ខេត្តកណ្ដាលៈ ម៉ូតូម៉ាកសង់កូរ៉េមួយគ្រឿង បើកល្បឿនលឿនបានរេចង្កូតទៅឆ្វេងចូលគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ូគីស្មាស់ពេញមួយទំហឹង បណ្ដាលឲ្យយុវជនម្នាក់ជាអ្នកបើកបរម៉ូតូស្មាស់ដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខាងមុខវិទ្យាល័យហ៊ុនសែនតាខ្មៅ លើកំណាត់ផ្លូវជាតិ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ម៉ង់ សិរី ភេទប្រុស អាយុ២៤ឆ្នាំ មានទីនៅភូមិចេក ឃុំឈើទាល ស្រុកស្វាយរៀង ខេត្តស្វាយរៀង បើកបរម៉ូតូម៉ាកSUZUKI SMASH V ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CY-7641 ។ ចំណែកអ្នកបើកបរម៉ូតូបង្កពុំស្គាល់អត្តសញ្ញាណ រងរបួសបាក់ជើងខាងស្ដាំ បើកបរម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម
គ្មានស្លាកលេខ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូបង្កម៉ាកសង់កូរ៉េ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង បើកដោយល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកឆ្វេង ចូលក្នុងគន្លងផ្លូវម្ខាងទៀត បណ្ដាលឲ្យបុកម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ូគីស្មាស់បើកក្នុងទិសដៅច្រាស់គ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្មាស់ដួលបោកក្បាលទៅនឹងផ្លូវ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបរម៉ូតូសង់កូរ៉េរងរបួសបាក់ជើងស្ដាំ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសបាក់ជើង ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ វាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ការសន្និដ្ឋានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីអ្នកបើកម៉ូតូ ម៉ាកសង់កូរ៉េ គ្មានស្លាក លេខ បើកល្បឿនលឿន និងមិនប្រកាន់ស្ដាំ ៕
...