង បានបានផ្ទុះនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ដំបូងគេ កាលពីចុងខែឧសភា ឆ្នាំ២០១៩ ។
លោក Kim Hyeon-soo រដ្ឋមន្រ្តីក្រសួងកសិកម្មកូរ៉េខាងត្បូង បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃអង្គារ (១៧ កញ្ញា) នេះថា ក្រៅពីការបង្កើនកម្រិតប្រកាសអាសន្ននោះ សត្វជ្រូកជិត៤០០០ក្បាលនឹងត្រូវសម្លាប់ចោល ដើម្បីទប់ស្កាត់ ឬបង្ការកុំឲ្យជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ឆ្លងរីករាលដាលធ្ងន់ធ្ងរជាងនេះ។លោក Kim បានបន្ដថា «យើងនឹងខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីបញ្ឈប់ការរីករាលដាលនូវជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិកនេះ តាមរយៈវិធានការផ្សេងៗ ដូចជា ការលាងសម្អាតអនាម័យឲ្យបានឆាប់រហ័សជាដើម” ។
លោកបានបន្តថា ក្រសួងកសិកម្មបានបញ្ជាឱ្យផ្អាកការចល័តទូទាំងប្រទេស ទាំងសត្វជ្រូកព្រៃ ជ្រូកស្រុក និងបសុសត្វដែលពាក់ព័ន្ធទាំងអស់ ក្នុងរយៈពេល៤ ម៉ោង។ វិធានការនេះ ដើម្បីទប់ស្កាត់នូវការរីករាលដាលវីរុសប៉េស្តជ្រូកអាហ្វ្រិក ខណៈក្រសួងកសិកម្ម បាន និង កំពុងស្វែងរកប្រភពដើម នៃមេរោគនេះនៅឡើយ ។
ប៉េស្តជ្រូកអាហ្រ្វិក គឺជាជំងឺឆ្លងយ៉ាងខ្លាំង ហើយវាអាចបណ្តាលឱ្យជ្រុកងាប់យ៉ាងឆាប់រហ័សដល់ហ្វូងសត្វជ្រូក។ ជំងឺនេះតែងតែកើតឡើង ក្នុងចំណោមសត្វជ្រូកចិញ្ចឹម និងសត្វជ្រូកព្រៃ។ ប៉ុន្ដែបច្ចុប្បន្ននេះ គេមិនមានថ្នាំវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះឡើយ។ ទោះជាយ៉ាងណា ជំងឺនេះមិនប៉ះពាល់ដល់ខុសភាពរបស់មនុស្សនោះឡើយ។
ការឆ្លងជំងឺផ្តាសាយជ្រូកអាហ្វ្រិកដំបូង នៅតំបន់អាស៊ីបូព៌ា បានកើតឡើង នៅក្នុងប្រទេសចិន កាលពីដើម ខែសីហា ឆ្នាំ ២០១៩ ។ ចាប់តាំងពីពេលនោះមក ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានបន្ដរីករាលដាលពាសពេញប្រទេសចិន ហើយបន្ដឆ្លងទៅដល់ប្រទេសវៀតណាម និងហ្វីលីពីន ថែមទៀត។
បើទោះជាពេលនេះ គេត្រូវគេចាត់ទុកថា នេះជាលើកទី១ ដែលជំងឺផ្តាសាយជ្រូកអាហ្វ្រិក បានកើតឡើង នៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏ដោយ ក៏ប៉ុន្តែជំងឺដែលឆ្លងរាលដាលតាមតាមរយៈមាត់ និងជើងសត្វដែលប៉ះពាល់គ្នានោះ ត្រូវបានគេបញ្ជាក់ថា ធ្លាប់បានកើតឡើងម្តងរួចមកហើយ កាលពីខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង នៅប្រទេសកូរ៉េ។ នេះក៏ជាករណីដំបូងគេបំផុត ត្រូវបានរកឃើញ នៅក្នុងប្រទេសនេះ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧ រហូតមក ៕