ទីភ្នាក់ងារព័ត៌មាន MENA បានផ្សព្វផ្សាយកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ថា មនុស្សយ៉ាងតិច២០នាក់បានបាត់បង់ជីវិត និងជាង៩០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីហេតុការណ៍វាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅក្នុងព្រះវិហារមួយកន្លែងភាគខាងជើងរដ្ឋធានី Maiduguri របស់នីហ្សេរីយ៉ា កាលពីថ្ងៃចន្ទ ។
ហេតុការណ៍វាយប្រហារខាងលើនេះបានកើតឡើងក្រោយមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងយោធារដ្ឋាភិបាលនីហ្សេរីយ៉ាបានវាយប្រហារទៅលើទីជំរុំក្រុមឧទ្ទាមបូកូហារ៉ាម ស្ថិតនៅភាគខាងលិចទីក្រុង Maiduguri រដ្ឋ Borno ប្រទេសនីហ្សេរីយ៉ា ។ ទីតាំងនេះជាទីស្ថានចាប់កំណើតនៃយុទ្ធនាការរបស់ក្រុមឧទ្ទាមក្នុងការបង្កើតជារដ្ឋអិស្លាមស្ថិតនៅភាគឦសានរបស់ទ្វីបអាហ្វ្រិក និងជាប្រទេសដែលសម្បូរពលរដ្ឋរស់នៅភាគច្រើនបំផុត ។
គ្មានប្រភពណាមួយចេញមុខទទួលស្គាល់ការវាយប្រហារគ្រាប់បែកក្នុងព្រះវិហារខាងលើនេះទេ ប៉ុន្តែការវាយប្រហារនាពេលកន្លងមក ភាគច្រើនជាស្នាដៃរបស់ក្រុមបូកូហារ៉ាម ។ ក្រុមឧទ្ទាមបូកូហារ៉ាមបានបង្កើនសកម្មភាពវាយប្រហារតាំងពីពេលកន្លងមករហូតមកដល់ពេលបច្ចុប្បន្ននេះបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និងប្រមាណ២.១លាននាក់ផ្សេងទៀតបាត់បង់ទីជម្រកនៅក្នុងតំបន់ ។
ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី២៨ ខែធ្នូបានកើតឡើង ខណៈដែលស្ថិតនៅភាគខាងលិច តំបន់ជាយក្រុងនោះ កងទ័ពរដ្ឋាភិបាលនីហ្សេរីយ៉ាបានផ្ទុះអាវុធដាក់គ្នាទៅវិញទៅមកកាលពីថ្ងៃទី២៧ ខែធ្នូ ជាមួយក្រុមខ្មាន់កាំភ្លើងដែលគេសង្ស័យថា ជាក្រុមឧទ្ទាមបូកូហារ៉ាម ។ ក្រុមសកម្មប្រយុទ្ធទាំងនេះបានព្យាយាមរុលចូលមកក្នុងទីក្រុង Maiduguri ដើម្បីវាយប្រហារអត្តឃាត ។ ប្រជាពលរដ្ឋបានរាយការណ៍អំពីហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ ព្រមទាំងការផ្ទុះអាវុធដោយប្រើកាំភ្លើងធុនធ្ងន់ផងដែរ ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ Musa Abdukadir បាននិយាយថា បន្ទាប់ពីវាយប្រហារនៅក្នុងព្រះវិហារ លោកបានរាប់ឃើញសាកសពជនរងគ្រោះ៥០នាក់ស្ថិតនៅក្នុងមន្ទីរពេទ្យរដ្ឋក្នុងទីក្រុង Maiduguri ។ អ្នកធ្វើការនៅក្នុងមន្ទីរពេទ្យក៏បានបញ្ជាក់ប្រាប់ដែរថា សាកសពបន្ថែមទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដោយឡែក២ផ្សេងទៀត ។
សាក្សីពីអ្នកស្រុកម្នាក់ទៀតឈ្មោះ Ibrahim Goni បានបញ្ជាក់ដែរថា «យើងបានភៀសខ្លួនពីលំនៅឋានកាលពីលំនៅឋាន ខណៈដែលត្រូវភ្លើងឆេះ ។ ព្រឹកមិញនេះ យើងបានវិលត្រឡប់មកវិញ ។ យើងបានរាបជនរងគ្រោះដែលបាត់បង់ជីវិតក្នុងលំនៅឋានដែលទទួលរងការដុតបំផ្លាញ ក៏ដូចក្នុងហេតុការណ៍វាយប្រហារដោយបំផ្ទុះគ្រាប់បែកផ្សេងទៀត»។
កងកម្លាំងយោធានីហ្សេរីយ៉ាបានធ្វើប្រតិបត្តិការបោសសម្អាតក្រុមឧទ្ទាមបូកូហារ៉ាមតាំងពីដើមឆ្នាំ២០១៥មកនេះដោយលទ្ធផលគឺដណ្តើមបានទឹកដីមកគ្រប់គ្រងភាគច្រើនឡើងវិញជាងបណ្តាឆ្នាំមុនៗ ។ ក្រុមបូកូហារ៉ាមបានគោលដៅវាយប្រហារទៅលើទីប្រជុំជន ទីស្នាក់ការពាណិជ្ជកម្ម ក៏ដូចភូមិឋាននានាផងដែរ ភាគច្រើនស្ថិតនៅក្នុងរដ្ឋ Borno នោះតែម្តង ៕
ប្រែសម្រួល៖ ថាច់ យ៉ាត