ខេត្តត្បូងឃ្មុំ: ផ្ទះឈើប្រក់ស័ង្កសីមួយខ្នងរបស់ស្រ្តីមេម៉ាយម្នាក់ ដែលរងដោយជំនន់លិចដល់ក្រោមផ្ទះ បណ្តាលទ្រេត ជើងសសររកកល្បនឹងរលំដួលនោះ ត្រូវបានលោកអធិការនគរបាល ពាមជីលាំងដឹកនាំកម្លាំងចុះទៅស្ទូចនិងរំកឹលឲ្យត្រង់ឡើងវិញ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ។
ប្រតិបត្តិការជួយរំកិលផ្ទះស្រ្តីមេម៉ាយនេះប្រព្រឹតទៅកាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្ទះរបស់ឈ្មោះម៉ាន ខ ភេទស្រី អាយុ ៤២ឆ្នាំ មានកូន ៤នាក់ (ស្ត្រីមេម៉ាយ) ជនជាតិ ខ្មែរអ៊ិស្លាម ស្ថិតភូមិប្រាំដំឡឹង ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ។
លោកអធិការស្រុកត្បូងឃ្មុំបានឲ្យដឹងថា ដោយយល់ឃើញថា ឈ្មោះម៉ាន ខ ជាស្រ្តីមេម៉ាយមានកម្លាំងទន់ខ្សោយ និងគ្មានកម្លាំងបុរសជួយធ្វើការងារក្នុងផ្ទះសម្បែង និងឃើញផ្ទះរបស់គាត់ត្រូវទឹកជំនន់ហូរច្រោះជើងតាងសរសរចំនួន ៥ ចង់រលំដួលទៅហើយនោះ ទើបលោកចាត់កម្លាំងនគរបាលស្រុកជាច្រើននាក់ចុះមកជួយរំកិលរុញជើងសរសរឲ្យត្រង់ឡើងវិញជាស្ថាពរ និងបានយកមែកឈើ រួមជាមួយស្លឹកត្នោត ទៅទប់កម្លាំងរលកកុំឲ្យបាក់ដីដល់សសរជើងតាងផ្ទះថែមទៀត ។
លោកថា នេះជាកតព្វកិច្ចរបស់កម្លាំងនគរបាលជួយប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ក្នុងគ្រាក្រ មិនថាពេលណាជាពេលណាទេ ៕