ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង សម្រេចសាជាថ្មី ស្តីពី “ការអនុញ្ញាតឡើងវិញនៃសកម្មភាពស្វ័យនិយោជន៍ដោយជនបរទេស ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ កាលពីថ្ងៃទី៥ ខែតុលា ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ថ្លែងថា យោងតម្រូវការកម្លាំងពលកម្មជំនាញនៃជនបរទេសក្នុងវិស័យកម្មនិងដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្នុងកម្ពុជា ក្រសួងការងារ បានអនុញ្ញាតឡើងវិញនូវគ្រប់សកម្មភាពស្វ័យនិយោជន៍ដោយជនបរទេស ។
សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី “ការកំណត់ប្រភេទមុខរបរ និងការងារដែលត្រូវហាមឃាត់សម្រាប់ជនបរទេស” ដើម្បីកំណត់មុខរបរស្វ័យនិយោជន៍ ដែលត្រូវបានហាមឃាត់ជនបរទេសក្នុងការប្រកបមុខរបរ និងធ្វើការនៅកម្ពុជា ។
នៅក្នុងសេចក្តីប្រកាស ត្រូវបានបញ្ជាក់ពីការហាមឃាត់ដូចខាងក្រោម ៖
១. អ្នកបើកបរយាន្តជំនិះគ្រប់ប្រភេទជាលក្ខណៈអាជីវកម្ម មានជាអាទិ៍ អ្នកបើកទោចក្រយានយន្ត អ្នកបើកត្រីចក្រយានយន្ត អ្នកបើកទោចក្រយានយន្តសណ្តោងរ៉ឺម៉ក អ្នកបើកម៉ូតូកង់បួន អ្នកបើករថយន្តដឹកអ្នកដំណើរនឹងដឹកទំនិញ ។
២. អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទនៅទីសាធារណៈ ។
៣. អ្នកម៉ាស្សា និងចាប់សរសៃតាមទីសាធារណៈ ។
៤. អ្នកកាត់សក់ អ៊ុតសក់ និងកែសម្ផស្ស ។
៥. អ្នកផ្តល់សេវាកម្មដេរ និងកាត់ស្បែកជើង ។
៦. អ្នកកាត់ដេរ ។
៧. អ្នកប៉ះកង់ ជាងជួសជុលយានយន្ត ។
៨. អ្នកផលិតវត្ថុអានុស្សាវរីយ៍ខ្មែរ ។
៩. អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក និងពុទ្ធរូប ។
១០. ជាងទង និងជាងច្នៃត្បូងពេជ្រ ។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងមិនផ្តល់ ឬមិនបន្តសុពលភាពបណ្ណក៏ដូចជាសៀវភៅការងារ ដល់ជនបរទេសដែលកំពុងប្រកបមុខរបរ និងការងារដូចមានកំណត់ខាងលើនេះទេ ៕