ទំនាក់ទំនង ចិន-កោះតៃវ៉ាន់មិនដែលត្រជាក់ឡើយ កាលពីឆ្នាំ១៩៤៩ ក្រោយបរាជ័យចំពោះគណបក្សកុម្មុយនិស្ដចិន លោក Chiang Kai-shek ប្រធានបក្សមហាជន KMT បានដកហូតកងទ័ពពីចិនដីគោកឆ្ពោះទៅកាន់កោះតៃវ៉ាន់។ នៅទីនោះលោក Chiang Kai-shek បានគ្រប់គ្រងកោះតៃវ៉ាន់ ហើយថែមទាំងកោះតូចៗដែលនៅជុំវិញនោះទៀតផង។ ចំណែកភាគីសាធារណរដ្ឋប្រជាជនចិនបានប្ដេជ្ញាទាមទារយកកោះនោះមក វិញ ពេលខ្លះបានគំរាមកំហែងថាសង្គ្រាមមួយនឹងកើតឡើង ។ ពេលនោះទំនាក់ ទំនងចិននិងកោះតៃវ៉ាន់តានតឹងយ៉ាងខ្លាំងស្ទើរតែផ្ទុះសង្គ្រាម ទៅ ហើយ ។
ហេតុ ដូច្នេះ ដើម្បីទប់ទល់នឹងការវាយប្រហារជាយថាហេតុកោះតៃវ៉ាន់បានខិតខំ ពង្រឹងកម្លាំងយោធារបស់ខ្លួន។ ក្នុងអំឡុងទសវត្ស៨០ កោះតៃវ៉ាន់បានការពារខ្លួនដូចពាក្យស្លោក “សំបុកឃ្មុំ សំបុកស្រមោច” ដោយដាក់ទាហានជុំវិញកោះ ការពារមិនឱ្យភាគីខាងក្រៅណាអាចចូលមកកាន់កោះនោះបានឡើយ។ រហូតដល់ពាក់កណ្ដាលឆ្នាំ១៩៩០ កោះតៃវ៉ាន់ទើបអនុញ្ញាតឱ្យមានអ្នកទេសចរចូលទៅកាន់ទីនោះ នៅពេលដែលបានផ្លាស់ប្ដូរមករបបដឹកនាំប្រជាធិបតេយ្យវិញ ។ ប៉ុន្ដែទាំងនោះមិនមែនជាសញ្ញា បង្ហាញពីទំនាក់ទំនងកោះតៃវ៉ាន់និងចិនមានភាពល្អប្រសើរឡើយ ។
ទំនាក់ទំនងឈូងសមុទ្រទាំង២ស្ថិតក្នុងមន្ទិលសង្ស័យដដែល។ ការគំរាមកំហែងគ្នាទៅវិញទៅមកតាមរយៈបង្ហាញសមត្ថភាពយោធារប ស់ រៀងៗខ្លួន។ ជាក់ស្ដែងមុននេះ១៥ឆ្នាំ ចិនបានប្រឆាំងយ៉ាងដាច់អហង្កានូវការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីកោះតៃវ៉ាន់ ហើយពេលនោះជ័យជម្នះបានធ្លាក់មកលើលោក Huy Ly ដែលមានគោលនយោបាយទាមទារឯករាជ្យឱ្យកោះតៃវ៉ាន់ ដោយពេលនោះលោកបានសាកល្បងកាំជ្រួចមីស៊ីលជាច្រើនប្រភេទ។ រហូតមកទល់ពេលនេះ ឈូងសមុទ្រតៃវ៉ាន់នៅតែប្រកួតប្រជែងដំឡើងសាច់ដុំដាក់គ្នាលើ ផ្នែកយោធា ហើយពេលនេះកម្លាំងយោធាររបស់ចិនដីគោកមានប្រៀបជាងកោះតៃវ៉ាន់យ៉ាង ខ្លាំង ដោយសារការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើននាពេលបច្ចុប្បន្ន ហើយចិនបានចំណាយប្រាក់យ៉ាងច្រើនលើវិស័យការពារជាតិ។
