អង្គការយូនីសេហ្វចេញផ្សាយខ្សែវីដេអូរឿង រយៈពេល១នាទីៗ ផលិតដោយយុវជនកម្ពុជា

ចែករំលែក៖

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥៖ យុវជនកម្ពុជាចំនួន១៩នាក់ ភាគច្រើនជាជនពិការ បានចូលរួមនៅក្នុងសិក្ខាសាលាផលិតភាពយន្ដ ‘One Minutes Jr.’ ដែលរៀបចំឡើងដោយអង្គការយូនីសេហ្វ សហការជាមួយនឹងអង្គការ Epic Arts និងមូលនិធិ One Minutes Foundation នៅក្នុងខេត្ដកំពត ចាប់ពីថ្ងៃទី១៥ ដល់១៩ ខែមិថុនា ឆ្នាំ២០១៥។

One Minutes Jr. គឺជាសិក្ខាសាលាបែបច្នៃប្រឌិតមួយ ដែលអ្នកចូលរួមត្រូវបង្ហាញពីខ្លួនឯង តាមរយៈការផលិតភាពយន្ដខ្លីដោយខ្លួនឯង។ សិស្សក្នុងវគ្គបណ្ដុះបណ្ដាលនេះ បានរៀនសូត្រពីមូលដ្ឋានគ្រឹះនៃការ​ផលិតភាពយន្ដ ដូចជាការសរសេរខ្លឹមសាររឿងជារួម ជំនាញថតវីដេអូ ការដឹកនាំថត និងការកែសម្រួលវីដេអូក្រោយថតរួច។

លោក ថូម៉ាស ជិនសិន ប្រធានផ្នែកអភិបាលកិច្ចមូលដ្ឋានដើម្បីសិទ្ធិកុមាររបស់យូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ជារឿយៗ ជនពិការស្ថិតនៅក្នុងចំណោមប្រជាពលរដ្ឋ ដែលក្រខ្សត់ជាងគេនិងត្រូវបានគេផាត់ចេញពីសង្គម ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។ សិក្ខាសាលានេះបានផ្ដល់ឱកាសឱ្យយុវជនពិការបង្ហាញថា ពួកគេមានសមត្ថភាពពេញលេញដើម្បីបំពេញកិច្ចការ ចូលរួមនៅក្នុងសង្គមនិងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងនាមជាប្រជាពលរដ្ឋសកម្ម។”

សិក្ខាសាលានេះបានផ្ដល់ឱកាសឱ្យអ្នកចូលរួមរៀនសូត្រជំនាញថ្មីៗ ផ្ដល់ការគាំទ្រដល់គ្នាទៅវិញទៅមកក្នុងនាមជា សមាជិកក្រុមតែមួយ និងរៀបរាប់ប្រាប់ពីរឿងរ៉ាវដ៏មានអានុភាពនិងសារៈសំខាន់ នៅក្នុងជីវិតរបស់ពួកគេ។ សុខណា អាយុ ២២ ឆ្នាំ ដែលជាជនពិការថ្លង់ បានផលិតនូវភាពយន្ដមួយបង្ហាញថា ការទាក់ទងជាមួយនឹងមនុស្សដទៃ គឺមិនមែនតាមរយៈតែការ និយាយស្តីមួយមុខនោះទេ។ ក្រោយពេលផលិតភាពយន្ដចប់ សុខណា បាននិយាយថា “ខ្ញុំភ័យខ្លាចមិនហ៊ានមើលភាពយន្ដរបស់ខ្ញុំលើអេក្រង់ឡើយ។ ប៉ុន្ដែនៅពេលដែលខ្ញុំមើលវា ខ្ញុំ​មាន​អារម្មណ៍ញាប់ញ័រនិងសប្បាយចិត្ដយ៉ាងខ្លាំង។”

