ខេត្តប៉ៃលិន ៖ ក្រុមការងារព្យាករក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ បានប្រកាសថា ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងចន្លោះពី៤៥ទៅ៧៥មម ស្ទើរទូទាំងខេត្តប៉ៃលិន បណ្ដាលឲ្យភូមិសាស្រ្តមួយចំនួននៃឃុំសាលាក្រៅ ឃុំអណ្ដូង និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មានការជន់លិចដោយសារជំនន់ទឹកភ្លៀង (ជំនន់រហ័ស) ។
សូមពិនិត្យស្ថានភាពភូមិ-ឃុំមួយចំនួនដែលទឹកជន់លិចដូចខាងក្រោមនេះ ៖
១- ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ទឹកជន់លិចផ្សារសាលាក្រៅ ០១កន្លែង ជន់ចូលផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ៥២ខ្នង ផ្លូវលំគ្រួសក្រហម ៣០០ម៉ែត្រ និងផ្លូវជាតិ ៧០ម៉ែត្រ (ពេលនេះទឹកស្រកវិញបណ្តើរៗហើយ) ។
២- ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ទឹកជន់លិចផ្លូវគ្រួសក្រហម ០១ខ្សែ ចំនួន ១១កន្លែង ប្រវែងសរុប ១២០០ម៉ែត្រ ផ្ទះចំនួន ១៥ខ្នង និងដំណាំចម្ការប្រមាណ ១០ហិកតា (ទឹកស្រកវិញបណ្ដើរៗហើយ) ។
៣- ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទឹកជន់លិចផ្លូវគ្រួសក្រហម ០១ខ្សែប្រវែង ៣០០ម៉ែត្រ ដំណាំចំការប្រមាណ ២៥ហិកតា ផ្ទះបងប្អូនប្រជាពលរដ្ឋ ២៥ ខ្នងផ្ទះ (ទឹកពុំទាន់ស្រកនៅឡើយទេ ) ៕ ដោយ ៖ ជាយក្រុង