ភ្នំពេញ ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសអំពាវនាវឲ្យបងប្អូនពលរដ្ឋខ្មែរ ទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ឲ្យទទួលទាននំបញ្ចុកកាលពីពេលថ្មីៗកន្លងទៅនេះ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាសទៅកាន់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រជាជនទាំងអស់ ឲ្យត្រូវត្រៀមរៀបចំ និងធានាឱ្យបានថា មានអំបុកហូបគ្រប់ៗគ្នា នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ។
ការថ្លែងបែបនេះ នៅពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិនាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ព្រឹកមិញនេះ ។
នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរសារបង្ហោះនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា « ថ្ងៃទី ៩ វិច្ឆិកា ២០១៩ គឺកម្ពុជាហូបអំបុកទូទាំងប្រទេស» កាលពីថ្ងៃ អាទិត្យ ទី៩ ខែ មិថុនា ឆ្នាំ២០១៩ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិការមកពីគ្រប់គណបក្សនយោបាយ និងកូនក្មួយយុវជន កម្មករ កម្មការនី ចូលរួមហូបនំបញ្ចុកខ្មែរ ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និងឯកភាពជាតិ។ នៅពេលនោះសម្តេចតេជោ បានថ្លែងថានំបញ្ចុកមិនមែនជាកម្មសិទ្ធិរបស់បក្សនយោបាយណាមួយ ប៉ុន្តែជារបស់ជាតិខ្មែរទាំងមូល។
ដោយឡែក នៅព្រឹកថ្ងៃទី២ ខែតុលាឆ្នាំ ២០១៩ នេះ ក្នុងពេលមានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅសាលាប៊ែលធីនៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសយក ថ្ងៃសៅរ៍ ទី ៩ វិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ហើយបន្តដោយបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ គឺជាថ្ងៃកម្ពុជាត្រូវទទួលទានអំបុកនៅទូទាំងប្រទេស “ហូបអំបុកការពារជាតិ, សាសនា, ព្រះមហាក្សត្រ”។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រជាជនកម្ពុជា ទូទាំងប្រទេសត្រូវរៀបចំអំបុកអោយបានហូបគ្រប់ៗគ្នា នៅថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ ៕