លោក ឈា ប៊ុនរិទ្ធ ចុះពិនិត្យការងារបូមប្រមូលទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តកំពង់ធំ 

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៥ នេះ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បន្តចុះពិនិត្យការងារបូមប្រមូលទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តកំពង់ធំ ។

ថ្លែងនៅក្នុងពេលចុះពិនិត្យការងារ លោក ឈា ប៊ុនរិទ្ធ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នទឹកស្ទឹងសែន បាន និងកំពុងស្រកចុះកាន់តែច្រើនទៅៗ ប៉ុន្តែសកម្មភាពបូមប្រមូលទឹករបស់យើងនៅក្នុងខេត្តកំពង់ធំ នៅតែបន្តធ្វើនៅតាមតំបន់មួយចំនួនដែលយើងអាចធ្វើបាន ពិសេសតំបន់ដែលស្ថិតនៅតាមបណ្តោយដងស្ទឹងនេះតែម្តង ។

លោកបន្តថា ការងារនេះ យើងកំពុងបន្តអនុវត្តនៅលើ ១៩ ទីតាំង ក្នុងក្រុងស្រុក ចំនួន ០៤ រួមមានស្រុកកំពង់ស្វាយ ប្រាសាទសំបូរ សន្ទុក និងក្រុងស្ទឹងសែន ដោយប្រើប្រាស់ម៉ាស៊ីនបូមខ្នាតមធ្យម (៦៥សេះ) របស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត សរុបចំនួន ១៥ គ្រឿង ព្រមទាំងផ្តល់ប្រេងសម្រាប់ដំណើរការម៉ាស៊ីនខ្នាតតូចរបស់សហគមន៍ទំនប់ និងប្រជាពលរដ្ឋដែលមាននៅនឹងកន្លែងស្រាប់ ជាច្រើនគ្រឿងទៀត ។ ទន្ទឹមនឹងនោះ យើងក៏បានពិនិត្យ និងឧបត្ថម្ភប្រេងដល់ប្រជាកសិករមួយចំនួន ដែលពួកគាត់ពុំមានលទ្ធភាពទិញប្រេងសម្រាប់បូមទឹកបន្តដាក់ស្រែផងដែរ ។

លោកប្រធាននាយកដ្ឋាន បានបន្តទៀតថា បើទោះបីជាស្ថានភាពទឹកឆ្នាំនេះតូច និងទាមទារឱ្យយើងធ្វើការប្រមូលមករក្សាទុកជាបន្តបន្ទាប់ ប៉ុន្តែល្បឿននៃការងារបង្កបង្កើនផលដំណាំស្រូវប្រាំងរបស់បងប្អូនប្រជាកសិករក្នុងខេត្តនេះ គឺមានសន្ទុះប្រហាក់ប្រហែលនឹងឆ្នាំមុនផងដែរ ។

បើតាមលោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានឱ្យដឹងផងដែរថា មកដល់ពេលនេះ ប្រជាកសិករអនុវត្តការងារបង្កបង្កើនផលស្រូវប្រាំងបាន ចំនួន ៣០.០៦៣ ហិកតា ស្មើនឹងប្រមាណ ៨៤ ភាគរយ នៃផែនការដែលបានដាក់ចុះ ពោលគឺយឺតជាងឆ្នាំមុនតែ ២០៤ ហិកតា ប៉ុណ្ណោះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា។ ចំណែកស្រូវវស្សាវិញ ពុំមានបញ្ហានោះទេ ហើយប្រជាកសិករ បាន និងកំពុងប្រមូលផលបានចំនួន ១៧៧.១១៧ ហិកតា ស្មើនឹងប្រមាណ ៨៣ភាគរយ នៃផ្ទៃដីផលិតបាន ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print