ប្រពន្ធរបស់បុរសជនរងគ្រោះដែលបាត់ខ្លួនដោយដីភ្នំបាក់សង្កត់ច្រោះទឹកភ្លៀងនៅស្រុកសំឡូតអះអាងថាស្បែកជើងនិងមួក ដែលឃើញនៅកន្លែងកើតហេតុពិតជារបស់ប្តីគាត់ សាកសពសមត្ថកិច្ចនិងអ្នកភូមិកំពុងបន្តស្វែងរកឈានដល់ថ្ងៃទី២

ចែករំលែក៖

ខេត្តបាត់ដំបង៖ ការស្វែងរកអ្នកបាត់ខ្លួន២នាក់នៅស្រុកសំឡូតដីភ្នំបាក់សង្កត់ពីសំណាក់អ្នកភូមិនិងសមត្ថកិច្ចចម្រុះ នៅតែមិនទាន់រកឃើញនៅឡើយនោះទេឈានដល់ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៩ជាថ្ងៃទី២នៃប្រតិបត្តិការស្វែងរកជនរងគ្រោះ។គ្រាដែលអាជ្ញាធរនិងសមត្ថកិច្ចអះអាងថាបុរស២នាក់បាត់ខ្លួននោះមិនមានសង្ឃឹមនៅរស់មានជីវិតនោះទេ។ខណៈដែលខេត្តបាត់ដំបងស្ថានភាពទឹកជំនន់ទឹកភ្លៀងនៃស្ទឹងសង្កែបាននិងកំពុងគំរាមកំហែងលិចលង់ផ្ទះសំបែងដីចំការ ហេដ្ឋារចនាសម័្ពន្ធមួយចំនួននោះហើយ នៅក្នុងស្រុកក្រុងចំនួន៤ដែលនៅតាមដងស្ទឹងសង្កែ គឺស្រុករតនមណ្ឌល ស្រុកបាណន់ ក្រុងបាត់ដំបង និងស្រុកឯកភ្នំ។ពាក់ព័ន្ធនិងការស្វែងរកបុរស២នាក់បាត់ខ្លួននៅលើភ្នំនៃស្រុកសំឡូត គិតចាប់តាំងពីថ្ងៃបាត់ខ្លួនថ្ងៃទី១៦មកដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩មានរយៈពេល២ថ្ងៃអ្នកភូមិបានប្រទះឃើញស្បែកជើង១គូនិងមួក១ រួមនិងពោះវៀននៅកន្លែងកើតហេតុស្ថិតនៅចំណុចពាមតា ភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ជាប់ទល់ដែនកម្ពុជា-ថៃ។ប្រពន្ធជនរងគ្រោះម្នាក់ក្នុងចំណោម២នាក់ដែលបាត់ខ្លួនអះអាងប្រាប់នគរបាលប៉ុស្ថិ៍រដ្ឋបាលឃុំតាតោកថាស្បែកជើងនិងមួកនោះពិតជារបស់ប្តីគាត់ប្រាកដ ។ដោយឡែកពោះវៀនដែលគេប្រទះឃើញជាមួយស្បែកជើងនិងមួក មិនទាន់មានការអះអាងថាជាពោះវៀនរបស់ជនរងគ្រោះរឺពោះវៀនសត្វនោះទេ។ជុំវិញបញ្ហានេះ អភិបាលខេត្តដំបងស្តីទី លោក ហឿង សុគន្ធ បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា ការបាត់ខ្លួនពលរដ្ឋ២នាក់អាជ្ញាធរខេត្តបាត់ដំបងបានប្រឹងប្រែងខិតខំតាមរុករកជនរងគ្រោះ។នៅថ្ងៃទី១៨ ខែកញ្ញា នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានដឹកនាំកម្លាំងចម្រុះ២៥នាក់និងអ្នកភូមិដើម្បីបន្តតាមរុករកបុរសទាំង២នាក់ដែលបាត់ខ្លួននោះផងដែរ។លោកអភិបាលខេត្តបាត់ដំបងស្តីទីឱ្យដឹងទៀតថា ប្រតិបត្តិការរុករកជនរងគ្រោះបាត់ខ្លួនក៏មានការចូលរួមសហការពីសមត្ថកិច្ចថៃ ពីព្រោះចំណុចដែលជនរងគ្រោះបាត់ខ្លួននៅលើភ្នំ ស្ថិតនៅក្នុងទឹកដីថៃ ដោយភាគីថៃគេកំពុងបន្តស្រាវជ្រាវរករុកជាមួយសមត្ថកិច្ចកម្ពុជា។
សូមញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ប្រជាពលរដ្ឋ៧នាក់ រស់នៅភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បានឡើងលើភ្នំចំណុច ពាមតា ស្ថិតក្នុងភូមិសាស្រ្ត ភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ដើម្បីរកវល្លិ៍និងបរបាញ់សត្វ ខណៈប្រជាពលរដ្ឋទាំង៧នាក់កំពុងនាំគ្នាអង្គុយអាំងភ្លើងដែលមានភ្លៀងធ្លាក់ខ្លាំងច្រោះទឹកបណ្តាលឱ្យបាក់ដីភ្នំពីផ្នែកខាងលើមកក្រោមនាំពួកគេទាំង៧នាក់រត់គេចខ្លួន។ប៉ុន្តែនៅពេលនោះមានពលរដ្ឋ៥នាក់បានគេចខ្លួនដោយសុវត្ថិភាពគ្រាន់តែមានម្នាក់ប៉ុណ្ណោះបានរងរបួសដោយឡែក២នាក់ផ្សេងទៀតបាត់ខ្លួន។ជនរងគ្រោះទាំង២នាក់មានឈ្មោះ ផាន់ វី ភេទប្រុស អាយុ២០ឆ្នាំ ឈ្មោះ ឆាង កុយ ភេទប្រុស អាយុ២៥ឆ្នាំ ចំណែកអ្នករងរបួសមានឈ្មោះ ទ្រី កុសល ភេទប្រុស អាយុ២៥ឆ្នាំ ពួកគេរស់នៅភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត។
​ជុំវិញបញ្ហាទឹកជំនន់ទឹកភ្លៀងនៅតាមដងស្ទឹងសង្កែឯណោះវិញអាជ្ញាធរនិងសមត្ថកិច្ចនៃខេត្តបាត់ដំបងចាត់វិធានការទប់ស្កាត់ទឹកជំនន់មិនឱ្យហៀរហូរចូលក្រុងបាត់ដំបងនៅផ្នែកខាងលិចនោះឡើយដោយបានច្រកបាវខ្សាច់ទប់ទឹកនៅចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។​គិតត្រឹមវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ អភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធី ប្រាប់ឱ្យដឹងថា ទឹកស្ទឹងសង្កែបានស្រកចុះមកត្រឹមកំពស់១៣.៦០ម៉ែត្រ បើប្រើប្រៀបធៀបកាលពីវេលាព្រឹកថ្ងៃដដែលទឹកមានកំពស់១៣.៩០ ម៉ែត្រ មានន័យថាទឹកបានស្រកក្រោមចំណុចប្រកាសអាសន្ននោះហើយ។ទឹកជំនន់ទឹកភ្លៀងនៅស្ទឹងសង្កែនៅតែបន្តស្រកថែមទៀតបើស្ថានភាពទឹកភ្លៀងនៅផ្នែកខាងលើនៃស្រុកសំឡូតមានការថយចុះ។
លោកអភិបាលក្រុងបាត់ដំបងបញ្ជាក់ឱ្យដឹងទៀតថា ដោយឡែកនៅរសៀលថ្ងៃដដៃលនេះផងដែរ ក្រុងបាត់ដំបងមានភ្លៀងធ្លាក់១មេយ៉ាងធំនាំឱ្យនៅតាមចំណុចមួយចំនួនក្នុងក្រុងបាត់ដំបងបានរងការលិចលង់ ប៉ុន្តែវាមិនមានសភាពធ្ងន់ធ្ងរនោះទេ។ប្រជាពលរដ្ឋនៅអាចធ្វើចរាចរណ៍បាន។ចំណែកលំនៅដ្ឋានប្រជាពលរដ្ឋនៅតាមដងស្ទឹងសង្កែ បានរងការលិចលង់មួយចំនួនផងដែរ។បញ្ហាទឹកជំនន់ទឹកភ្លៀងស្ទឹងសង្កែមកដល់ពេលនេះមិនទាន់មានបង្កគ្រោះថ្នាក់ប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋនោះទេ៕

      

...

ដោយ៖ សំ វិច្ឆិកា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print