ភ្នំពេញ៖ «សាធារណជនប្រមាណកន្លះលាននាក់បានទទួលព័ត៌មានដោយផ្ទាល់ពីសាលាក្តីខ្មែរក្រហមតាមរយៈសកម្មភាពផ្សព្វផ្សាយដ៏សកម្មរបស់ខ្លួនចាប់តាំងពីសាលាក្តីខ្មែរក្រហមបានដំណើរការតាំងពីឆ្នាំ ២០០៦មក»។ នេះជាការថ្លែងឡើងរបស់លោកក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅសាលសវនាការរបស់តុលាការខ្មែរក្រហមនៅអឡុងពេលជួបសំណេះសំណាល និងផ្សព្វផ្សាយពីសមិទ្ធផលការងាររបស់តុលាការ។ សាធារណជនចំនួន ៣០០ នាក់មកពីខេត្តកំពត បានចូលរួមក្នុងពិធីនេះ។
លោកក្រាញ់ តូនី មានប្រសាសន៍ថា៖« ក្នុងចំណោមសាធារណជនប្រមាណកន្លះលាននាក់បានទទួលព័ត៌មានដោយផ្ទាល់ពីសាលាក្តីខ្មែរក្រហម តាមរយៈសកម្មភាពផ្សព្វផ្សាយរបស់តុលាការ ក្នុងនោះសាធារណជន ៣១៥ ៧៥៦ នាក់ រាប់ពីប្រជាពលរដ្ឋធម្មតារហូតដល់មន្ត្រីការទូតបានមកចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ពីតុលាការ និងចូលរួមទស្សនាដំណើរការជំនុំជម្រះក្តីនិងចូលរួមក្នុងកម្មវិធីទស្សនកិច្ចផ្សេងៗទៀត។ ចំណែកប្រជាជនជាង ៦៨ ៣៨៨ នាក់ផ្សេងទៀតបានចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយ នៅតាមមូលដ្ឋាននានារួមបញ្ចូលទាំងការចាក់បញ្ចាំង ភាពយន្តឯកសារក្រោមកម្មវិធី «រាត្រីនៃការចងចាំ»។
ប្រធានការិយាល័យរដ្ឋបាលស្តីទីរូបនេះបានបន្ថែមថា៖« សិស្សានុសិស្ស និស្សិតចំនួន៨៩៨៣០ នាក់នៅតាមវិទ្យាល័យនិងសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជាបានស្តាប់ការធ្វើបទបង្ហាញពីសំណាក់មន្ត្រីតុលាការដែលចំណេះដឹងព័ត៌មានដែលផ្តល់នេះ គឺពិតជាមានសារៈសំខាន់ក្នុងការពង្រឹង ការយល់ដឹងរបស់សាធារណជន និងសិស្សនិស្សិតពីប្រវត្តិសាស្ត្រ និងដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម»។
លោកបានបន្តថា៖« ប្រជាជនកម្ពុជាទាំងប្រុសស្រីបានធ្វើដំណើរពីគ្រប់ទិសទីនៃប្រទេសកម្ពុជារួមទាំងបងប្អូនជនជាតិដើមភាគតិចផងដែរបានមកស្វែងយល់ពីដំណើរការរបស់សាលាក្តីខ្មែរក្រហមនេះ។ បន្ទាប់ពីវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញបងប្អូនប្រជាពលរដ្ឋទាំងនោះបានផ្ទេរនូវចំណេះដឹង ព័ត៌មានផ្សេងៗដែលទទួលបាននៅអំឡុងពេលមកទស្សនាសាលាក្តីខ្មែរក្រហមជូនដល់ប្រជាជនដទៃទៀត នៅក្នុងសហគមន៍របស់ពួកគាត់។ យោងតាមការស្ទង់មតិកន្លងទៅ ប្រជាជនកម្ពុជាយល់ឃើញថាអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចូលរួមវិភាគទានក្នុងដំណើរការផ្សះផ្សាជាតិការកសាងនូវទំនុកចិត្តឡើងវិញនៅក្នុងប្រទេសកម្ពុជានិងបានជះឥទ្ធិពលល្អដល់ជនរងគ្រោះនៃរបបខ្មែរក្រហម និងក្រុមគ្រួសាររបស់ពួកគេ។ ទាំងនេះបញ្ជាក់ថា ប្រជាជនកម្ពុជាជឿជាក់ថាអង្គជំនុំជម្រះវិសាមញ្ញនឹងផ្តល់ផលប្រយោជន៍យូរអង្វែងសម្រាប់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល»។
សាលាក្តីខ្មែរក្រហមបានបើកទ្វារដំណើរការដំបូងនៅដើមខែកុម្ភៈ ឆ្នាំ ២០០៦ រហូតមកទល់ឆ្នាំ២០១៥ នេះ តុលាការនេះមានអាយុជិត ៩ ឆ្នាំហើយ។ ក្នុងរយៈពេលនេះ តុលាការចម្រុះ កម្ពុជា-អង្គការសហប្រជាជាតិនេះ បានបំពេញការងារយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរស្វែងរកការពិតនិងយុត្តិធម៌ជូនប្រជាជនកម្ពុជាទាំងអស់ក៏ដូចជាជូនដល់មនុស្សជាតិទាំងមូលជាពិសេសជនរងគ្រោះដោយរបបខ្មែរក្រហម។
