ភ្នំពេញ ៖ ស្រ្តីម្នាក់បានបីកូនដែលទើបសម្រាលបាន៤ថ្ងៃយកទៅផ្ញើស្រ្តីម្នាក់ដែលមិនស្គាល់គ្នា ប្រាប់ថាទិញកាតទូរស័ព្ទមួយភ្លែត ក៏ទៅបាត់រហូត។ ចំណែកស្រ្ដីដែលត្រូវគេផ្ញើកូននោះ ចាំយូរពេកមិនឃើញក៏ឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចក្រោយមណ្ឌលសុខភាពស្ទឹងមានជ័យ ស្ថិតក្នុងក្រុម5 ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ស្រ្ដីឈ្មោះ ម៉ម ស្រីលក្ខណ៍ អាយុ24ឆ្នាំ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ដែលជាអ្នកបានទទួលទារកពីម្តាយផ្ទាល់ដៃបានឱ្យដឹងថា ដំបូងមានស្រ្តីម្នាក់វ័យប្រហែល30ឆ្នាំ សង្ស័យថាជាម្តាយទារក ដែលនៅក្នុងប័ណ្ណទារកម្តាយមានឈ្មោះ លី រតនា បានសម្រាលកូននៅថ្ងៃ ទី៥ ខែកក្កដា ឆ្នាំ២០១៥ នៅមណ្ឌលសុខភាពមូលមិត្ត ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ស្នាក់នៅបុរីពិភពថ្មី ។
ប្រភពដដែលបានបន្តថា មុនពេលភ្ញាក់ផ្អើលគាត់កំពុងតែឈរនៅមុខផ្ទះ។ ពេលនោះស្រាប់តែម្តាយទារក ដែលមិនដឹងមកពីណាបានសួរគាត់រកកន្លែងលក់កាតទូរស័ព្ទ។ គាត់ក៏ប្រាប់នឹងចង្អុលកន្លែងលក់ដែលនៅជិត ស្រាប់តែស្រ្តីនោះថា សុំផ្ញើកូននឹងគាត់មួយភ្លែតរួចក៏ដើរសំដៅទៅផ្លូវធំបាត់ឈឹង។ រហូតដល់ម៉ោង៦ព្រលប់ថ្ងៃដដែល នៅមិនទាន់ឃើញស្រ្ដីនោះមកទៀត ទើបមានការសង្ស័យថា យកកូនមកផ្លុងចោល គាត់ក៏បានរាយការណ៍ដល់សង្កាត់ស្ទឹងមានជ័យ និងយកទារក ទៅសាលាសង្កាត់ស្ទឹងមានជ័យឲ្យជួយផ្ញើនៅមណ្ឌលសុខភាពមួយយប់សិន។ ប៉ុន្តែខាងមណ្ឌលសុខភាពអត់ទទួល ក៏ត្រូវខាងសង្កាត់ប្រាប់ឲ្យស្រ្តីដែលជាអ្នកទទួលកូនពីម្តាយនោះយកទៅជួយមើលថែឲ្យមួយយប់សិន ។ គ្រាន់តែមានការផ្អើលឆោឡោខាងលើ ស្រាប់តែមានស្រ្ដីម្នាក់ដែលចង់បានកូន ជាង១០នាក់ ទៅចាំសុំយកទារកខាងលើទៅចិញ្ចឹម ៕ វិបុល