ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវបេតុង ០១ខ្សែ ដែលជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ។
លោកអភិបាលខណ្ឌក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋ បានធ្វើការសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ភូមិបុរីកម្មករ ដែលជាអ្នកទទួលផលដោយផ្ទាល់ និងប្រើប្រាស់ផ្លូវ០១ខ្សែនេះប្រចាំថ្ងៃ ដែលផ្លូវថ្មី ០១ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិត មិនប៉ះពាល់ដល់សុខភាព និងមានផាសុខភាពក្នុងការរស់នៅ យ៉ាងណាម៉ិញ លោកអភិបាល ក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាផ្លូវនេះឲ្យបានល្អប្រសើរ និងបានយូរអង្វែង ដើម្បីប្រើប្រាស់។ លោកអភិបាលក៏បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងបានគិតគូរពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន។ លោកអភិបាលក៏បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ មានផ្លូវ មានស្ពាន មានហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋបានសម្តែងនូវការអបអរសារទរ និងគាំទ្រ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានគិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាក់ស្តែងផ្លូវបេតុងថ្មី ដែលជាសមិទ្ធផលដែលគាត់ទទួលបាននាពេលនេះ ដែលកន្លងមកផ្លូវនេះមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសការប្រកបរបចិញ្ចឹមជីវិតរបស់ពួកគាត់។
គួរបញ្ជាក់ថា៖ ផ្លូវបេតុង០១ខ្សែនេះ ជាផ្លូវបេតុងឆ្អឹងដែក ប្រវែង ៥៦០ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៥៕
ដោយ៖ ភារ៉ា ដង្កោ