សហដ្ឋអាមេរិក៖ វិស័យកសិកម្មអាមេរិក កំពុងប្រឈមនៅបញ្ហាជាច្រើន ក្រោយពេល ចិនប្រកាសផ្អាកទិញផលិតផលកសិកម្ម មួយចំនួនពីអាមេរិក ដោយសារតែសង្គ្រាមពាណិជ្ជកម្ម។ ទាំងនោះហើយបានធ្វើឲ្យកសិករអាមេរិកប្រឈមនៅបញ្ហាជាច្រើនដោយសារតែ ផលិតផលកសិកម្មដែលខ្លួនខំដាំដុះ បាត់បង់តម្លៃ ជាបណ្តើរ។
ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់កសិករអាមេរិក លោកត្រាំបានខិតខំស្វែងរកទីផ្សារដែលមានសក្តានុពលបំផុត នៅតំបន់អាស៊ី ក្នុងនោះមានប្រទេសជប៉ុនជាដើម។ នៅពេលនេះសហរដ្ឋអាមេរិក និងជប៉ុនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ស្តីអំពីវិស័យកសិកម្ម ហើយនិងវិស័យពាណិជ្ជកម្មឌីជីថល ។
លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៧ ខែតុលា បានសាទរចំពោះកសិករអាមេរិក បន្ទាប់ពីបានប្រកាសអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយជប៉ុន ដោយលើកឡើងថា កិច្ចព្រមព្រៀងនោះ នឹងធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅនៅក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្មឌីជីថល ។
លោក ដូណាល់ ត្រាំ បានថ្លែងថា កិច្ចព្រមព្រៀងថ្មីរវាងអាមេរិក និងជប៉ុននេះ គឺជាជោគជ័យដ៏ធំធេងមួយសម្រាប់ប្រជាជាតិយើងទាំងពីរ ។ យើងស្រឡាញ់កសិករ និងស្រឡាញ់អ្នកដែលចិញ្ចឹមយើង ។ យើងបាននឹងកំពុងធ្វើការយ៉ាងខ្លាំងលើបញ្ហានេះ ។
យោងតាមកិច្ចព្រមព្រៀងថ្មីនេះ ប្រទេសជប៉ុននឹងកាត់បន្ថយពន្ធសម្រាប់ការនាំចេញកសិផលរបស់សហរដ្ឋអាមេរិកចំនួន៧ពាន់លានដុល្លារអាមេរិក រួមទាំងសាច់គោ និងសាច់ជ្រូក ការកាត់បន្ថយទិញស្រូវសាលី ឬធញ្ញជាតិដទៃទៀតជាដើម ។
ជាថ្នូរត្រឡប់វិញ សហរដ្ឋអាមេរិកយល់ព្រមកាត់បន្ថយពន្ធលើទំនិញកសិកម្មរបស់ជប៉ុនចំនួន៤០លានដុល្លារ និងបន្ថូរបន្ថយកូតា អត្រាពន្ធលើសាច់គោរបស់ប្រទេសនេះ ដែលអនុញ្ញាតឲ្យប្រទេសជប៉ុនអាចប្រកួតប្រជែងដណ្តើមចំណែកទីផ្សារអាមេរិកកាន់តែច្រើនបន្ថែមទៀត ។
ក្នុងកិច្ចព្រមព្រៀងដោយឡែក មន្ត្រីអាមេរិក និងជប៉ុនក៏បានព្រមព្រៀងគ្នាលុបចោលកាតព្វកិច្ចពន្ធលើផលិតផលឌីជីថល ដូចជាវីដេអូតន្ត្រី និងអេឡិចត្រូនិក ក៏ដូចជាដើម្បីធានាការឆ្លងដែនផងដែរ ដោយការផ្ទេរទិន្នន័យ គឺមិនមានឧបសគ្គ នោះទេ។
មន្ត្រីជប៉ុនបានថ្លែងកាលពីខែមុននេះថា ទីក្រុងវ៉ាស៊ីនតោនបានសន្យាថា នឹងមិនដាក់ពន្ធលើការនាំចេញរថយន្តរបស់ជប៉ុនទេ ដែលជាការគំរាមកំហែងរបស់លោកដូណាល់ ត្រាំនោះ។ លោក ត្រាំ តែងគំរាមកំហែងយកពន្ធនេះ លើដៃគូពាណិជ្ជកម្មធំរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៨រហូតមកម្ល៉េះ៕
ដោយ៖ មែវ សាធី