ខេត្តឧត្តរមានជ័យ ៖ អគ្គីភ័យបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ១ខ្នង និងផ្ទះបាយ ១ខ្នង រួមនឹងទ្រព្យមួយចំនួនទៀត ដោយបន្សល់នៅតែផេះប៉ុណ្ណោះ កាលពីវេលាម៉ោង៩ យប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
គ្រោះអគ្គីភ័យបានបំផ្លាញផ្ទះប្រជាពលរដ្ឋ ដែលធ្វើអំពីឈើប្រកក្បឿងមួយខ្នងទំហំ៧ម x៩ម និងផ្ទះបាយមួយខ្នងទំហំ៦មx៧ម។ ក្នុងនោះក៏មានទ្រព្យជាច្រើន ក៏ត្រូវបានអគ្គីភ័យឆាបឆេះអស់ផងដែរ។ ដូចជាម៉ូតូ ១គ្រឿង ម៉ាស៊ីនកាត់ស្មៅ១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំ ១គ្រឿង ស្រូវ ៤បាវ អង្ករ៥០គីឡូក្រាម កង់១ គ្រែរ២ ម៉ាស៊ីនគោយន្ត១ គ្រឿង។
តាមការរៀបរាប់ពីម្ចាស់ផ្ទះឈ្មោះ តឿ ជ័យ អាយុ៥៣ឆ្នាំ ជាជនពិការ និងប្រពន្ធឈ្មោះ វេត ឡា អាយុ៥០ឆ្នាំ បានឱ្យដឹងថា នៅវេលាយប់ មុនពេលកើតហេតុប្រពន្ធរបស់គាត់ បានបង្កាត់ភ្លើងនៅ ចង្ក្រានផ្ទះបាយ ដាក់ដាំទឹកស្ងោរពោត ទុកចោល ដោយពួកគាត់បាននាំគ្នាដេកលក់បាត់ទៅ។ លុះដល់ភ្ញាក់ដឹងខ្លួនឡើង ស្រាប់តែលឺសូរសម្លេងផ្ទុះចេញពីផ្ទះបាយ ហើយពួកគាត់ ងើបមើលក៏ឃើញភ្លើងកំពុងឆាបឆេះផ្ទះបាយយ៉ាងសន្ធោសន្ធៅ នឹងបានស្រែកហៅអ្នកភូមិឱ្យជួយពន្លត់ភ្លើង តែមិនអាចពន្លត់ភ្លើងបាន ព្រោះដោយសាភ្លើងកំពុងតែឆេះ ឧបករណ៍ប្រើសាំងដូចជា ម៉ាស៊ីនកាត់ស្មៅ ម៉ូតូ ម៉ាស៊ីនបាញ់ថ្នាំ ទើបគ្មានអ្នកណាហ៊ានចូលពន្លត់ភ្លើងឡើយ សូម្បីតែរូបគាត់ទាំង ២នាក់ ប្តីប្រពន្ធ បានត្រឹមតែឈរមើលប៉ុណ្ណោះ ព្រោះសំភារៈទាំងនោះសុទ្ធតែសាំង។
បន្ទាប់យប់កើតហេតុ អាជ្ញាធរស្រុកត្រពាំងប្រាសាទ លោក នៅសំ ដារារិទ្ធ អភិបាលស្រុកត្រពាំងប្រាសាទ រួមជានឹងក្រុមការងារ ក្នុងស្រុកត្រពាំងប្រាសាទ បានយកអំណោយទៅជូនម្ចាស់ផ្ទះ នូវថវិការ១០ម៉ឺនរៀល និងអង្ករ២០០គីឡូក្រាម៕