លោកពូទីន សរសើរលោកត្រាំ នៅក្នុងបញ្ហាកូរ៉េខាងជើង

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានលើកឡើងថា​​ ការសម្រេចរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងការបន្តពិភាក្សាដោយផ្ទាល់ជាមួយកូរ៉េខាងជើង គឺជាជំហានប្រវត្តិសាស្ត្រ ដើម្បី​បញ្ចប់ការប្រឈមមុខតានតឹងនៅឧបទ្វីបកូរ៉េ។

លោកពូទីន​បានលើកឡើងថា « ក្រោយពេល​អាមេរិកយលព្រមពិភាក្សាជាមួយកូរ៉េខាងជើង  ទីក្រុងវ៉ាស៊ីនតោន បានឈប់ប្រើប្រាស់ពាក្យសំដី ឌឺដងថ្កោលទោស ធ្វើឲ្យប៉ះពាល់ដល់កូរ៉េខាងជើង ។​ នៅពេលនេះ​ក្តីសង្ឃឹមនៃការស្វែងរកដំណោះស្រាយ​សន្តិភាព​បាននិងកំពុងកើតមាន»។

ប្រធានាធិបតីរុស្ស៊ីបានបន្តទៀតថា ដំណើរការឆ្ពោះទៅរកការផ្សះផ្សាជាតិសាស្ត្រ ជាមួយកូរ៉េខាងត្បូង នៅមានឧបសគ្គច្រើន​ ប៉ុន្តែនៅពេលដែលទំនាក់ទំនងអាមេរិក និងកូរ៉េខាងជើងល្អប្រសើរឡើងវិញនោះ​ អ្វីគ្រប់យ៉ាងនិងប្រសើរជាមិនខាន។

លោកពូទីនបានបន្តទៀតថា  ប្រធានាធិបតីដូណាល់ ត្រាំ បានបោះជំហានទៅមុខជាប្រវត្តិសាស្ត្រលើបញ្ហាកូរ៉េខាងជើង ដោយលុបចោលរាល់ការយលច្រឡំនានា  ហើយជួបពិភាក្សាជាមួយមេដឹកនាំគីម ជុងអ៊ុន និងបន្តពិភាក្សាស្តីពីការរំសាយអាំវុធបរមាណូ ។ លោកត្រាំ និងគីម ជុងអ៊ុន បានជួបគ្នាផ្ទាល់​៣លើកមកហើយ គឺលើកទី​១ នៅសិង្ហបុរី​នាថ្ងៃទី ១២ ខែមិថុនាឆ្នាំ​២០១៨ លើកទីពីរ ថ្ងៃទី​២៨ខែកុម្ភៈឆ្នាំ​២០១៩នៅទីក្រុងហាណូយប្រទេសវៀតណាម និងលើកទី​៣ នៅតំបន់ព្រំដែនកូរ៉េទាំងពីរ កាលពីថ្ងៃទី​៣០ ខែមិថុនាឆ្នាំ​២០១៩ ។

ទោះបីកិច្ចពិភាក្សានាពេលកន្លងមក មិនទាន់នាំមកនៅលទ្ធផល្អ ប៉ុន្តែ​ ការតភ្ជាប់កិច្ចពិភាក្សាឡើងវិញ គឺជារឿងដ៏ល្អបំផុត នឹងឈានដល់កិច្ចព្រមព្រៀងក្នុងពេល​ដ៏ខ្លីខាងមុខ ។

ការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ី លោកពូទីន ចំពេលដែល  គណៈប្រតិភូពិភាក្សាស្តីពីកម្មវិធីបរមាណូ​របស់កូរ៉េខាងជើង ដឹកនាំដោយ​ លោក​ Kim Myong Gil ​កាលពីថ្ងៃទី​៣ ខែតុលា បានទៅដល់ទីក្រុង Stockholm ​ប្រទេសស៊ុយអែត​ដើម្បីពិភាក្សាជាមួយគណៈប្រតិភូអាមេរិក ស្តីពីការរំសាយបរមាណូ និង ការលុបទណ្ឌកម្មទៅលើកូរ៉េខាងជើង​។

មានប្រសាសន៍មុនពេលឡើងយន្តហោះនៅទីក្រុងប៉េកាំង ប្រទេសចិនបន្តទៅកាន់ស៊ុយអែត លោក​ Kim Myong Gil ​បានបញ្ជាក់ថា  លោកនឹងមន្ត្រីច្រើនរូបទៀត ធ្វើដំណើរទៅកាន់ប្រទេសស៊ុយអែត​ពិភាក្សាជាមួយអាមេរិក​។ សកម្មភាពខាងលើ របស់កូរ៉េខាងជើងកើតឡើង​ក្រោយពេលដែលទីក្រុងព្យុងយ៉ាងបានប្រកាស ថាបានបាញ់មីស៊ីលចេញពីនាវាមុជទឹកដោយជោគជ័យ​។
ការបាញ់សាកល្បង កាលពីថ្ងៃទី​២ ខែតុលា គឺជាសារសំខាន់ ផ្ញើរទៅកាន់អាមេរិក មុនពេលពិភាក្សាចាប់ផ្តើម ថាកូរ៉េខាងជើង​នៅតែបន្តអភិវឌ្ឍន៍សព្វាវុធ រហូតដល់ពេលណាដែលសន្តិសុខប្រទេសជាតិត្រូវបានធានា ។
តាមសារព័ត៌មាន​ស៊ុយអែត គណៈប្រតិភូកូរ៉េខាងជើង ​បានទៅដល់តំបន់​VIP​នៃអាកាសយានដ្ឋាន អន្តរជាតិ​ Arlanda ហើយបានឡើងរថយន្តបន្តដំណើរទៅកាន់ស្ថានទូតកូរ៉េខាងជើង​នៅលើកោះ​ Lidingo ។ តាមគម្រោងកិច្ចពិភាក្សានឹងត្រូវធ្វើឡើងនៅថ្ងៃទី​៥ ខែតុលាឆ្នាំ​២០១៩។

រយៈពេលកន្លងមកនេះកូរ៉េខាងជើង បានសាកល្បង មីស៊ីលជាបន្តបន្ទាប់  ហើយកាលពីថ្ងៃទី​២ ខែតុលា ទីក្រុងព្យុងយ៉ាងក៏បានបាញ់សាកល្បងមីស៊ីល ព្រមគ្នាជាមួយការប្រកាសជាផ្លូវការតភ្ជាប់កិច្ចពិភាក្សាជាមួយអាមេរិក​។
ក្រុមអ្នកវិភាគបានលើកឡើងថា ការសាកល្បងមីស៊ីលចេញពីនាវាមុជទឹកនោះ នឹងធ្វើឲ្យដំណើរការ ពិភាក្សា ជួបផលលំបាក ប៉ុន្តែ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបញ្ជាក់ថា កិច្ចចរចា​ជាមួយកូរ៉េខាងជើង នឹងដំណើរ​ការទៅមុខ ទោះបីបាញ់សាកល្បង​មី​ស៊ីល​ក៏ដោយ ។
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ បានថ្លែងថា កិច្ចពិភាក្សា​ជាមួយ​កូរ៉េខាងជើង​នឹងដំណើរការឆ្ពោះទៅមុខ គ្មានរាថយអ្វីឡើយ បើទោះបី​ការសាកល្បងមីស៊ីលផ្លោងចេញពីនាវាមុជទឹករបស់កូរ៉េខាងជើងយ៉ាងណាក៏ដោយ ។

លោកត្រាំ បានថ្លែងទៅកាន់អ្នកសារព័ត៌មាន​នៅឯសេតវិមានថា «ពួកគេចង់ពិភាក្សា យើងនឹងពិភាក្សាជាមួយពួកគេ» ។ លោកបញ្ជាក់ថាទៀតថា «យើងនឹងដឹងហើយ» ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កូរ៉េខាងជើងបាន​បាញ់សាកល្បង​មីស៊ីល​ផ្លោងចេញពីនាវាមុជទឹកប្រកបដោយជោគជ័យ ។ ការបាញ់សាកល្បងនេះ នៅក្រោយពីកូរ៉េខាងជើង​ប្រកាសថា នឹងជួបពិភាក្សា​ជាមួយអាមេរិក​ ពាក់ព័ន្ធបញ្ហា​រំសាយអាវុធនុយក្លេអ៊ែរ ហើយនិងការដកទណ្ឌកម្មអាមេរិក​ពីកូរ៉េខាងជើង ។

កិច្ចពិភាក្សា​នាពេលកន្លងមកមិនទទួលបានជោគជ័យនោះឡើយ ទាំងនៅប្រទេសសិង្ហបុរី ក៏ដូច​នៅប្រទេសវៀតណាម ហើយមេដឹកនាំអាមេរិក និងកូរ៉េខាងជើង កាលពីអំឡុងជួបគ្នា​លើកទីបី​នៅតំបន់ព្រំដែនឧបទ្វីបកូរ៉េគ្មានយោធា​នោះ បានប្តេជ្ញា​បន្តកិច្ចពិភាក្សា​គ្នាទៀត រហូតទាល់តែលទ្ធផលសម្រេចបានជាវិជ្ជមាន គឺការរំសាយអាវុធនុយក្លេអ៊ែរ​ នាំមកនូវសន្តិភាពនៅឧបទ្វីបកូរ៉េ ហើយនិងការលុបទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន​ទៅលើទីក្រុងព្យុងយ៉ាង ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print