ដើម្បីបង្ហាញនូវឥទ្ធិពលយោធារបស់ខ្លួន ចិនដីគោកបានបង្ហាញនូវនាវាផ្ទុកយន្ដហោះដំបូងគេរបស់ខ្លួនធ្វើ ឱ្យ ក្រសួងការពារជាតិកោះតៃវ៉ាន់ត្រូវតែផលិតកាំជ្រួចមីស៊ីលប្រភេទ ថ្មីដែលអាចបំផ្លាញនាវាផ្ទុកយន្ដហោះបានគ្រប់ពេលវេលា។ បើពិនិត្យទៅលើកម្លាំងយោធា ចិនឈានមុខលើកោះតៃវ៉ាន់យ៉ាងខ្លាំង ធ្វើឱ្យបាត់បង់ តុល្យភាពយោធាចិនដីគោកនិងកោះតៃវ៉ាន់ បង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រមុខដឹកនាំរបស់កោះតៃវ៉ាន់។ លោក Lin Wen Cheng អគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយជាតិបានប្រកាសថាដោយសារតែ មានការផ្លាស់ប្ដូរតុល្យភាពយោធានាពេលកន្លងមក កោះតៃវ៉ាន់ពិបាកក្នុងការទប់ទល់រាល់សម្ពាធយោធាពីចិនដីគោក។ ជាមួយគ្នានោះដែរ លោក Wang Jin Pyng ប្រធានរដ្ឋសភាកោះតៃវ៉ាន់ក៏បានបញ្ជាក់ថាដោយសារតែការអភិវឌ្ឍ កម្លាំងយោធារបស់ចិនដីគោកពិបាកស្មាន ទើបធ្វើឱ្យកោះតៃវ៉ាន់ពិបាកក្នុងការទប់ទល់។ ហេតុដូច្នេះ ដោយសារការព្រួយបារម្ភដល់សន្ដិសុខកោះតៃវ៉ាន់ បានធ្វើឱ្យកោះមួយនេះត្រូវតែចំណាយប្រាក់យ៉ាងច្រើនទិញ សព្វាវុធ ទំនើបៗពីអាមេរិក។ ប៉ុន្ដែការចរចាទិញសព្វាវុធនា ពេលកន្លងមកថ្មីៗរវាងកោះតៃវ៉ាន់ និងអាមេរិកបរាជ័យដោយសារទីក្រុងវ៉ាស៊ីនតោនបដិសេធមិនព្រម ផ្ដល់ យន្ដហោះចម្បាំងធ-១៦ ឱ្យទៅកោះតៃវ៉ាន់នោះឡើយ ដោយសារខ្លាចចិនដីគោកខឹងសម្បាចងគំនុំជាមួយអាមេរិក ។
ទន្ទឹម នឹងនោះចិនក៏បានរក្សាវិស័យពាណិជ្ជកម្មជាមួយកោះតៃវ៉ាន់រហូតដល់ ៤១ភាគរយ។ តាមការព្យាករណ៍ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិនដីគោកនិងកោះតៃវ៉ាន់ កាន់តែខ្លាំងជាងនេះ ក្រោយពេលភាគីទាំង២បានចុះហត្ថលេខាកាលពីឆ្នាំ២០១០ ។ ស្ដីអំពីទេសចរណ៍កោះតៃវ៉ាន់ក៏បានបើកទូលាយឱ្យពលរដ្ឋចិនដីគោក មក ទស្សនានៅកោះតៃវ៉ាន់ ។ ចាប់តាំងពីខែកក្កដា ២០០៨ មានចិនដីគោកជិត៦លាននាក់ទស្សនកិច្ចកោះតៃវ៉ាន់។ ដោយសារចំណុចនេះហើយ អ្នកវិភាគជាច្រើនយល់ឃើញថា មុននិងក្រោយចិននិងកោះតៃវ៉ាន់អាចជួបជុំគ្នា បូកបញ្ចូលគ្នា ប៉ុន្ដែជាតំបន់ស្វយ័តមានការដឹកនាំដោយរដ្ឋាភិបាល ប៉ុន្ដែស្ថិតក្នុងការគ្រប់គ្រង របស់ចិនដីគោក។ ទាំងនោះហើយដែលធ្វើឱ្យកោះតៃវ៉ាន់នៅតែអាចរក្សាបានដូចដើម ។ ដូចជាកោះហុងកុងជាដើមទោះបីស្ថិតក្នុងការគ្រប់គ្រងរបស់ រដ្ឋាភិបាលចិនប៉ុន្ដែហុងកុងដូចជាប្រទេសឯករាជ្យមួយមាន រដ្ឋាភិបាល ស្វយ័ត ដោយចិនក៏មិនអាចលូកដៃចូល បានឡើយ៕