ខេត្តក្រចេះ៖ ប្រជាពលរដ្ឋរស់នៅស្រុកឆ្លូង ខេត្តក្រចេះ សម្ដែងក្តីបារម្ភចំពោះសកម្មភាពបូមខ្សាច់តាមដងទន្លេ ក្នុងតំបន់ពួកគេរស់នៅ។ អ្នកភូមិដដែលបានលើកឡើងទៀតថា សកម្មភាពបូមខ្សាច់នេះបានកើតមានជាយូរឆ្នាំមកហើយ ចំណែកផលប៉ះពាល់កើតមានជាបន្តបន្ទាប់។ ទាក់ទងបញ្ហានេះដែរ អភិបាលស្រុកឆ្លូង លោក ហេង ស៊ីថាបញ្ជាក់ថា អាជីវកម្មទាំងនោះ ប្រហែលជាមានអាជ្ញាប័ណ្ណតាមផ្លូវច្បាប់ តែចាំមើលលោក សាកសួរមន្ទីរជំនាញសិន។
យ៉ាងណាក៏ដោយប្រជាពលរដ្ឋ ស្នើរឲ្យអាជ្ញាធរចុះផ្អាកលើទីតាំងអាជីវកម្មបូមខ្សាច់ និងម្ចាស់ដេប៉ូ ទាំងនេះហើយចុះសិក្សាពីប៉ះពាល់ឲ្យបានត្រឹមត្រូវ ហើយផ្តល់ការអនុញ្ញាតជាក្រោយ ជៀសវាងធ្វើឡើងដោយស្ងាត់ៗ។ ពលរដ្ឋលើកឡើងថា ការបូមខ្សាច់កន្លងមក គឺបណ្ដាលឲ្យមានផលប៉ះពាល់ដល់អ្នកភូមិ ដូចជាបាក់ដីច្រាំងទន្លេ ឬដីលំនៅដ្ឋានពួកគាត់រស់នៅ និងផ្លូវតាមដងទន្លេខូច ពិបាកក្នុងក្នុងការធ្វើដំណើររបស់អ្នកភូមិ ។
ពលរដ្ឋរស់នៅក្នុងស្រុកឆ្លូង ថ្លែងសុំមិនឲ្យបញ្ចេញឈ្មោះបាននិយាយថា ទីតាំងបូមខ្សាច់នៅក្នុងស្រុកឆ្លូងសព្វថ្ងៃនេះ គឺមានពីរកន្លែងធំៗ ដោយមួយកន្លែងនៅក្នុងដីអតីតរោងចាក់ក្រដាស់ និងមួយកន្លងទៀត នៅនិងមាត់ទន្លេ ក្នុងភូមិដីថ្មី ក្នុងស្រុកឆ្លូង ហើយទីតាំងទាំងនេះ គឺបានធ្វើសកម្មភាពបូមខ្សាច់នៅក្នុងតំបន់អ្នកស្រីរស់នៅ ជាងមួយឆ្នាំមកហើយ ។
ប្រភពដដែលបន្តថា បើតាមការសង្កេតរបស់ពលរដ្ឋ គឺមិនឃើញមានការសិក្សាពីផលប៉ះពាល់ មុននឹងឈានទៅឲ្យម្ចាស់អាជីវកម្មបូមខ្សាច់ពីបាតទន្លេ ឡើងមកលើគោកនោះទេ ។ ពលរដ្ឋបញ្ចាក់ថា មុននឹងធ្វើអីគេចុះមកសិក្សា ហើយគេបានហៅប្រជាពលរដ្ឋមកប្រជុំដើម្បីឲ្យគេបានដឹងថា ការបូមនេះពីត្រឹមនេះ,មកត្រឹមនេះ តែនេះអត់ គឺធ្វើឡើងស្ងាត់ៗតែម្តង ហើយឃើញតែពីបូមខ្សាច់ពីបាតទន្លេ ឡើងមកលើគោក ហើយដឹកយកទៅលក់តែម្តង ដោយមិនគិតពីផលប៉ះពាល់ដល់ពលរដ្ឋក្នុងមូលដ្ឋានឡើយ ។
ឆ្លើយតបនិងការលើកឡើងរបស់ពលរដ្ឋរស់នៅក្នុងស្រុកឆ្លូង លោក រ័ត្ន តុលា ប្រធានការិយាល័យធន់ធានរ៉ែ នៃមន្ទីររ៉ែនិងថាមពលខេត្តក្រចេះ បានឱ្យដឹងតាមទួរស័ព្ទថា ទីតាំងបូមខ្សាច់ទាំងពីរកន្លែងនោះ គឺមិនទាន់មានអាជ្ញាបណ្ឌ័នៅឡើយទេ តែម្ចាស់អាជីវកម្មបានធ្វើសំណើរឡើងទៅក្រសួងយូរហើយ តែមិនទាន់ឃើញធ្លាក់មកវិញទេ ។ លោកថា ចំណែកការបូមធ្វើអាជីវកម្មសព្វថ្ងៃនេះលោក មិនបានដឹងនោះទេ ចាំមើលលោកសួរមេសិនបានដឹងច្បាស់ ។ យ៉ាងណាក៏ដោយ មិនអាចស្វែងរកប្រភពទាក់ទងជាមួយម្ចាស់អាជីវកម្មបូមខ្សាច់ទាំងពីរកន្លែងខាងលើនេះបានទេ ដោយសារមិនមានលេខទួរស័ព្ទ ។
បន្ថែមពីលើនេះ ការធ្វើអាជីវកម្មបូមខ្សាច់បច្ចុប្បន្ន គឺមិនទាន់ប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែវានឹងអាចប៉ះពាល់នៅក្រោយ ព្រោះការបូមខ្សាច់ដោយមិនបានចុះសិក្សាពីផលប៉ះពាល់ឱ្យបានច្បាស់លាស់ គឺតែងតែបណ្តាលឱ្យបាក់ដីច្រាំងទន្លេជាបន្តបន្ទាប់ ៕
ដោយ៖ កោះទ្រុង