ភ្នំពេញ ៖ សហព័ន្ធកីឡាសីប៉ាក់តាក្រ កម្ពុជាសហការជាមួយនាយកដ្ឋានអប់រំ កាយ និងកីឡាបានរៀបចំការប្រកួត កីឡាសីប៉ាក់តាក្រជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០១៥ដើម្បីសម្រាំងយកកីឡាករកីឡាការិនី ដែលមានទេពកោសល្យ និងសមត្ថភាពពីធម្មជាតិត្រៀមប្រមូលផ្ដុំហ្វឹកហាត់ចេញទៅចូលរួមប្រកួតក្នុង ក្របខ័ណ្ឌកីឡាផ្សេងៗទាំងថ្នាក់ជាតិ និង ថ្នាក់តំបន់ ដោយចាប់ផ្ដើមពីព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងអគារ តេក្វាន់ដូប៊ូយ៉ុងក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ។
ការប្រកួតកីឡាសីប៉ាក់តាក្រក្រប ខ័ណ្ឌក១-ក២ ជ្រើសរើសជើងឯកថ្នាក់ ជាតិឆ្នាំនេះមានកីឡាករកីឡាការិនីចូលរួមសរុបប្រមាណ៣៩០នាក់មកពី១៨ ក្លិបសមាគមនៅទូទាំងប្រទេសដែល មានរយៈពេលប្រកួត៦ថ្ងៃ ។
ប្រភពព័ត៌មានពីមន្ដ្រីសហព័ន្ធកីឡាសីប៉ាក់តាក្របានប្រាប់អ្នកយកព័ត៌មាននគរវត្ដតាមទូរស័ព្ទឱ្យដឹងថា ការរៀប ចំការប្រកួតកីឡាសីប៉ាក់តាក្រថ្នាក់ជាតិឆ្នាំ២០១៥មានរយៈ៦ថ្ងៃពីថ្ងៃទី១០ដល់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ នៅពហុ កីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។
ប្រភពព័ត៌មានខាងលើបានបន្ដទៀតថា នៅក្នុងចំណោមកីឡាករកីឡាការិនី ទាំង៣៩០នាក់គណៈកម្មការរៀបចំការ ប្រកួតបានបែងចែកជា២ក្របខ័ណ្ឌដើម្បីប្រកួតប្រជែងរកចំណាត់ថ្នាក់ចាប់ពី លេខ១ដល់លេខ៣និងលេខ៣ស្ទួនប្រចាំឆ្នាំ២០១៥ ។ ដោយផ្អែកទៅតាមគោល ការណ៍របស់ក្រសួងអប់រំ យុជន និង កីឡាតម្រូវឱ្យសហព័ន្ធកីឡាជាតិទាំង អស់រៀបចំនូវការប្រកួតតាមប្រភេទ កីឡានីមួយៗក្នុងក្របខ័ណ្ឌថ្នាក់ជាតិ ប្រចាំឆ្នាំក្នុងគោលដៅស្វែងរកកីឡាករ កីឡាការិនីវ័យក្មេងល្អៗប្រកបដោយ សមត្ថភាពទេពកោសល្យពិតប្រាកដ ចេញពីធម្មជាតិ ។
សម្រាប់វិញ្ញាសាដែលដាក់ឱ្យប្រកួតដណ្ដើមជើងឯកកីឡាសីប៉ាក់តាក្រមាន ដូចជាផ្នែកបុរស ក្របខ័ណ្ឌក១ ប្រកួត ៣នាក់ទល់៣នាក់, ២នាក់ទល់២នាក់។ ក្របខ័ណ្ឌក២មានវិញ្ញាសាប្រកួត៣នាក់ទល់៣នាក់និង២នាក់ទល់២នាក់ ។ រីឯ ផ្នែកនារីមានតែប្រកួតដណ្ដើមជើងឯកថ្នាក់ជាតិក្របខ័ណ្ឌក២មួយវិញ្ញាសា ប៉ុណ្ណោះគឺ៣នាក់ទល់៣នាក់និងប្រកួត ២នាក់ទល់២នាក់៕សារីម