ប្រទេសកូរ៉េខាងជើង៖ រដ្ឋាភិបាលកូរ៉េខាងជើង នៅល្ងាចថ្ងៃទី១ខែតុលា បានប្រកាសថា កិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូ រវាង គណប្រតិភូ ឯកទេស អាមេរិក និងកូរ៉េខាងជើង នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ។ នេះជាកិច្ចពិភាក្សាដោយផ្ទាល់និងលើកដំបូង ចាប់តាំងពី កិច្ចពិភាក្សា នៅប្រទេសសិង្ហបុរីកាលពីខែមិថុនាឆ្នាំ២០១៨។
កិច្ចពិភាក្សានោះធ្វើឡើង តាមការសន្យា ផ្ទាល់មាត់រវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និង ប្រធានាធិបតីដូណាលត្រាំនៅតំបន់ព្រំដែន គ្មានយោធារវាងកូរ៉េទាំងពីរ កាលពីថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៩។
រដ្ឋលេខាធិការក្រសួង ការបរទេសកូរ៉េខាងជើង លោក Choe Son Hui បានឲ្យដឹងថា៖ ប្រទេសទាំងពីរ បានសម្រេចតភ្ជាប់កិច្ចពិភាក្សា ថ្នាក់ឯកទេស នៅថ្ងៃទី៥ ខែតុលា ក្រោយកិច្ចពិភាក្សាជាបឋមនៅថ្ងៃទី៤ ខែតុលា។លោកស្រី Choe បានបន្តទៀតថា៖ លោកស្រីសង្ឃឹមថា កិច្ចពិភាក្សាថ្នាក់មន្ត្រីឯកទេស ប្រទេសទាំងពីរ នឹងជំរុញឲ្យ ទំនាក់ទំនងអាមេរិក កូរ៉េខាងជើង កាន់តែប្រសើរឡើង ។ លោកស្រីបានបន្តទៀតថា៖ ភាគីកូរ៉េខាងជើង បានត្រៀមលក្ខណៈរួចរាល់ សម្រាប់កិច្ចពិភាក្សា ជាមួយអាមេរិក ប៉ុន្តែ មិនបានបញ្ជាក់ថា កិច្ចពិភាក្សនោះ ត្រូវធ្វើឡើងនៅទីកន្លែងណានោះឡើយ។
ចំណែកក្រសួងការបរទេសអាមេរិក មិនទាន់វិភាគអ្វីជុំវិញ ព័ត៌មានខាងលើ នៅឡើយទេ ។ ក្នុងពេលជាមួយគ្នានេះ វិមានប្រធានាធិបតី កូរ៉េខាងត្បូង បានប្រកាសថា រដ្ឋាភិបាល ទីក្រុងសេអ៊ូលបានអបអរសាទរដល់ការតភ្ជាប់កិច្ចពិភាក្សាខាងលើ ហើយសង្ឃឹមថាភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុត។
កិច្ចពិភាក្សារវាងអាមេរិក និងកូរ៉េខាងជើង បានជាប់គាំងចាប់តាំងពីជំនួបពិភាក្សា កំពូលរវាង លោកត្រាំនិង គីម ជុងអ៊ុននៅទីក្រុងហាណូយ កាលពីចុងខែកុម្ភៈ មិនទទួលបានជោគជ័យ ហើយគណៈប្រតិភូអាមេរិក ដឹកនាំដោយលោកត្រាំ បានចាកចេញពីកិច្ចប្រជុំមុនពេលកំណត់។តាំងពីពេលនោះមក ភាគីទាំងពីរក៏បានផ្អាកកិច្ចពិភាក្សា ហើយ កូរ៉េខាងជើងក៏បានបន្តសាកលល្បងមីស៊ីលជាច្រើនគ្រាប់៕
ដោយ៖ មែវ សាធី