រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ថាមពលដើរតួនាទីសំខាន់នៅក្នុងគាំទ្រកំណើនសេដ្ឋកិច្ច និងស្នើមន្ត្រីជំនាញគិតគូរនិងវាយតម្លៃជាយុទ្ធសាស្ត្រថាកម្ពុជាត្រូវជ្រើសរើសប្រភពថាមពលអ្វីដើម្បីប្រើប្រាស់តទៅថ្ងៃអនាគត

ចែករំលែក៖

ភ្នំពេញ៖ សិក្ខាសាលាថ្នាក់ជាតិស្ដីពី «ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តក្នុងការរៀបចំផែនការវិស័យថាមពលនៅកម្ពុជា»ត្រូវបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៩ នេះក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមានការ ចូលរួមពីលោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសនៃធនាគារជាតិអភិវឌ្ឍន៍អាស៊ីនៅកម្ពុជា ព្រមទាំងតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ជាច្រើនរូបចូលរួម។
លោក រដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា ៖ សិក្ខាសាលានេះពិតជាមានសារៈសំខាន់ចំពោះកម្ពុជាក្នុងការរៀបចំនូវគោលនយោបាយអំពីសុវត្ថិភាពថាមពល។ លោករដ្ឋមន្ត្រីបានថ្លែងថា៖«ទោះបីជាក្រសួងបរិស្ថាន ក៏ដូចជាជាក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពមិនមែនជាស្ថាប័នទទួលបន្ទុកដោយផ្ទាល់ លើថាមពលក៏ដោយ ប៉ុន្តែនេះគឺជាការចូលរួមរបស់ក្រសួងក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពក្នុងការអភិវឌ្ឍជាតិរបស់យើង»។ លោករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាបានប្តេជ្ញាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឆ្ឆ្ពោះទៅ សម្រេច ឋានៈ ជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងសម្រេច ចក្ខុ វិស័យ កម្ពុជាឆ្នាំ ២០៥០ ជា ប្រទេស អភិវឌ្ឍ តាមរយៈការ បន្ត ទ្រទ្រង់ កំណើនការងារ សមធម៌ និងប្រសិទ្ធភាព។
យុទ្ធសាស្រ្តចតុកោណ ដំណាក់ កាលទី៤ បានបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍប្រកប ដោយចីរភាព និង បរិយាប័ន្ន រួមទាំងការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបនិងការប្រែប្រួល អាកាសធាតុ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានបន្តពង្រឹងសមត្ថភាពបន្ស៊ាំនិងការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះរួមទាំងការលើក ទឹកចិត្ត និងបង្កើនការវិនិយោគ លើថាមពល ស្អាត និង ថាមពលកកើតឡើងវិញ ពិសេសថាមពល ពន្លឺព្រះអាទិត្យ ទន្ទឹមនឹងការកាត់បន្ថយ ការផលិតថាមពល ពីប្រភពមិនស្អាតដើម្បីធានាសន្តិសុខថាមពលរយៈពេលវែង។
លោករដ្ឋមន្ត្រីក៏ បានស្នើដល់មន្ត្រីជំនាញជាតិនិងអន្តរជាតិពិភាក្សានិងគិតគូរវាយតម្លៃជាយុទ្ធសាស្ត្រថាកម្ពុជាត្រូវជ្រើស រើសប្រភពថាមពលអ្វីដើម្បីប្រើប្រាស់សម្រាប់ថ្ងៃអនាគត។ លោករដ្ឋមន្ត្រីបានថ្លែងថា ថាមពល បានដើរតួនាទីសំខាន់នៅក្នុងគាំទ្រលើកំណើនសេដ្ឋកិច្ច។ លោកបានលើកឡើងថា៖«ការគូសវាសនិងគិតគូររបស់យើងនៅពេលនេះនឹងជះឥទ្ធិពលដល់មនុស្សជំនាន់ក្រោយរាប់ជំនាន់ ហើយកម្ពុជានឹងក្តាប់មកវិញនូវមោទនភាព ជាតិ គុណភាពនិងនិរន្តរភាពបរិស្ថានត្រូវបានធានា»។
លោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសនៃធនាគារជាតិអភិវឌ្ឍន៍អាស៊ីនៅកម្ពុជា មានប្រសាសន៍ថា៖ការរៀបចំសិក្ខាសាលានាថ្ងៃនេះឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តរបស់ADB ក្នុងការកាត់បន្ថយភាពក្រីក្ររបស់បណ្តាប្រទេសសមាជិកដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនិងនិរន្តភាពបរិស្ថានក្នុងតំបន់។ លោកស្រីជឿជាក់ថាមន្ត្រីជំនាញជាតិនិងអន្តរជាតិនិងផ្លាស់ប្តូរបទពិសោធក៏ ដូចជាចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមកទាក់ទងនឹងប្រធានបទ«ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តក្នុងការ រៀបចំផែនការវិស័យថាមពលនៅកម្ពុជា»។
គួរបញ្ជាក់ថាសិក្ខាសាលានេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃ៣ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ហើយត្រូវ សម្រេចបាននូវគោលបំណង នៃការលើកកម្ពស់ការ យល់ដឹង ក៏ដូចជាការៀបចំផែនការផ្សព្វផ្សាយ និងអនុវត្តការងារវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តនៅតាមវិស័យពាក់ព័ន្ធនីមួយៗ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print