អភិបាលខណ្ឌច្បារអំពៅ ដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសង្កាត់ជាប់មាត់ទន្លេ

ចែករំលែក៖

ភ្នំពេញៈ ស្របពេលដែលទឹកទន្លេបាសាក់និងទន្លេមេគង្គមានការឡើងខ្ពស់រដ្ឋបាលខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញបានយកចិត្តទុកដាក់តាមដានពីស្ថានភាពទឹកជាប្រចាំខ្លាចក្រែងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋលិចលង់ផលដំណាំ និងលំនៅដ្ឋាន ជាពិសេសត្រៀមបង្ការជួយសង្គ្រោះនិងជន្លៀចប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ។

ដោយឡែកនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដឹកនាំមន្ត្រីក្រុមការងារជិះអូប័រតាមដងទន្លេមេគង្គនិងទន្លេបាសាក់ចុះពិនិត្យស្ថានភាពភូមិសាស្ត្រសង្កាត់នៅជាប់ដងទន្លេដើម្បីមានវិធានការជួយសង្គ្រោះប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ។

ក្នុងដំណើរចុះបេសកកម្មលើផ្ទៃទឹកដើម្បីពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅប្របមាត់ទន្លេនេះដែរលោកអភិបាលខណ្ឌបានណែនាំដល់ចៅសង្កាត់ទាំងអស់ត្រូវតាមដានស្ថានភាពទឹកជាប្រចាំ និងដាក់កម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ។

ដោយឡែកនៅតាមមណ្ឌលសុខភាពទាំងអស់ត្រូវមានគ្រូពេទ្យប្រចាំការជាប់ជានិច្ចដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋខ្លាចក្រែងមានហេតុការសត្វអសិរពិសចិក ទិច និងខាំ ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះដែរលោកអភិ​បាលខណ្ឌក៍បានអំពាវនាវដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពរស់នៅក្នុងក្រុមគ្រួសារ ជាពិសេសកូនតូចៗ មិនត្រូវអោយលេងទឹកនោះឡើយ ខ្លាចក្រែងលង់ទឹក បង្កគ្រោះថ្នាក់ដល់អាយុ ជីវិត ។ ថ្វីត្បិតតែអាជ្ញាធរដាក់កម្លាំងប្រចាំការដើម្បីជួយអន្តរាគមន៍ជាប្រចាំក៍ដោយ តែសូមអោយបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយខ្លួនឯង ទើបក្នុងក្រុមគ្រួសារមានសេចក្តីសុខ ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print