ភ្នំពេញ ៖ ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសអំពាវនាវដល់ សាធារណជនទាំងឡាយ ជាពិសេសអ្នក សម្បូរទ្រព្យធន នាមជាអ្នកឧកញ៉ាលោក ឧកញ៉ា លោកជំទាវ អស់លោក លោកស្រីជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពជុំវិញសាលារាជធានីភ្នំពេញ ជួយផ្ដល់អំណោយជាថវិកាស្បៀង អាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។
នេះបេីយោងតាមសេចក្តីប្រកាសអំពាវរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ ។
សេចក្ដីប្រកាសអំពាវនាវបញ្ជាក់ថា នៅពេលខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានី ភ្នំពេញ រួមមាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ៧៩៣ឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចលេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមបាំង
ខេត្តស្ទឹងត្រែង។
ក្នុងលិខិតបានអះអាងថា ដើម្បីឱ្យការចុះសួរសុខទុក្ខនេះទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងស្មារតីចែករំលែក និងចូលរួមលើកទឹក ចិត្តដល់យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខរដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវ នាវ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទីរអង្គភាពទាំងអស់មេត្តាចូលរួមជួយផ្ដល់អំណោយជាថវិកាស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ ដែលជាវប្បធម៌នៃការចែករំលែករបស់ប្រជាជាតិយើង ៕ ដោយ ៖ ជាយក្រុង