ប្រទេសហ្គីនៀ (Guinea) ត្រូវបានអង្គការសុខភាពពិភពលោកប្រកាសចាត់ទុកថាជាប្រទេសដែលរួចផុតពីការគំរាមកំហែងពីវីរុសអេប៉ូឡា ក្រោយរយៈពេល២ឆ្នាំបន្ទាប់ពីប្រទេសនេះទទួលរងការវាយលុកពីវីរ៉ុសយ៉ាងកាចសាហាវមួយនេះ ។
ប្រទេសហ្គីនៀត្រូវរំពឹងថា នឹងប្រារព្ធពិធីអបអរសាទរចំពោះដំណឹងដ៏រីករាយនេះ ដោយគ្រោងរៀបចំការសម្តែងខនសឺត ព្រមទាំងការបាញ់កាំជ្រួចផងដែរ ។
ជំងឺអេប៉ូលាបានសម្លាប់មនុស្សជាង២៥០០នាក់នៅក្នុងប្រទេសហ្គីនៀ និងជាង៩ពាន់ផ្សេងទៀតស្ថិតនៅក្នុងប្រទេសស៊េរ៉ាឡេអ័ន និងប្រទេសលីបឺរៀ ។ ប្រទេសស៊េរ៉ាឡេអ័នបានប្រកាសរួចផុតពីវីរ៉ុសអេបូឡាកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ប៉ុន្តែទោះបីយ៉ាងណា នៅក្នុងប្រទេសលីបឺរៀ មានករណីផ្ទុះថ្មីៗថែមពីរបីករណីទៀតនៃជំងឺអេបូឡានេះ ក្រោយការប្រកាសថា រួចផុតពីការគំរាមកំហែងដោយវីរ៉ុសអេបូឡានេះកាលពីខែកញ្ញា ឆ្នាំ២០១៥កន្លងមក ។
វីរ៉ុសអេបូឡាជាប្រភេទវីរ៉ុសដែលគំរាមកំហែងចំពោះសង្គមយ៉ាងខ្លាំង ។ វាបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចខ្លាំងណាស់ដែរចំពោះប្រទេសហ្គីនៀ ។ នៅពេលនេះហ្គីនៀត្រូវប្រកាសថា បានរួចផុតពីវីរ៉ុសអេបូឡាហើយ មនុស្សគ្រប់រូបអាចប្រាស្រ័យទាក់ទងគ្នាពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត ដោយមិនមានការព្រួយបារម្ភពីការឆ្លងវីរ៉ុសអេបូឡាដូចមុនទៀតទេ បន្ទាប់ពីករណីថ្មីចុងក្រោយកាលពី២១ថ្ងៃកន្លងមកនេះ មិនមានសញ្ញាឃើញថាបានឆ្លងទៅកាន់ករណីថ្មីណាមួយផ្សេងទៀតនោះ ។
របាយការណ៍អង្គការសហប្រជាជាតិបានបញ្ជាក់ថា កុមាររបស់ហ្គីនៀ៦២២០នាក់ បានបាត់បង់ឪពុក ឬម្តាយ កុមារខ្លះទៀតបាត់បង់ទាំងឪពុក និងទាំងម្តាយដោយសារតែវីរ៉ុសអេបូឡានេះ ។ បុគ្គលិកសុខាភិបាលប្រមាណជាង១០០នាក់បានបាត់បង់ជីវិតដោយសារតែសកម្មភាពប្រយុទ្ធប្រឆាំងជាមួយវីរ៉ុសអេប៉ូឡានេះផងដែរ ។
ជនរងគ្រោះដែលរួចពីក្តីស្លាប់ នៅតែមានអារម្មណ៍មិនស្ងប់ដដែលចំពោះវីរ៉ុសយ៉ាងកាចសាហាវមួយនេះ ។ តាមអ្នករាយការណ៍ព័ត៌មានប៊ីប៊ីស៊ីបញ្ជាក់ថា វាបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ក្នុងសង្គមយ៉ាងធ្ងន់ផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត