នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បានប្តេជ្ញាបោសសម្តាតក្រុមរដ្ឋអិស្លាមឲ្យអស់ពីទឹកដីអ៊ីរ៉ាក់ បន្ទាប់ពីកងកម្លាំងយោធារដ្ឋាភិបាលបានដណ្តើមគ្រប់គ្រងបានវិញទីក្រុង រ៉ាម៉ាឌី ដែលធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ក្រុមរដ្ឋអិស្លាមនាពេលកន្លងមកនោះ ។
បណ្តាញទូរទស្សន៍អ៊ីរ៉ាក់បានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រី Haider al-Abadi ដោយបញ្ជាក់ថា លោកប្តេជ្ញាវាយប្រហារដណ្តើមគ្រប់គ្រងទីក្រុងទីពីរ គឺទីក្រុងម៉ូស៊ូលឡើងវិញ ។ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានបញ្ជាក់ដែរថា «នេះជាវាសនាដែលមិនអាចចៀសបានរបស់ក្រុមIS » ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី បានថ្លែងស្វាគមន៍ចំពោះការដែលកងកម្លាំងយោធាអ៊ីរ៉ាក់ដណ្តើមគ្រប់គ្រងវិញទីក្រុង រ៉ាម៉ាឌី នោះ និងបានថ្លែងថា ក្រុមរដ្ឋអិស្លាមទទួលរងការបរាជ័យយ៉ាងជូរចត់ជាទីបំផុត ។
ក្រុមជីហាដនិយម ឬក្រុមរដ្ឋអិស្លាម(IS) នោះបានប្រយុទ្ធដណ្តើមបានគ្របគ្រង់ទីក្រុង រ៉ាម៉ាឌី ពីកងកម្លាំងយោធារដ្ឋាភិបាលអ៊ីរ៉ាក់កាលពីខែឧសភា ឆ្នាំ២០១៥ ។ រដ្ឋាភិបាលអ៊ីរ៉ាក់បានរួមកម្លាំងធ្វើប្រតិបត្តិការវាយប្រហារដើម្បីដណ្តើមគ្រប់គ្រងទីក្រុងនេះឡើងវិញអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយ ។ ទីក្រុងរ៉ាម៉ាឌីនោះមានទីតាំងចម្ងាយ៩០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានទីបាដាដ ប្រទេសអ៊ីរ៉ាក់ ។
បណ្តាញទូរទស្សន៍ក្នុងស្រុកបានផ្សព្វផ្សាយរូបភាពជាច្រើនកាលពីថ្ងៃទី២៨ ខែធ្នូ ឲ្យឃើញថា កងកម្លាំងទាហានរដ្ឋាភិបាលអ៊ីរ៉ាក់បានលើកទង់ជាតិរបស់ខ្លួនស្ថិតនៅពីលើអគាររបស់រដ្ឋាភិបាលនៅក្នុងទីប្រជុំជននោះ ។ លោក Yahya Rasul អ្នកនាំពាក្យកងកម្លាំងយោធាអ៊ីរ៉ាក់បានថ្លែងថា កងទ័ពបានរំដោះទីក្រុង រ៉ាម៉ាឌី ក្នុងជ័យជម្នះមួយយ៉ាងត្រចះត្រចង់ ។ មន្ត្រីរដ្ឋាភិបាលមិនបានបញ្ជាក់ពីចំនួនជនរងគ្រោះដែលបាត់បង់ជីវិតក្នុងសមរភូមិនេះនៅឡើយទេ ។
ថ្លែងតាមកញ្ចក់ទូរទស្សន៍ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Abadi បានថ្លែងថា «ឆ្នាំ២០១៦ជាឆ្នាំនៃជ័យជម្នះយ៉ាងធំធែងចុងក្រោយ ហើយដែលនឹងគ្មានវត្តមានក្រុម Daesh ស្ថិតនៅក្នុងទឹកដីអ៊ីរ៉ាក់តទៅទៀតនោះទេ» ។ លោក Abadi បានហៅក្រុមរដ្ឋអិស្លាមIS នោះថា ជាក្រុម Daesh ។ លោកបញ្ជាក់ថា «យើងបន្តរំដោះទីក្រុងម៉ូស៊ូល ហើយវាសនារបស់ក្រុម Daesh ទំនងជាដល់ទីបំផុតហើយ» ៕
ប្រែសម្រួល៖ ថាច់ យ៉ាត