ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញផ្នែករដ្ឋបាលជលផលរាំងទិល សង្កាត់រដ្ឋបាលជលផលបាកាន រួមសហការដោយកងកម្លាំងប្រដាប់អាវុធ ចុះត្រួតពិនិត្យ និងធ្វើការបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផល ដែលជនប្រព្រិត្តដាក់កាត់ស្ទឹងច្រើនកន្លែង ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយស្ទឹងស្វាយដូនកែវ ត្រង់ចំណុចព្រំប្រទល់ស្រុកបាកាន ខេត្តពោធិ៍សាត់ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា លទ្ធផល៖ កម្លាំងអនុវត្តន៍បង្រ្កាប ១ករណី របាំងព្រួលដាក់កាត់ស្ទឹងប្រវែងចំនួន ១២០ម៉ែត្រ ស្មើនឹងចំនួន ០៥កន្លែង បង្គោលចម្រឹងចំនួន ៧៥ដើម លបរួមផ្សំចំនួន ៣៥គ្រឿង និងចាក់លែងត្រីចំរុះចូលក្នុងទឹកស្ទឹងវិញមួយចំនួនផងដែរ ។
ប្រភពព័ត៌មានដដែលបន្តទៀតថា បន្ទាប់ទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ មានជនមួយក្រុមប្រព្រិត្តបទល្មើសនេសាទដាក់របាំងកាត់ស្ទឹង នាំបញ្ហាដល់ការនេសាទជាលក្ខណាក់គ្រួសារ ជាពិសេសសម្រាប់ចរាចរណ៍ត្រីពងកូនផងដែរ ក្នុងនោះកម្លាំងកំពុងបន្តរុករកការបង្រ្កាបបន្ត ៕ បុឹម ពិន