ខេត្តរតនគិរី៖ រថយន្តសាំយ៉ុងដឹកឈើប្រណិតប្រភេទធ្នង់ចំនួន៥០ដុំត្រូវបានកម្លាំងសមត្តកិច្ចចម្រុះបង្ក្រាបបាននៅត្រង់ចំណុចភូមិឡាប៉ូ។
រថយន្តម៉ាកសាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2I-1218 បានផ្ទុកឈើប្រណិតប្រភេទធ្នង់ចំនួន៥០ដុំ បំណងយកទៅលក់នៅឯប្រទេសវៀតណាមតាម ច្រកទ្វារអន្តជាតិអូរយ៉ាដាវ ត្រូវបានកម្លាំងចម្រុះក្រុងដាក់កុងត្រូលនៅលើដងផ្លូវជាតិលេខ៧៨ ស្តិតនៅភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង បង្ក្រាបបានកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ដោយម្ចាស់រថយន្តអះអាងថា សមត្ថកិច្ចជំរិតទារប្រាក់ច្រើនពេក។
ប្រភពពីម្ចាស់រថយន្តដែលមានឈ្មោះ ម៉ាប់ ភេទប្រុស បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩ ខែធ្នូថា ឈើប្រណិតទាំងនេះមានចំនួន៥០ដុំ ដឹកបន្តទៅឲ្យឈ្មួញវៀតណាមតាមច្រកទ្វារអន្តជាតិអូរយ៉ាដាវ ។ ប្រភពបន្តទៀតថា ម្ចាស់ឈើ ឈ្មោះ ហេង រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ជាមេឈ្មួញរកស៊ីបទល្មើសឈើជាយូរឆ្នាំមកហើយ មិនដែលចេញមុខនោះទេ ទុកឲ្យតែម្ចាស់រថយន្តចេញមុខរត់ការតាមដងផ្លូវតែប៉ុណ្ណោះ ចំណែកឯសមត្ថកិច្ចធំៗ លោក ហេង ជាអ្នកចេញមុខរត់ការ ។
សព្វថ្ងៃរថយន្ត និងឈើប្រណិតទាំងនោះត្រូវបានកម្លាំងចម្រុះអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលក្រុងបានលុង ដោយឡែកលោក ហួត បូរី អធិការនគបាលក្រុងបានលុងបានបញ្ជក់តាមទូរស័ព្ទថា ករណីនេះលោកមិនបានដឹងនោះទេ សួរទៅក្រុងទៅ ចំណែកលោកអ៊ុក សំអុល អភិបាលក្រុងបានលុងបានឲ្យដឹងតាមទូរស័ព្ទថា រឿងនេះលោកមិនបានដឹងរឿងនោះទេ «ចាំខ្ញុំសួរកូនចៅខ្ញុំសិន» ៕
ដោយ៖ អ៊ុចសាវុទ្ធ