លោក ក្រាញ់ តូនី បានគូសបញ្ជាក់ថា រហូតមកទល់នឹងចុងឆ្នាំ២០១៥ នេះ សមិទ្ធផលជាច្រើនត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាសម្រេចបានក្នុងនោះរួមមានការបិទបញ្ចប់សំណុំរឿង ០០១ ប្រឆាំងនឹងអតីតប្រធានគុកទួលស្លែង កាំង ហ្គេកអ៊ាវ ហៅឌុច ការប្រកាសសាលក្រមលើសំណុំរឿង ០០២/០១ និងការបន្តសវនា ការលើសំណុំរឿង ០០២/០២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន។
លោក ក្រាញ់ តូនី បានលើកឡើងថា នៅក្នុងដំណើរការរបស់ខ្លួនរយៈពេលជិត ៩ ឆ្នាំមកនេះ បើប្រៀបធៀបនឹងតុលាការអន្តរជាតិដទៃទៀត សាលាក្តីខ្មែរក្រហមត្រូវបានគេស្គាល់ថា ជាតុលាការដែលដំណើរការលឿន ចំណាយថវិកាតិច គ្មានការរត់គេចខ្លួនរបស់ជនសង្ស័យដែលត្រូវចាប់ខ្លួនមកជំនុំជម្រះក្តី និងជាតុលាការដែលធ្វើការជំនុំជម្រះក្តីលើសំណុំរឿងសំខាន់នៅលើសកលលោកបន្ទាប់ពីការជំនុំជម្រះក្តីនៅតុលាការន័ររឹមប៊ែរ លើក្រុមណាស៊ីក្នុងប្រទេសអាល្លឺម៉ង់ដោយធ្វើការជំនុំជម្រះក្តីទៅលើបណ្តុំនៃមេដឹកនាំនៃរបបមួយរួមមានប្រមុខរដ្ឋ ប្រធានរដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនៃរបបខ្មែរក្រហម។សាលាក្តីខ្មែរក្រហមបានអនុញ្ញាតឱ្យជនរងគ្រោះចូលរួមក្នុងដំណើរការនីតិវិធីក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីដោយគ្មានលក្ខខ័ណ្ឌ និងជាតុលាការដែលមានការចូលរួមគាំទ្រពីសាធារណជនយ៉ាងច្រើនលើសលុប។
ជាមួយគ្នានេះ លោកប្រធានរដ្ឋបាលស្តីទី បានលើកឡើងពីការបន្សល់ទុកនូវកេរដំណែលល្អៗជាច្រើនរបស់សាលាក្តីខ្មែរក្រហមរួមមាន ១-ការកសាងសមត្ថភាពរបស់មន្ត្រីជាតិ ២-ពង្រឹងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជាតាមរយៈការដំណើរការសវនាការប្រកបដោយគំរូយុត្តិធម៌និងការជំនុំជម្រះក្តីដែលស្របតាមស្តង់ដារអន្តរជាតិ៣-អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបន្សល់ទុកនូវកេរដំណែលដ៏ល្អសម្រាប់ប្រព័ន្ធតុលាការថ្នាក់ជាតិនោះគឺ«គោលគំនិតនៃរដ្ឋបាលតុលាការ»ដែលបច្ចុប្បន្ននេះកំពុងត្រូវបានបញ្ចូលទៅក្នុងតុលាការថ្នាក់ជាតិហើយក៏ត្រូវបានបញ្ចូលទៅក្នុងច្បាប់ថ្មីៗទាក់ទងនឹងការរៀបចំប្រព្រឹត្តទៅនៃតុលាការជាតិក៏ដូចជានៅក្របខណ្ឌនៃដំណើរការកំណែទម្រង់ច្បាប់ និងយុត្តិធម៌របស់រាជរដ្ឋាភិបាលផងដែរ។
នៅក្នុងពិធីផ្សព្វផ្សាយនោះអ្នកចូលរួមក៏មានឱកាសក្នុងការចោទសំណួរជាច្រើនទៅកាន់ថ្នាក់ដឹកនាំរបស់ តុលាការទាក់ទងនឹងការប្រព្រឹត្តទៅរបស់សាក្តីខ្មែរក្រហម។ លោក ក្រាញ់ តូនី ក៏បានចែកសៀវភៅសាលដីកាស្ថាពរ ក្នុងសំណុំរឿង ០០១ និងសាលក្រមសំណុំរឿង ០០២/០១ ជូនដល់សាធារណជនដែលបានចូលរួមដែរ។
លោក ក្រាញ់ តូនី បានគូសបញ្ជាក់ប្រាប់សាធារណជនថា ទោះបីជាលោក នួន ជា និងលោក ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះសាលាដំបូងសម្រេចផ្តន្ទាទោសដាក់ព័ន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ ប៉ុន្តែនៅតែសន្មតថា «គ្មានទោស»នៅឡើយ ដោយរង់ចាំការសម្រេចចុងក្រោយពីអង្គជំនុំជម្រះតុលាការកំពូលលើបណ្តឹងសាទុក្ខជំទាស់ សាលក្រមសំណុំរឿង ០០២/០១ ជាមុនសិន។ សវនាការលើបណ្តឹងសាទុក្ខលើសំណុំរឿង ០០២/០១ ដែលគ្រោង នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧-១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ខាងមុខ ៕