ស្លាប់កើនឡើង​ជិតដល់​៣០នាក់ ដោយបាតុកម្មក្លាយជាអំពើហឹង្សានៅ ឥណ្ឌូនេស៊ី

ចែករំលែក៖

ប្រទេសឥណ្ឌូនេស៊ី៖ មកទល់ពេលនេះ អ្នកស្លាប់កើនឡើង ដល់ទៅ​២៧នាក់ហើយ នៅក្នុង អំពើហិង្សា​កើនឡើងជាថ្មី រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះស្ថិតនៅប៉ាពូអាស៊ី ខេត្ត​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌូណេស៊ី។ ក្នុងចំណោមអ្នកស្លាប់និងរងរបួស​ ក្នុងនោះ​មាន​ម្នាក់​ជា​យោធាបន្ទាប់​ពីរង​របួស​ដោយ​កាំ​បិត​ធ្ងន់ធ្ងរ​ពេក។​ តុល្យការ​នៃ​​ជន​រងគ្រោះ​អាច​នឹង​កើន​ឡើង​ថែម​ទៀត​។ តើអ្វី​ជា​ដើម​ហេតុ​នាំ​មាន​កុបកម្ម​ហិង្សា យ៉ាង​ដូច្នេះ ?

អំពើហិង្សា​បាន​ផ្ទុះ​ឡើង​នៅក្នុង​វិទ្យាល័យ​មួយនៅ​ Wamena ក្រុង​ដ៏​សំខាន់​ជាង​គេ​របស់​ខេត្ត​ប៉ាពូអាស៊ី​ឥណ្ឌូណេស៊ី។ ភ្លើង​កំហឹង​បាន​ឆាប​ឆេះ​ឡើង ទំនង​ដោយ​ហេតុ​ថាមាន​​អ្នក​គ្រូ​ម្នាក់​បានប្រដូច​កូន​សិស្ស​ជនជាតិ​ប៉ាពូអាស៊ី ទៅ​និង​សត្វ​ “ស្វា”។ គេ​មិន​ដឹង​ថា​តើ​អ្នក​គ្រូ​នោះ​បាន​ពោលពាក្យ​ជេរ​មែន​ឬ​យ៉ាងណា​ទេ ប៉ុន្តែ​នៅ​ថ្ងៃ ចន្ទ​នេះ បាតុកម្ម​បាន​ផ្ទុះ​ឡើង​ ហើយ​​រាលដាល​ទៅ​ជា​អំពើ​ហិង្សា​ចលាចល​ ដុត​អគារ មានអគ្គិភ័យដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​អស់​ជា​ច្រើននាក់។ ឯ​ប៉ូលិស​វិញ​ក៏​បាន​ចេញ​បង្ក្រាប​ដោយ​បាញ់​គ្រាប់​បែក​ផ្សែង។

ហេតុ​អ្វី​គ្រាន់​តែ​គ្រូ​ជេរសិស្ស​ បែរ​ជា​រាលដាល​ទៅ​ជា​ការ​ប៉ះបោរ​ប្រឆាំង ? ពីព្រោះ​រងើក​ភ្លើង​កំហឹង​មាន​ស្រាប់ ! ជនជាតិ​ប៉ាពូអាស៊ី មាន​អារម្មណ៍​ជា​ជន​រងគ្រោះ​​នៃ​ការ​រើសអើង​ពូជសាសន៍​ និង​ជា​ពលរដ្ឋ​ស្រទាប់​ក្រោម​របស់​ឥណ្ឌូណេស៊ី តាំង​ពី​ឥណ្ឌូណេស៊ី​ចូល​មកកាន់​កាប់​តំបន់​នៅ​ឆ្នាំ​១៩៦០​មក។ ម្យ៉ាង​ទៀត ធនធាន​ធម្មជាតិ​ របស់​ប៉ាពូអាស៊ី ត្រូវ​បាន​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ​ទាញយកអស់ដោយ​គ្មាន​ផ្តល់​ផល​អ្វី​បន្តិច​បន្តួច​ដល់​ពលរដ្ឋ​ក្នុង​តំបន់​​ជា​ម្ចាស់​ដើម​ទេ។ មាន​ដើម​កំណើត​ជា​ជនជាតិ​​មេឡាណេស្ហ៊ី មាន​​ពណ៌​សម្បុរ​ស្បែក​ខ្មៅ ជាង​​ពលរដ្ឋ​ភាគ​ច្រើន​​ឥណ្ឌូណេស៊ី ដែលមាន​ដើម​កំណើត​ម៉ាឡេ ​ពលរដ្ឋ​​ប៉ាពូអាស៊ី រង​គ្រោះជា​ប្រចាំ​ពី​ការ​ប្រកាន់​ពូជសាសន៍។ ហើយ​ជា​ចុងក្រោយ គឺ​មក​ពី​ពួក​គេ​​ចង់​បាន​ឯករាជ្យ​ តែរដ្ឋាភិបាល​​ឥណ្ឌូណេស៊ី​បដិសេធន៍។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ហ្សូកូ វីដូដូ បាន​សន្យា ក្នុង​ពេល​ឃោសនា​បោះឆ្នោត ថា​នឹង​ជួយ​ពលរដ្ឋ​ប៉ាពូអាស៊ី​ឱ្យ​មាន​ជីវិត​ប្រសើរ​ឡើង​ក្នុង​សង្គម​ ដូចបណ្តា​ពលរដ្ឋ​ពេញ​ផ្ទៃ​ប្រទេស​ផ្សេង​ទៀត។ ប៉ុន្តែ​រហូត​មក​ទល់​ពេល ពលរដ្ឋ​ប៉ាពូអាស៊ី​បាន​ត្រឹមតែ​​រង់ចាំ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print