អាមេរិកបានចោទប្រកាន់ទៅលើរដ្ឋាភិបាលអ៊ីរ៉ង់ថាជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ទៅលើយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០២០ របស់ប្រធានាធិបតី ដូណាល់ត្រាំ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមហែកឃឺអ៊ីរ៉ង បានវាយប្រហារលួចព័ត៌មាន ពាក់ព័ន្ធការបោះឆ្នោត តែមិនបានសម្រេច។ នៅពេលនេះអាមេរិក កំពុងតែចាត់វិធានការស្រាវជ្រាវករណីខាងលើ ហើយនៅពេលដែលរកឃើញភស្តុតាងគ្រប់គ្រាន់នោះ អ៊ីរ៉ង់នឹងត្រូវប្រឈមបញ្ហាកាន់តែខ្លាំងជាមួយអាមេរិក ។
ការចោទប្រកាន់ខាងលើរបស់អាមេរិកកើតឡើង ក្រោយពេលក្រុមហ៊ុនផ្នែកទន់ របស់អាមេរិក Microsoft បានប្រកាសថា ហែកឃឺ Phosphorous បានបើកការវាយប្រហារជាង២៧០០លើក ដើម្បីកំណត់សម្គល់ អត្តសញ្ញាណគណនីអ៊ីម៉ែល របស់បុគ្គលសំខាន់ៗ ហើយវាយលុកចូល២៤១គណនី ។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី៤ ខែតុលា បានផ្សាយថា ក្រុមហ៊ុន Microsoft បានប្រកាសថា ក្រុម ហែកឃឺអ៊ីរ៉ង់ បានវាយប្រហារខាងលើ ជាប់ពាក់ព័ន្ធនិងរដ្ឋាភិបាលអ៊ីរ៉ង់ សំដៅទៅលើការបោះឆ្នោតនៅអាមេរិក។
ក្រុមហ៊ុន Microsoft បានគត់សម្គល់ឃើញថា ក្រុម Phosphorous របស់អ៊ីរ៉ង់បានធ្វើសកម្មភាពយ៉ាងច្រើន សំដៅទៅលើមន្ត្រីរដ្ឋាភិបាលអាមេរិក អ្នកសារព័ត៌មាន តាមដាននយោបាយ ក៏ដូចជាជនជាតិអ៊ីរ៉ង់ ល្បីៗ រស់នៅអាមេរិក។
តាមការលើកឡើងរបស់ក្រុមហ៊ុនMicrosoft ក្នុងរយៈពេល ៣០ថ្ងៃ កន្លងមក ក្រុមហែកឃឺ Phosphorous បានចូលទៅកាន់អ៊ីម៉ែលជិត៣ពាន់ របស់បុគ្គលសំខាន់ៗនៅអាមេរិក។ ក្រុម ហែកឃឺរបស់អ៊ីរ៉ង់ មានឈ្មោះផ្សេងទៀតដូចជា APT 35, Charming Kitten ឬ Ajax Security Team ។
ការចោទប្រកាន់ខាងលើ នឹងធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក និងអ៊ីរ៉ង់ កាន់តែតានតឹង ក្រោយពេលប្រទេសទាំងពីរប្រឈមមុខតានតឹងយ៉ាងខ្លាំងចាប់តាំងពី លោកត្រាំ ដកកិច្ចព្រមព្រៀងបរមាណូ ហើយបង្កើនការដាក់ទណ្ឌកម្ម។ ការប្រឈមមុខតានតឹងកាន់តែខ្លាំងឡើងក្រោយអាមេរិក ចោទប្រកាន់អ៊ីរ៉ង់ ជាអ្នកវាយប្រហារទៅលើទីតាំងចម្រាញ់ប្រេងរបស់ អារ៉ាប៊ី សាអូឌីត៕