ភ្នំពេញ៖ប្រភពព័ត៌មានច្បាស់ការណ៍មួយ ថ្លែងប្រាប់នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា នេះ ថា លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញនិងជាចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់អោយជនត្រូវចោទ២នាក់ គឺ ឧកញ៉ា ស្រី សុធា អាយុ៦១ឆ្នាំ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និង ឧកញ៉ា ស្រី ចន្ធូ អាយុ៣៨ឆ្នាំ ជានាយកក្រុមហ៊ុន 7NG ចូលបំភ្លឺនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ស្អែកនេះ ករណីឆបោក“លក់ដីឡូតិ៍គ្មានដីប្រគល់ជូនអតិថិជន” ។
ប្រភពព័ត៌មានដដែល បន្តថា នៅដំណាក់កាលនេះ ប្រសិនបើឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ មិនព្រមចូលបំភ្លឺតាមដីកាបង្គាប់អោយចូលខ្លួនទេ ចៅក្រមស៊ើបសួរអាចនឹងចេញដីកាបង្គាប់អោយនាំខ្លួន ឬ ដីកាបង្គាប់អោយចាប់ខ្លួនតែម្តង ។
ប៉ុន្តែ ប្រសិនបើ ឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ បានចូលបំភ្លឺតាមការកោះហៅ ចៅក្រមស៊ើបសួរ អាចសម្រេចចំនួន២ជម្រើស គឺ ចេញដីកាឃុំខ្លួនអ្នកទាំង២ ឬ ចេញដីកាដាក់អោយស្ថិតក្រោមការត្រួតពិនិត្យ ពោលគឺមិនឃុំខ្លួនទេ តែដាក់អោយជាប់កាតព្វកិច្ចតាមផ្លូវតុលាការមួយចំនួន ។
សូមបញ្ជាក់ថា លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ ពីបទឆបោក ពាក់ព័ន្ធការលក់ដីខ្យល់ទំហំ១ហិកតា ស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តាមមាត្រា៣៧៧ និង មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីកំឡុងឆ្នាំ២០០៨ដល់ឆ្នាំ២០១៩ ពោលគឺរយៈពេល១១ឆ្នាំមកហើយ ។
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ , លោកព្រះរាជអាជ្ញា កែវ សុធា បានគូសសញ្ញា “ធិធ” ដាក់អោយ (ជនត្រូវចោទទាំង២នាក់) ស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការ ឬ បញ្ចប់បទល្មើស កុំអោយកើតឡើងជាថ្មី និង ធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី ។ ប៉ុន្តែបច្ចុប្បន្ននេះ ជនត្រូវចោទទាំង២នាក់ កំពុងស្ថិតនៅក្រៅឃុំ ។
តាមអង្គហេតុ បញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៨ ឈ្មោះ ឈុន ណាវី ភេទស្រី អាយុ៣៨ឆ្នាំ បានទិញដីទំហំ១ហិកតា ស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាដីរបស់ក្រុមហ៊ុន 7NG ពីឈ្មោះស្រី សុធា គឺ “មានឯកសារត្រឹមតែលិខិតផ្ទេរសិទ្ធិកាន់កាប់ដីតែប៉ុណ្ណោះ” ។
នៅដើមឆ្នាំ២០១៩ នេះ ឈ្មោះ ឈុន ណាវី មានបំណងធ្វើរបងថ្ម ជុំវិញដីរបស់ខ្លួន ស្រាប់តែឈ្មោះ ស្រី សុធា និង ឈ្មោះ ស្រី ចន្ធូ ពុំមានដីដូចទីតាំងខាងលើអោយឈ្មោះ ឈុន ណាវី ឡើយ ។
ទោះបីយ៉ាងណា ពេលនេះ ឧកញ៉ា ស្រី ចន្ធូ បានប្តឹងបកលោកស្រី ឈុន ណារី វិញហើយ ដោយទាមទារសំណងចំនួន៧,៧៧៧,៧៧៧ដុល្លារអាមេរិក ។
កាលពីពេលកន្លងទៅ ក៏មានការផ្ទុះការតវ៉ាដល់ទីស្នាក់ការក្រុមហ៊ុន 7NG ផងដែរ ប៉ុន្តែឧកញ៉ា ស្រី សុធា បានចេញមុខសម្របសម្រួលដោយសន្យាថា នឹងប្រគល់ដីជូនអតិថិជនចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ជាកំហិត ។
ប្រជាពលរដ្ឋសាទរចំពោះការធានាអះអាងរបស់ឧកញ៉ា ស្រី សុធាតែកុំបានតែសន្យាខ្យល់ដូចរាល់ដងទៀត ។
ក្នុងលិខិតធានាអះអាង ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នេះ ឧកញ៉ា ស្រី សុធា បានសន្យាចំនួន៨ចំណុចដល់អតិថិជន ដោយនៅចំណុចទី១ សរសេរថា “ក្រុមហ៊ុននឹងធ្វើការប្រគល់ដីឬសំណង់ជូនអតិថិជន ឱ្យអស់រួចរាល់ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ជាកំហិត”។
ឧកញ៉ាស្រី សុធា បន្តថា ក្នុងករណីដល់ថ្ងៃកំណត់ខាងលើបេីសិនជាក្រុមហ៊ុនមិនមានដីជូនអតិថិជននោះទេក្រុមហ៊ុននឹងធ្វើការទូទាត់ប្រាក់ថ្លៃទិញលក់ដីទៅតាមទីផ្សារដែលកំណត់ដោយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ៕
ដោយ៖ ចេស្តា