កុមារនិងជនពិការ គឺជាអ្នកដែលងាយរងគ្រោះជាងគេនៅក្នុងសង្គមកម្ពុជា។ ជារឿយៗ ការទទួលបានការអប់រំ គឺ​ជា​ការលំបាកមួយ – មានមនុស្សពេញវ័យជាជនពិការត្រឹមតែ ៥៦ភាគរយប៉ុណ្ណោះ អាចអាននិងសរសេរ បើធៀប​ជាមួយ​នឹងអត្រា ៨០% សម្រាប់ប្រជាពលរដ្ឋទាំងអស់។ អ្នកផ្ដល់សេវាថែទាំសុខភាពជាច្រើន នៅមិនទាន់មានជំនាញគ្រប់គ្រាន់ ដើម្បី​ជួយដល់ជនពិការឡើយ ហើយការថែទាំទៀតសោតអាចមានតម្លៃយ៉ាងខ្ពស់។ គ្រួសារនៅក្នុងប្រទេសកម្ពុជា ដែលរងផល​ប៉ះពាល់ ដោយសារបញ្ហាពិការភាព ទំនងជារងគ្រោះដោយសារភាពក្រីក្រធ្ងន់ធ្ងរពីរដង ដោយសារតែចំណាយលើការថែទាំ​សុខភាព។

អង្គការយូនីសេហ្វ លើកកម្ពស់និងការពារសិទ្ធិរបស់កុមារនិងមនុស្សពេញវ័យជាជនពិការ នៅក្នុងប្រទេសកម្ពុជា។ យូនីសេហ្វ កំពុងបង្កើនការយល់ដឹងដល់អ្នកធ្វើសេចក្ដីសម្រេចចិត្ដ និងសមាជិកសហគមន៍នៅមូលដ្ឋាន និងកសាងសមត្ថភាព​របស់​ពួកគេក្នុងការធ្វើសេចក្ដីសម្រេចចិត្ដ ដែលអាចនាំឱ្យមានការគិតគូរពេញលេញដល់ជនពិការ នៅក្នុងជីវភាពនិងការ​អភិវឌ្ឍន៍​សហគមន៍។ យូនីសេហ្វក៏ផ្ដល់ការគាំទ្រដល់អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការងារផ្ដោតលើពិការភាព ដូចជា Epic Arts ជាដើម ដើម្បីឱ្យអង្គការទាំងនេះអាចផ្ដល់សេវាដល់ជនពិការបាន។

សិក្ខាសាលានេះ គឺជាផ្នែកមួយនៃការងាររបស់យូនីសេហ្វ ដើម្បីផ្ដល់ភាពអង់អាចដល់យុវជនពិការ ដើម្បីឱ្យពួកគេ បញ្ចេញសម្លេងនិងបង្ហាញពីសមត្ថភាពរបស់ពួកគេ។ នេះជាជំហានដ៏សំខាន់មួយ ដើម្បីឈានទៅធានា​យ៉ាងណាឱ្យ​មនុស្ស​គ្រប់រូបនៅក្នុងប្រទេសកម្ពុជាទទួលបានការផ្ដល់តម្លៃ និងទទួលបានការគាំទ្រ ដើម្បីសម្រេចសក្ដានុពលពេញលេញ​របស់​ពួកគេ។

សម្គាល់៖​ រូបថតបានភ្ជាប់ជូនជាមួយនឹងព័ត៌មានតាម E-mail។ រាល់វីដេអូអាចមើលតាមរយៈ http://bit.do/6ZhF​ និងអាចស្នើសុំនូវច្បាប់ដើមសម្រាប់ផ្សាយបន្ត។​

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖

  • លោក មាស ប៊ុនលី មន្រ្តីជំនាញផ្នែកទំនាក់ទំនង អង្គការយូនីសេហ្វកម្ពុជា អ៊ីម៉េល ៖  [email protected] ទូរស័ព្ទ៖ (+៨៥៥) ១២ ៧៣៣​ ៩០៩

លោកស្រី ហេយលី ហូលឌិន អង្គការ​ Epic Arts​ អ៊ីម៉េល [email protected]​  ទូរស័ព្ទ៖ ០៣៣​ ៥៥៥៥ ២០១

...

unnamed

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print