ភ្នំពេញ៖ កីឡាករបាល់ទាត់ជម្រើសជាតិ អ៊ុក សុទ្ធី ដែលរងរបួសជង្គង់ កាលពីខែឧសភាឆ្នាំ២០១៤កន្លងទៅ នឹងបង្ហាញខ្លួននៅលើទីលានសាថ្មីម្តងទៀត នារដូវកាលប្រកួតមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៦ ក្រោយពីសម្រាកព្យាបាលអស់រយៈពេលជាង១ឆ្នាំ ខណៈដែលកីឡាកររូបនេះ ធ្លាប់ជួយឲ្យក្រុមភ្នំពេញក្រោន លើកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន, ពានរង្វាន់AFC President’s Cup និងពានរង្វាន់មិត្តហ្វូនខេមបូឌាន លីក។
ប្រភពព័ត៌មាន ពីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានឲ្យដឹងថា កីឡាករ អ៊ុក សុទ្ធី ខ្សែបម្រើកណ្តាល របស់ខ្លួនត្រូវបានចូលមកហ្វឹកហាត់ជាមួយក្រុមវិញ ហើយ កាលពីថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៥។ ប្រភពខាងលើបានបង្ហាញនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះវត្ត មាន របស់កីឡាករ អ៊ុក សុទ្ធី ក្រោយពីខកខានចូលរួមជាមួយក្រុមអស់១រដូវកាលឆ្នាំ២០១៥ ។ កីឡាករ អ៊ុក សុទ្ធី ត្រូវអ្នកគាំទ្រ ដាក់រហស្សនាមថា Messi កម្ពុជា ។
កីឡាករ អ៊ុក សុទ្ធី បាននិយាយថា “ខ្ញុំពិតជាសោកស្តាយណាស់ក្រោយពេលខ្ញុំមិនបានជួយក្រុមកាលពីរដូវកាលមុន ដោយសារខ្ញុំមានរបួសជង្គង់កាលពីខែឧសភា មានន័យថា ខ្ញុំមិនអាចលេងបាល់បានពេញមួយរដូវកាលតែ ម្តង”។
កីឡាករ អ៊ុក សុទ្ធីបានបន្តទៀតថា “ដូច្នេះពិតជាលំបាកខ្លាំងណាស់សម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំសប្បាយចិត្ត ដែលក្រុមទាំងមូលឈ្នះជើងឯកជាថ្មីម្តងទៀត គឺដូចអ្វីដែលយើងបានឈ្នះកាលពីរដូវកាលមុន ខ្ញុំពិតជា សប្បាយសម្រាប់ពួកគេ” ។ នៅក្នុងឆ្នាំ២០១៤ អ៊ុក សុទ្ធី ជាកីឡាករសំខាន់ម្នាក់ ដែលជួយឲ្យក្រុមភ្នំពេញ ក្រោន លើកពានរង្វាន់មិត្តហ្វូនខេមបូឌានលីកកាលឆ្នាំនោះ ក្រោមការដឹកនាំ របស់លោក Sam Schweing ruber ដែលជាគ្រូបង្គោលរបស់ ក្លិបភ្នំពេញក្រោន។
គួររំលឹកថា កីឡាករ អ៊ុក សុទ្ធី បានរងរបួសជង្គង់ អំឡុងពេលក្រុមជម្រើសជាតិ ប្រមូលផ្តុំហ្វឹកហាត់ត្រៀម ប្រកួតមិត្តភាពជាមួយ ក្រុម African All-stars ធ្វើឲ្យកីឡាករ រូបនេះចំណាយពេល វះកាត់ជង្គង់ដែលរបួសនោះនៅប្រទេសវៀតណាម ហើយខកខានចូលរួមជាមួយក្រុមភ្នំពេញក្រោន១រដូវកាល ឆ្នាំ២០១៥កន្លងទៅ ។
ប្រភពព័ត៌មានខាងលើ បានអះអាងថា សម្រាប់ ការប្រកួតរដូវកាលថ្មីឆ្នាំ២០១៦ដែលនឹងចាប់ផ្តើមពី ថ្ងៃទី៧ខែកុម្ភៈ រួមជាមួយកម្មវិធីប្រកួតចំនួន២ទៀត ក៏មានវត្តមានកីឡាករ អ៊ុក សុទ្ធីចូលរួមជាមួយក្រុម វិញដែរ ពីព្រោះបច្ចុប្បន្ន កីឡាករ រូបនេះ បាននិងកំពុងហ្វឹកហាត់ជាមួយក្រុមភ្នំពេញក្រោនរាល់ថ្ងៃ៕
ដោយ៖ សារីម