ខេត្តប៉ៃលិនះ ៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយមានអភិបាលរងខេត្តលោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងកម្លាំងក្រោមឱវាទចុះពិនិត្យមើលស្ថានភាពទឹកជំនន់ដោយសារទឹកភ្លៀងធ្លាក់ខ្លាំងផ្ទួនៗ និងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ នៅចំណុច៣ឃុំ ទី១នៅផ្លូវជាតិលេខ៥៩ ឃុំអូរអណ្ដូងមួយចំនួន. ទី៣ ឃុំសាលាក្រៅ ចាប់ពីរង្វង់មូលស្រុកសាលាក្រៅ ដល់ផ្សារសាលាក្រៅ ស្ថិតក្នុងភូមិបឹងត្រកួន ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលស្ថានភាពទឹកមានការជន់ឡើងខ្លាំងរហូតហូរកាត់ថ្នល់ និងបណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋមួយចំនួននៅក្បែរៗដងផ្លូវ ប៉ុន្តែរហូតមកដល់ម៉ោងប្រមាណ ១៦:៣០ នាទីរសៀល ទឹកនៅចំណុចនេះបានស្រកចុះអស់វិញ។
ទី២ចំណុចផ្លូវក្រាលក្រួសក្រហមទៅផ្សារឃែរ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទឹកជំនន់មានសភាពឡើងខ្លាំងរហូតហូរកាត់ផ្លូវចម្ងាយប្រហែល ២០០ ម៉ែត្រ ជម្រៅប្រហែល ០.៥ ម៉ែត្រ បណ្តាល ឱ្យលិចចំការរបស់ប្រជាពលរដ្ឋនៅតំបន់នោះ រហូតមកទល់ពេលនេះនៅបន្តស្រកនៅឡើយ។
ក្នុងការក្នុងនោះលោក អភិបាលខេត្តនិងលោកស្នងការខេត្តក៏បានចុះត្រួតពិនិត្យមើលទឹកជំនន់ និងកម្លាំង ជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក៏ដូចជាចម្លងប្រជាពលរដ្ឋដែលជួបបញ្ហានៅចំណុចខាងលើ និងបានផ្អាកយានជំនិះមួយចំនួនអោយត្រឡប់ក្រោយដើម្បីបញ្ជៀសនៅគ្រោះថ្នាក់ណាមួយដែលកើតឡើងដោយយថាហេតុ ក្រោយពីពេលនេះទឹកជំនន់កន្លែងខ្លះស្រកនិងកន្លែងខ្លះមិនស្រក ៕ ដោយ ៖ ស សារឿន