ភ្នំពេញ៖ អ្នកប្រដាល់ប្រមាណ៤០ នាក់ និងមន្ដ្រីបច្ចេកទេសមួយចំនួន របស់សហព័ន្ធកីឡាប្រដាល់កម្ពុជាត្រូវ បាត់បង់ចំណូលមួយសប្ដាហ៍ចាប់ពី៦ម៉ឺន រៀលសម្រាប់មន្ដ្រីអាជ្ញាកណ្ដាលនិងចៅ ក្រម ។ ចំណែកកីឡាករត្រូវបាត់ចំណូល ចាប់ពី២០ម៉ឺនរៀលទៅ២៥ម៉ឺនរៀល សម្រាប់គូប្រកួតទី១ក្រោយពីសង្វៀន ប្រដាល់ចំនួន៤បានបិទជាបន្ដបន្ទាប់គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ ។
មន្ដ្រីស្នងការប្រកួតរបស់សហព័ន្ធ កីឡាប្រដាល់កម្ពុជាបានបង្ហើបឱ្យដឹងថា នៅចុងឆ្នាំ២០១៥នេះសង្វៀនប្រដាល់ ចំនួន៤ស្មើនឹង៣ស្ថានីយទូរទស្សន៍បាន លុបចោលកម្មវិធីប្រកួតប្រដាល់ក្បាច់ គុនបុរាណខ្មែរប្រចាំសប្ដាហ៍របស់ខ្លួន ក្រោយបញ្ចប់កុងត្រារវាងភាគីទូរទស្សន៍ និងដៃគូឧបត្ថម្ភ ។
កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅការប្រកួតកីឡាប្រដាល់ជើងឯក ស្រាបៀរអ៊ិចស្ពើតបានបញ្ចប់កិច្ចសន្យា របស់ខ្លួន និងរំសាយការប្រកួតក្រោយពី ដំណើរការបានប្រមាណជា៦ខែប៉ុណ្ណោះ នៅសង្វៀនប្រដាល់ទូរទស្សន៍អាស៊ី អាគ្នេយ៍ដែលតែងតែប្រកួតចាប់ពីវេលា ម៉ោង៨ដល់ម៉ោង១០ព្រឹករៀងរាល់ថ្ងៃ សៅរ៍ ។
រីឯពីរកម្មវិធីទៀតទើបតែបញ្ចប់កាល ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ គឺការប្រកួត កីឡាប្រដាល់នៅសង្វៀនទូរទស្សន៍ប៉ុស្ដិ៍ លេខ៣ក៏ត្រូវបានរំសាយផងដែរបន្ទាប់ ពីចប់កិច្ចសន្យារវាងភាគីម្ចាស់ស្ថានីយនិងក្រុមហ៊ុនឧបត្ថម្ភ ។
គួររំលឹកថា សង្វៀនទូរទស្សន៍ប៉ុស្ដិ៍ លេខ៣តែងតែរៀបចំកម្មវិធីប្រកួតជា រៀងរាល់ថ្ងៃអាទិត្យ ប៉ុន្ដែអាយុកាលនៃ ការរៀបចំពុំមានរយៈពេលយូរដូចបណ្ដា សង្វៀនដទៃៗទៀតទេ ។ ដូច្នេះក៏ទទួលរង ការរិះគន់មិនតិចដែរទាំងអ្នកទស្សនា ទាំងមន្ដ្រីបច្ចេកទេសរបស់សហព័ន្ធក៏ ដូចជាកីឡាករកីឡាការិនីផងដែរ ។
ដោយឡែកកម្មវិធីប្រដាល់នៅសង្វៀន ទូរទស្សន៍ស៊ីធីអិនចំនួន២ក៏ត្រូវបាន រំសាយព្រមគ្នាជាមួយនឹងសង្វៀនចំនួន ២ខាងលើដែរ ក្រោយពីបញ្ចប់កុងត្រា រយៈពេលវែងជាមួយក្រុមហ៊ុនឧបត្ថម្ភ របស់ខ្លួន ។ ប្រភពព័ត៌មានបានឱ្យដឹងថា សង្វៀនប្រដាល់របស់ទូរទស្សន៍ស៊ីធីអិន របស់ខេត្ដសៀមរាបនឹងត្រូវបិទទ្វារ ក្រោយពីប្រកួតថ្ងៃពុធ ទី៣០ ខែធ្នូនេះ ក្រោយពីបញ្ចប់កិច្ចសន្យាជាមួយម្ចាស់ ឧបត្ថម្ភធំរបស់ខ្លួន និងមួយកម្មវិធីទៀត ដែលប្រកួតនៅសង្វៀនស៊ីធីអិនឫស្សី កែវថ្ងៃអាទិត្យក៏ត្រូវរំសាយដូចគ្នាដែរ។
ប្រភពព័ត៌មានខាងលើបានឱ្យដឹង ទៀតថា ចំពោះការលុបចោលកម្មវីធី ប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ចំនួន៤កម្មវិធីស្ទួនៗខាងលើនេះបានធ្វើ ឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់កីឡា ករ និងមន្ដ្រីបច្ចេកទេសរបស់សហព័ន្ធ កីឡាប្រដាល់កម្ពុជា គិតជាមធ្យមក្នុង មួយសប្ដាហ៍យ៉ាងហោចណាស់កីឡាករ ៤០នាក់ត្រូវបាត់ចំណូល និងមន្ដ្រីបច្ចេក ទេសមិនតិចជាង៦០នាក់ក៏ត្រូវបាត់ ចំណូលដូចគ្នាដែរ ។
យោងតាមតារាងកម្មវិធីប្រកួត របស់សហព័ន្ធកីឡាប្រដាល់កម្ពុជាក្នុង ឆ្នាំ២០១៥នេះមានចំនួន១៨កម្មវិធី ក្នុង នោះមានការប្រកួតថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ប្រចាំសប្ដាហ៍ និងការប្រកួតប្រចាំខែ ផងដែរ ។ ដូច្នេះក្នុងមួយសប្ដាហ៍ៗសហ ព័ន្ធត្រូវបញ្ចេញកីឡាករមិនតិចជាង ២៨០នាក់នោះទេ ដើម្បីបម្រើដល់់ការ ប្រកួតដែលតែងតែទទួលបានការគាំទ្រ ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋដោយ ចាត់ទុកថា ក្បាច់គុនបុរាណខ្មែរគឺជា កេរតំណែលរបស់ដូនតាបន្សល់ទុកតាំង ពីយូរលង់ណាស់មកហើយ ។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០១៥ ប្រធានសហព័ន្ធកីឡា ប្រដាល់កម្ពុជាបានប្រាប់ដល់ប្រធាន ស្នងការប្រកួតតាមបណ្ដាសង្វៀនប្រដាល់ នីមួយៗត្រូវប្រមូលមន្ដ្រីបច្ចេកទេស របស់ខ្លួនទៅចូលរួមប្រជុំនាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ខាងមុខ ដោយមិន ឱ្យអវត្ដមាននោះទេ ។ បញ្ហាកោះប្រជុំ ខាងលើទំនងជារឿងដែលសង្វៀនមួយ ចំនួនបានលុបចោលការប្រកួតរបស់ ខ្លួនជាបន្ដបន្ទាប់ ។ ដូច្នេះសហព័ន្ធទំនង ជាត្រូវរៀបចំផែនការថ្មីសម្រាប់ឱ្យមន្ដ្រី របស់ខ្លួនទៅបម្រើការងារតាមសង្វៀន ដែលនៅសល់ចំនួន១៤ទៀត ៕
ដោយ៖ សារីម