ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរកម្សាន្តទៅកាន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ។ សម្តេចបានសប្បាយរីករាយជាមួយក្រុមគ្រួសារ ជាពិសេសជាមួយចៅប្រុស ស្រីរបស់សម្តេចតែម្តង ។
ជាមួយគ្នានេះដែរ សម្តេចតេជោហ៊ុន សែនបានកំប្លែងថា «ខ្ញុំចង់ឡើងច្រៀងផ្សាយបន្តផ្ទាល់តាមប៉ុស្តិ៍ (CNC CTN) តែខ្លាចក្មួយ ព្រាប សុវត្ថិ ខេមរៈ សេរីមន្ត ឆន សុវណ្ណរាជណុប បញ្ញរិទ្ឋ ករុណាពេជ្រ។ល។ បាត់អាជីព និង ខ្លាចដាច់ខ្សែគោរបស់ប្រជាជន» ថែមទៀតផង ។
ខាងក្រោមនេះ គឺជាសារបស់សម្តេចតេជោហ៊ុន សែន ដែលបានបង្ហោះនៅលើហ្វេសប៊ុករបស់សម្តេចកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥៖
«ម្សិលមិញ ចៅៗខ្ញុំ ពួកគេសប្បាយណាស់ តែស្ថិតក្រោមការមើលថែរបស់ឪពុកម្តាយគេ។ ភរិយាខ្ញុំទៅផ្សារ ឯខ្ញុំចុះងូតទឹកយ៉ាងសប្បាយ ដែលមានទាំងខ្មែរទាំងបរទេសមុជជាមួយគ្នា និងដើរតាមឆ្នេរសមុទ្រជាមួយគ្នា។
ប្រទេសមានសន្តិភាពគឺបែបនេះ ប្រជាជនកម្ពុជាមានសេរីភាពដើរកំសាន្តគ្រប់ទីកន្លែងដែលខ្លួនចង់ទៅ។ ទេសចរបរទេសយ៉ាងច្រើនមកកំសាននៅឆ្នេរសមុទ្រ។ ជនជាតិបារាំងមួយក្រុមស្គាល់ខ្ញុំយ៉ាងច្បាស់។ ពួកគេនិយាយមកកាន់ខ្ញុំដោយការសប្បាយ ហើយខ្ញុំក៏ស្វាគមន៍ និងប្រាប់ពួកគេថាសូមបន្តការសប្បាយ និងសូមអញ្ជើញមកលេងសារជាថ្មីទៀតនៅកម្ពុជា។
ខ្ញុំនៅមាត់សមុទ្ររហូតម៉ោង១១យប់ ជាមួយការប្រជុំតន្ត្រី និង ការតាំងលក់ទំនិញតាមស្តង់ដ៏គួរឱយចាប់ចិត្ត។
ខ្ញុំចង់ឡើងច្រៀងផ្សាយបន្តផ្ទាល់តាមប៉ុស្តិ (CNC CTN) តែខ្លាចក្មួយ ព្រាប សុវត្ថិ ខេមរះ សេរីមន្ត ឆន សុវណ្ណរាជណុប បញ្ញរិទ្ឋ ករុណាពេជ្រ។ល។ បាត់អាជីព និង ខ្លាចដាច់ខ្សែគោរបស់ប្រជាជន» ៕