ស្ថានទូតប្រទេសថៃប្រចាំនៅមីយ៉ាន់ម៉ាបានប្រកាស បិទក្នុងរយៈពេលរាប់សប្តាហ៍ដោយសារតែការធ្វើបាតុកម្មប្រឆាំងចំពោះការសម្រេចរបស់តុលាការក្នុងប្រទេសថៃ ទាក់ទងពលរដ្ឋមីយ៉ាន់ម៉ា២រូបដែលត្រូវគេរកឃើញកំហុសថាបានធ្វើឃាតលើគូស្នេហ៍អ្នកទេសចរណ៍សញ្ជាតិអង់គ្លេស២នាក់ស្ថិតនៅតំបន់ឆ្នេរសមុទ្រប្រទេសថៃនាពេលកន្លងមកនោះ ។
បាតុកម្មនេះបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសមីយ៉ាន់ម៉ា នឹងប្រទេសថៃមានការរកាំរកូសផងដែរ ។ ស្ថានកុងស៊ុលថៃអះអាងថា ខ្លួនបិទទ្វារបណ្តោះអាសន្ន មិនដឹងថា នៅពេលណាត្រូវបើកនោះទេ ដោយសារថា ការធ្វើបាតុកម្មប្រឆាំងនោះគ្មាកំណត់ត្រូវឈប់នៅពេលណានោះឡើយ ។
ជនសង្ស័យជាឃាតករសញ្ជាតិមីយ៉ាន់ម៉ា២រូប ឈ្មោះ Win Zaw Htun និង Zaw Lin ត្រូវបានផ្តន្ទាទោសអស់មួយជីវិត កាលពីសប្តាហ៍មុននេះ បន្ទាប់ពីត្រូវតុលាការថៃរកឃើញថា មានជាប់ពាក់ព័ន្ធករណីធ្វើឃាតទៅលើឈ្មោះ David Miller និងឈ្មោះ Hannah Witheridge ដែលជាភ្ញៀវទេសចរណ៍សញ្ជាតិអង់គ្លេសមកលេងកម្សាន្តនៅតាមឆ្នេរសមុទ្រក្នុងទឹកដីថៃ ។
ប៉ូលិសបានច្រានចោលចំពោះការចោទប្រកាន់ដែលថា បានបង្ខិតបង្ខំឲ្យជនសង្ស័យឆ្លើយសារភាពទទួលកំហុស ។
ប៉ុន្តែនៅមីយ៉ាន់ម៉ា ពលរដ្ឋក្នុងប្រទេសនេះបានយល់ឃើញថា វាជារឿងស្វាស៊ីបាយ លាបមាត់ពពែ ។ ជនសង្ស័យដែលជាកម្មករខុសច្បាប់មីយ៉ាន់ម៉ាទាំងពីរនាក់បានបដិសេធន៍ថា ពួកគេមិនបានសម្លាប់អ្នកទេសចរណ៍នោះឡើយ ហើយថា ពួកគេត្រូវបានបង្ខិតបង្ខំដោយប៉ូលិសថៃឲ្យឆ្លើយសារភាពទទួលកំហុងអំឡុងពេលជាប់ឃុំនោះ ។
ពលរដ្ឋមីយ៉ាន់ម៉ារាប់រយនាក់ រួមជាមួយព្រះសង្ឃពុទ្ធសាសនាផងដែរ បានចូលរួមធ្វើបាតុកម្មនៅតាមដងផ្លូវកាលពីថ្ងៃទី២៩ ខែធ្នូ តវ៉ាចំពោះការចោទប្រកាន់ខាងលើនេះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត